វាបានក្លាយទៅជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍មួយនៅលើបណ្តាញសង្គមចំពោះពាក្យសម្តីរបស់ តាប៊ុយ និយាយដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹង។ រឿងនេះបានជំរុញចិត្តឱ្យពិធីករ យ៉ារ៉ូ មិនអាចនៅស្ងៀមដាក់ផាំងៗទៅ តាប៊ុយ ដែលនិយាយដាក់មិត្តល្អរបស់ខ្លួនមិនចេះគិតមុខក្រោយយ៉ាងនេះ។ លើសពីនេះភរិយាពិធីករ ជា វណ្ណារិទ្ធ ថែមទាំងអង្វរ តាប៊ុយ មិនឱ្យចូលរួមកម្មវិធីមង្គលរបស់ កុសុម៉ា ថែមទៀត។
វី យ៉ារ៉ូ បានសរសេរនៅលើបណ្តាញសង្គមថា «លេងសើចក្នុងបណ្តាញសង្គមសម័យ២០២៤បែបអ្នកចេះដឹងបានទេ? បុគ្គលល្បីមួយរូបដែរ ម៉េចចឹង? ទ្រាំលែងបានលូវហើយប៉ះ best friend ខ្ញុំផង»។ ពិធីកររូបនេះបានបង្ហោះសំណេរមួយទៀតថា «អាងតែខុសសូមទោស ខុសសូមទោសមួយដង? បើមួយដងមិនអីទេ ខុសហើយកែ ប៉ុន្តែច្រើនដងនៅតែធ្វើរឿងដដែលៗជាអ្វីវិញ? យកលេសសូមទោសមកដដែលៗ? លេសឬជាអ្វី? បង្ហាញខ្លួនឯងជាមនុស្សបែបណា? ចេតនាអ្វីឱ្យប្រាកដ? ស្មោះត្រង់ជាមួយខ្លួនឯងមើលថា ជាអ្វី? សម័យនេះហើយ ខុសត្រូវសខ្មៅលាក់បាំងមិនបានឡើយ»។
ងាកទៅកាន់ សុជាតា ដែលជាមនុស្សជំនិត កុសុម៉ា ចាត់ទុកគ្នាជាបងប្អូនបានលើកឡើងដែរថា «យកបងស្រីខ្ញុំធ្វើទីផ្សារ ម្តងជាពីរដងខ្ញុំមិនថាមិនប្រតិកម្មអ្វីនោះទេ តែនេះលើសពេកក្នុងនាមបងជាបងប្រុសដែលបងស្រីខ្ញុំគោរពឱ្យតម្លៃ តែបងដូចមិនដែលឱ្យតម្លៃបងស្រីខ្ញុំសូម្បីបន្តិច បងចង់លេងសើចតែបងលេងបែបមើលងាយនិងមិនឱ្យតម្លៃទៅលើបងស្រីខ្ញុំនិងបងថ្លៃខ្ញុំខ្លាំង ខ្ញុំគិតថាបងគួរតែកែការលេងសើចដែលមិនសូវបានគិតវែងឆ្ងាយរបស់បងនេះចោលទៅ ព្រោះប្អូនមិនចង់ឱ្យមនុស្សគ្រប់គ្នាគេកាន់តែស្អប់បងច្រើនជាងនេះទេបង»។ ចំណែកឯទៅកាន់ភរិយាពិធីករ ជា វណ្ណារិទ្ធ វិញដោយសារសម្តី តាប៊ុយ និយាយត្រង់មិនចេះបញ្ឆិតបញ្ឆៀងអ្នកនាងថែមទាំងអង្វរកុំឱ្យ តាប៊ុយ ទៅថ្ងៃមង្គល របស់ សុភ័ក្រ កុសុម៉ា ។
គួរបញ្ជាក់ថា តាប៊ុយ បាននិយាយលេងសើចដាក់ សុភ័ក្រ កុសុម៉ា និងគូដណ្តឹងថា កូនកំលោះសន្សំលុយមិនគ្រប់តែកូនក្រមុំថែមលុយការប្តី។ ពាក្យសម្តីនេះបានធ្វើឱ្យ កុសុម៉ា ប្រតិកម្មលេងសើចបែបមិនឱ្យតម្លៃនាងនិងអនាគតស្វាមី។ ផ្ទុះប្រតិកម្មបែបនេះ តាប៊ុយ បានចេញមកសូមទោសដោយនិយាយថាខ្លួនជាមនុស្សត្រង់មិនចេះនិយាយបញ្ឆិតបញ្ឆៀង ដែលធ្វើឱ្យស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន៕










