អ្នកដំណើរមួយចំនួនមានចម្ងល់ថា តើពួកគេអាចពាក់ស្បែកជើងផ្ទាត់ឡើងជិះយន្តហោះបានដែរឬទេ? រីឯអ្នកដំណើរខ្លះទៀតថា ក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ការពាក់ស្បែកជើងផ្ទាត់របស់អ្នកដំណើរទេ ប៉ុន្តែហេតុអ្វីពុំគួរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះ? បុគ្គលិកអាកាសចរណ៍ម្នាក់ក៏បានបកស្រាយពីចម្ងល់ទាំងនេះ ដើម្បីឱ្យអ្នកដំណើរបានជ្រាប ។
ក្រុមហ៊ុនអាកាសចរណ៍បរទេសភាគច្រើនពុំបានហាមឃាត់អ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះទេ ដោយក្រុមហ៊ុនទាំងនេះបានកំណត់លក្ខខណ្ឌការស្លៀកពាក់ចំពោះតែបុគ្គលិកអាកាសចរណ៍បម្រើការលើយន្តហោះប៉ុណ្ណោះ ។ ប៉ុន្តែអ្នកដំណើរទូទៅដែលពាក់ស្បែកជើងផ្ទាត់ជិះយន្តហោះអាចមើលទៅមិនសមរម្យ និងគ្មានសុវត្ថិភាព ។
ចំណុចល្អរបស់ស្បែកជើងផ្ទាត់ គឺងាយស្រួលពាក់ និងមិនចង្អៀត ។ អ្នកខ្លះបានធ្វើដំណើរតាមយន្តហោះឆ្លងប្រទេសរយៈពេលជាច្រើនម៉ោង ហើយពួកគេចង់សម្រាកលើយន្តហោះឱ្យបានស្រួល ទើបពាក់ស្បែកជើងផ្ទាត់ ហើយងាយស្រួលដោះចេញពេលចង់សម្រាកលើកៅអី ។ ប៉ុន្តែបុគ្គលិកអាកាសចរណ៍ម្នាក់និយាយថា វាមិនសមរម្យយ៉ាងខ្លាំង បើអ្នកដំណើរពាក់ស្បែកជើងផ្ទាត់ជិះហោះ ។
បុគ្គលិកអាកាសចរណ៍រូបនេះប្រាប់ថា ក្រៅពីស្បែកជើងផ្ទាត់បានធ្វើឱ្យអ្នករួមដំណើរលើយន្តហោះស្អុយក្លិនជើង គឺការពាក់ ឬដោះស្បែកជើងផ្ទាត់នៅលើយន្តហោះ នឹងធ្វើឱ្យអ្នកដំណើរមានគ្រោះថ្នាក់ផងដែរ ពេលយន្តហោះជួបហេតុការណ៍អាសន្ន បើទោះជាក្រុមហ៊ុនអាកាសចរណ៍ពុំបានហាមឃាត់ក្តី ។
បុគ្គលិកអាកាសចរណ៍រូបនេះបញ្ជាក់ថា ពេលមានហេតុការណ៍អាសន្នកើតឡើង ឬការប៉ះទង្គិចអ្វីមួយ នឹងមានកំទេចកំទីផ្សេងៗនៅបរិវេណខាងក្នុង និងក្រៅយន្តហោះ ។ ហេតុនេះ បើអ្នកដំណើរពុំបានពាក់ស្រោមជើង និងស្បែកជើងការពារជើងត្រឹមត្រូវទេនោះ វត្ថុស្រួចផ្សេងៗនឹងមុតជើងអ្នកដំណើរ ហើយធ្វើឱ្យពិបាកបម្លាស់ទី ឬពិបាករត់គេចពីកន្លែងគ្រោះថ្នាក់ ។.png)
អ្នកដំណើរអាចស្រមៃថា បើពាក់ស្បែកជើងផ្ទាត់រត់គេចពីកន្លែងគ្រោះថ្នាក់នៅលើផ្លូវដែលសម្បូរដោយកំទេចកញ្ចក់, ភ្លើងឆេះ និងលោហៈស្រួចៗ គឺវាដូចគ្នានឹងភាពយន្តសង្គ្រាមដែរ ប៉ុន្តែស្ថានការណ៍ជាក់ស្តែង គឺលំបាកជាងនេះទៅទៀត ។ គ្មានអ្នកណាចង់ជួបហេតុការណ៍បែបនេះទេ ប៉ុន្តែបើវាកើតឡើងនៅថ្ងៃណាមួយ គឺយើងពុំចង់ឱ្យស្ថានការណ៍កាន់តែអាក្រក់ដោយសារការពាក់ស្បែកជើងមិនត្រឹមត្រូវ ។
ការលើកឡើងរបស់បុគ្គលិកអាកាសចរណ៍ គឺស្របគ្នានឹងការលើកឡើងរបស់លោកស្រី Christine Negroni អ្នកជំនាញផ្នែកគ្រោះមហន្តរាយលើអាកាសដែរ ដោយលោកស្រីនិយាយថា អ្នកដំណើរគួរតែពាក់ស្បែកជើងឡើងយន្តហោះ និងពាក់ពេលយន្តហោះចុះឱ្យបានត្រឹមត្រូវ បើទោះក្រុមហ៊ុនអាកាសចរណ៍នានាពុំបានហាមឃាត់ក្តី ។.png)
លោកស្រី Christine និយាយថា ៖ «បើអ្នកដំណើរត្រូវរត់គេចពីយន្តហោះ ហើយនៅលើផ្លូវដើរអាចក្តៅខ្លាំង, ត្រជាក់ខ្លាំង, មានប្រេងឥន្ធនៈ និងមានគំនរភ្លើង គឺខ្ញុំជឿថា អ្នកដំណើរនឹងពុំចង់មុតជើង ឬមានរបួសស្នាមជើងទេ» ។
ហេតុនេះ បើលោកអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយ ឬធ្វើដំណើរឆ្លងប្រទេសដោយការជិះយន្តហោះរាប់ម៉ោង លោកអ្នកគួរតែពាក់ស្បែកជើងឱ្យត្រឹមត្រូវដើម្បីអាចការពារជើងពេលមានហេតុការណ៍អាក្រក់កើតឡើង ៕










