ពងក្រួចកូន ជាម្ហូបដ៏ពេញនិយមបំផុតមួយនៅរយៈពេលប៉ុន្មានសប្តាហ៍នេះ ដែលជាធម្មតាតម្លៃ១គ្រាប់ ៥០០រៀល ប៉ុន្តែបច្ចុប្បន្នឡើដល់៧០០រៀល និងកន្លែងខ្លះ១០០០រៀលក្នុង១គ្រាប់។
ដោយមានអ្នកនិយមច្រើន និងមានតម្រូវការទីផ្សារខ្ពស់ បានបង្កឱ្យមានការលេចឮពាក្យចចាមអារាម្យ ដោយថាមានការចរាចរលក់ពងក្រួចជ័រនៅលើទីផ្សារ និងបានដាក់ពាក្យបណ្តឹង តាមរយៈគេហទំព័រហ្វេសបុកទៅកាន់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។
ពាក់ព័ន្ធនឹងករណីនេះ មន្ត្រីជំនាញសាខានៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់រាជធានីភ្នំពេញ បានសហការ ជាមួយផ្សារចាក់អង្រែ ដោយចុះត្រួតពិនិត្យ កន្លែងលក់ ពងមាន់ ពងទា ពងក្រួច មួយកន្លែង ដែលបានដាក់ពាក្យបណ្តឹងនោះ ថាមានការចរាចរលក់ ពងមាន់ ពងទា ពងក្រួច ដែលដាក់សារធាតុគីមី និងជាពងជ័រ។
តាមលទ្ធផលនៃការត្រួតពិនិត្យជាក់ស្តែង មន្ត្រីជំនាញបានពិនិត្យ និងសន្និដ្ធានឃើញថា មិនមានពងមាន់ ពងទា ដែលដាក់សារធាតុគីមី ឬពងមាន់ធ្វើពីផ្លាស្ទិច ជ័រ ដូចពាក្យចចាមអារាម្យនោះទេ៕










