អាហ្វ្រិក៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយ វាលខ្សាច់សាហារ៉ាគឺមិនដែលមានភ្លៀងធ្លាក់នោះទេ នេះក៏ដោយសារកត្តាបម្រែបម្រួលនៃអ័ក្សរង្វិលផែនដីមានផលប៉ះពាល់ដល់ការទទួលខ្យល់មូសុងទឹកភ្លៀង ទើបធ្វើឱ្យវាលខ្សាច់នេះប្រែក្លាយជាវាលរហោដ្ធាន ក្តៅបំផុត និងធំបំផុតនៅលើផែនដី។ ទោះជាយ៉ាងណាកាលពីពេលថ្មីៗនេះ ព្យុះភ្លៀងដ៏ធំមួយក៏បានបោកបក់មកលើតំបន់វាលខ្សាច់សាហារ៉ា បណ្តាលឱ្យជន់លិចយ៉ាងខ្លាំង ដែលនេះគឺជាបាតុភូតដ៏កម្រមួយ ដែលយើងមិនធ្លាប់បានឃើញពីមុនមកនោះទេ។
វាលខ្សាច់សាហារ៉ាត្រូវបានគេស្គាល់ថាជា វាលខ្សាច់ក្តៅបំផុត និងធំបំផុតនៅលើផែនដី ប៉ុន្តែស្រាប់តែក្លាយជាវាលខ្សាច់ដែលត្រជាក់ មានបឹងជាច្រើនលេចឡើងជុំវិញទៅវិញ។ នេះក៏ដោយសារកត្តាធម្មជាតិ ដែលធ្វើឱ្យតំបន់មួយចំនួនផ្លាស់ប្តូរឥតឈប់ឈរ។ យោងតាមរូបភាពពីផ្កាយរណបបានឱ្យដឹងថា បន្ទាប់ពីព្យុះបាននាំទឹកជំនន់ទៅកាន់ទ្វីបអាហ្រ្វិកភាគខាងជើង ដោយបានជន់លិចដីជាច្រើននៅក្នុងវាលខ្សាច់សាហារ៉ា បឹងជាច្រើនក៏បានលេចឡើងនៅតំបន់នេះតែម្តង។ .png)
កាលពីថ្ងៃទី ៧ ដល់ថ្ងៃទី ៨ ខែកញ្ញាកន្លងទៅ ព្យុះស៊ីក្លូន extratropical បានបោកបក់មកកាន់ទ្វីបអាហ្រ្វិកក្នុងប្រទេសម៉ារ៉ុក អាល់ហ្សេរី ទុយនីស៊ី និងលីប៊ី ដោយបានទម្លាក់ទឹកភ្លៀងរហូតដល់ ២០ សង់ទីម៉ែត្រនៅក្នុងតំបន់ដែលរងផលប៉ះពាល់ ស្មើនឹងទឹកភ្លៀងពេញមួយឆ្នាំក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។ ទឹកជំនន់បានបំពេញបឹងបណ្ដោះអាសន្នជាច្រើននៅសាហារ៉ា រួមទាំងបឹង Sebkha el Melah ក្នុងប្រទេសអាល់ហ្សេរី និងបឹងមួយចំនួនទៀតនៅជុំវិញ Erg Chebbi ដែលជាតំបន់រាំងស្ងួតអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ 
បច្ចុប្បន្នបឹងដែលធ្លាប់រីងស្ងួត គ្មានទឹកក្លាយជាបឹងពោរពេញទៅដោយទឹក ដែលធ្វើឱ្យប្រជាជនជាច្រើនមានភាពសប្បាយរីករាយ ព្រោះកាលពីកន្លងទៅតំបន់វាលខ្សាច់សាហារ៉ា គឺជាតំបន់ក្តៅហែង រាំងស្ងួត មិនសូវមានទឹកប្រើប្រាស់ដូចសព្វថ្ងៃនេះទេ។ ជាការពិតណាស់ ឥទ្ធិពលព្យុះមិនមែនជាគ្រោះមហន្តរាយគ្រោះថ្នាក់រហូតនោះទេ ប្រសិនបើវាបោកបក់មកលើតំបន់រាំងស្ងួត វាអាចជារឿងល្អសម្រាប់ប្រជាជននៅទីនោះ ប៉ុន្តែប្រសិនបើព្យុះបោកបក់មកលើតំបន់អភិវឌ្ឍមានការរីកចម្រើន វាអាចបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសដែលជឿនលឿន៕










