សហរដ្ឋអាមេរិក ៖ ក្រោយពីការពន្យារពេលជាច្រើនលើករួចមក នៅទីបំផុត លោក Elon Musk នាយកក្រុមហ៊ុន Tesla បានបង្ហាញគំរូរថយន្ត «Tesla Cybercab» ឬ «Robotaxi» ដែលអាចបើកបរដោយស្វ័យប្រវត្តិ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ចំនួនជាង២០គ្រឿងជាផ្លូវការ ។ រថយន្តនេះត្រូវបានបង្ហាញក្នុងកម្មវិធីឈ្មោះ «We, Robot» នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ។.png)
កន្លងមក ក្រុមហ៊ុន Tesla បានផលិតរថយន្ត Robotaxi បើកបរដោយស្វ័យប្រវត្តិសម្រាប់ដឹកជញ្ជូនអ្នកដំណើរ ដោយពុំចាំបាច់មានអ្នកបើកបរ, គ្មានចង្កូត និងគ្មានឈ្នាន់សម្រាប់ជាន់ហ្វ្រាំង ព្រមទាំងរចនាទ្វារអាចបើកទៅផ្នែកខាងលើបាន ។ ក្រោយមក ក្រុមហ៊ុនក៏ប្រែក្លាយវាជារថយន្ត Tesla Cybercab នាពេលបច្ចុប្បន្ន ។ .png)
លោក Elon Musk បានបង្ហាញពីប្រសិទ្ធភាពនៃការបើកបររបស់រថយន្ត Tesla Cybercab ប៉ុន្តែលោកពុំបានលើកឡើងពីការប្រើប្រាស់ប្រព័ន្ធបើកបរស្វ័យប្រវត្តិក្នុងរថយន្ត Tesla គឺប្រព័ន្ធ FSD ទេ ពីព្រោះប្រព័ន្ធនេះតម្រូវឱ្យមានអ្នកបើកបរអង្គុយក្នុងរថយន្តជានិច្ច ។ រីឯការសាកថ្មរថយន្តវិញ លោកនិយាយថា វាជាការសាកថ្មគ្មានខ្សែ (ឬ Inductive Charging) គឺពុំចាំបាច់បាច់ដោតខ្សែដូចមុនទេ ។.png)
ក្រៅពីនេះ លោក Elon Musk បាននិយាយពីការប្រើប្រាស់រថយន្ត Tesla Cybercab ថា ប្រព័ន្ធ AI នឹងជួយដល់ការបើកបររថយន្តនៅតាមផ្លូវដែលមានលក្ខណៈខុសៗគ្នា ហើយវាមានសុវត្ថិភាពជាងមុន ។ លោកបញ្ជាក់ថា វាមានសុវត្ថិភាពជាមនុស្សបើក ចាប់ពី១០ដង ទៅ២០ដងឯណោះ រីឯការចំណាយក្នុងការធ្វើដំណើរវិញមានតម្លៃថោកខ្លាំងណាស់ គឺស្មើនឹងការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ ។.png)
លើសពីនេះ មនុស្សគ្រប់រូបអាចធ្វើជាម្ចាស់រថយន្ត Tesla Cybercab បាន ដោយក្រុមហ៊ុននឹងលក់រថយន្ត១គ្រឿង ក្នុងតម្លៃត្រឹមតែ៣ម៉ឺនដុល្លារអាមេរិកប៉ុណ្ណោះ ។ លោករំពឹងថា នឹងចាប់ផ្តើមផលិតរថយន្តប្រភេទនេះ ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៧ ។
ការលេចរូបរាងរថយន្ត Tesla Cybercab បង្ហាញថា លោក Elon Musk បានចាប់អារម្មណ៍លើអាជីវកម្មផ្សេងទៀតក្រៅពីរថយន្តអគ្គិសនី ជាពិសេស លោកចាប់អារម្មណ៍មនុស្សយន្ត និងបច្ចេកវិទ្យា AI ។ ហេតុនេះ រថយន្ត Tesla Cybercab គ្រាន់តែជាចំណុចចាប់ផ្តើមមួយដែលពុំអាចសន្និដ្ឋានបានថា តើនឹងទទួលបានជោគជ័យដែរឬអត់?
កន្លងមក ក្រុមហ៊ុនអាមេរិកឈ្មោះ Waymo និង Cruise បានសាកល្បងរថយន្តបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវ ព្រមទាំងសាកល្បងរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិផងដែរ ប៉ុន្តែមានបញ្ហាផ្សេងៗកើតឡើង ។ ហេតុនេះ យើងនឹងរង់ចាំមើលថា តើរថយន្ត Tesla Cybercab នឹងមានបញ្ហាអ្វីខ្លះពេលអតិថិជនប្រើប្រាស់តាមផ្លូវជាក់ស្តែង ៕










