អ្នកនាង ប្រាសាទ ដាវីន Miss universe Cambodia 2024 បានធ្វើឱ្យអ្នកគាំទ្រកត់សម្គាល់ឃើញថាមានរូបថ្មីៗបែប Fashion ផ្តល់ចំណីភ្នែកឱ្យទស្សនិកជនទស្សនា ខណៈពេលវេលាចេញទៅប្រកួតកាន់តែកៀក។ ទោះយ៉ាងណា ផេកគាំទ្របវរកញ្ញាខ្លះមានការលើកឡើងដែរសន្ទុះក្នុងការគាំទ្រអ្នកនាង ប្រាសាទ ដាវីន ហាក់នៅមានកម្រិតមិនផុសផុលនោះទេ។
តាមការប្រកាសរបស់ Miss universe Cambodia 2024 នាល្ងាចថ្ងៃទី២៣ តុលា រូបនាងនឹងចេញដំណើរទៅប្រកួតនៅប្រទេសម៉ិកស៊ិក(Mexico) នាថ្ងៃទី២៧ ខែតុលា វេលាម៉ោង ៤ រសៀល នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ការធ្វើដំណើរទៅកាន់ការប្រកួតនេះគឺចំណាយពេល១ថ្ងៃកន្លះទៅ២ថ្ងៃ។ នេះបើតាមការ Live របស់ អ្នកនាង ប្រាសាទ ដាវីន។
មុននឹងចេញទៅប្រកួតតំណាប្រទេសគេសង្កេតឃើញថាចុងក្រោយនេះអ្នកនាង ប្រាសាទ ដាវីន បានបង្ហោះរូបភាព Fashion ជាច្រើនទាំងក្នុងបន្ទប់ស្ទូឌីយ៉ូ និងនៅខាងក្រៅ និងបានទៅប្រទេសវៀតណាមផងដែរ។ រូបភាពដែល Miss Universe Cambodia 2024 រូបនេះបង្ហោះគឺប្លែកៗខុសពីគ្នាគួរឱ្យចាប់អារម្មណ៍។ សម្រាប់ឈុតតំណាងជាតិវិញមានការបង្ហើបដែរថាគឺជាស្នាដៃអ្នកច្នៃម៉ូត ស្ករគ្រាប់ ដែលបានច្នៃឈុតតំណាងជាតិឱ្យបវរកញ្ញាជាច្រើនចូលរួមលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា ប្រាសាទ ដាវីន គឺជាស្ត្រីដែលជាម្តាយដំបូងគេតំណាងកម្ពុជាក្នុងឆាក Miss Universe លើកទី៧៣ នៅប្រទេសម៉ិនស៊ិក។
អ្នកនាង ប្រាសាទ ដាវីន បានតំណាងកម្ពុជាដំបូងគេប្រកួតក្នុងកម្មវិធី Universal Woman និង បានជាប់លំដាប់រងទី៤ លើទឹកដីទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមកាលពីឆ្នាំ២០២៣ ។ អ្នកនាងគឺជា ND Mister Friendship Cambodia 2023 ព្រមទាំងបានបញ្ចូន លាវ វេងហួរ ទៅប្រកួតនៅប្រទេសថៃនិងបានយកឈ្នះប្រទេសផ្សេងទៀតក្លាយជា Mister Friendship International 2023។ នៅក្នុងឆ្នាំ២០២៤មុនគ្រងតំណែង Miss Universe Cambodia 2024 អ្នកនាង ប្រាសាទ ដាវីន ដែលមានវ័យ៣៣ឆ្នាំគឺក៏ជាអ្នករៀបចំកម្មវិធី Universal Women 2024 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរនិងបានផ្សព្វផ្សាយវប្បធម៌ខ្មែរយ៉ាងទូលំទូលាយតាមរយៈបេក្ខភាពជាច្រើនរូបចូលរួមប្រកួត។
គួរបញ្ជាក់ផងថាថ្ងៃផ្តាច់ព្រ័ត្រ Miss Universe 2024 នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤។ កម្ពុជាមិនទាន់អាចបំបែកប្រវត្តិសាស្រ្តចូល TOP នៅក្នុងកម្មវិធីប្រកួតសម្រស់នេះបាននៅឡើយទេចាប់តាំងពីប្រកួតនៅឆ្នាំ២០១៧មក ខណៈ ប្រាសាទ ដាវីន អាចបំបែកកំណត់ត្រានេះបានឬយ៉ាងណាមានតែតាមដានបន្តទៀត៕










