ស្របពេលដែលអ្នកលេងបណ្តាញសង្គមទាំងពីរប្រទេសគឺខ្មែរនិងថៃតឹងសរសៃកដាក់គ្នាជុំវិញបញ្ហាចម្រូងចម្រាសកម្មវិធីប្រកួតបវរកញ្ញា ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ បានចេញសេចក្តីថ្លែងការណ៍រួមជាមួយនឹងការស្នើសុំចំនួន៣ចំណុចដើម្បីជៀសវាងបញ្ហាកាន់តែធ្ងន់ធ្ងររវាងប្រទេសទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1TDDy-oSVA_McfmHFSsbCYEU5VcrnWebs5pp7QWUJyr88sIifI58MxjiWBN6pRXiYDRJZCLcsiEq7_ns6GOSCEotafbiDW6Bn7wxt_oSAuU6ZyGyxPNpXD-1VE5rKMY9Km8CoTZMBBQZuQPcbMJs87jKU6QY7UZfgaiTxmbiot6d8V5MBt4swi_V2JjRF/s2048/image_2024-10-11_14-19-52.png

នៅថ្ងៃទី១១ ខែតុលា ទំព័រហ្វេកប៊ុក ក្លិបអ្នកកាសែតកម្ពុជា បានបង្ហោះសេចក្តីថ្លែងការណ៍ចំនួនពីរសន្លឹកទាំងភាសាខ្មែរនិងភាសាអង់គ្លេស ដោយក្នុងសេចក្តីថ្លែងការណ៍នោះមានខ្លឹមសារថា ក្លិបអ្នកកាសែតកម្ពុជា ហៅកាត់ថា (ក.អ.ក) និងសមាគមអ្នកកាសែតថៃហៅកាត់ថា (ស.អ.ថ) បានសង្កេតឃើញថានាពេលថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមបានផលិត ផ្សព្វផ្សាយ និងចែកចាយព័ត៌មានពីព្រឹត្តិការណ៍ប្រលងបវរកញ្ញា និងភាពតានតឹង រវាងក្រុមហ៊ុន Miss Grand International Public Company Limited មានទីស្នាក់ការនៅប្រទេសថៃ និង Miss Grand Cambodia ដែលព័ត៌មានទាំងនោះបានរីករាលដាលយ៉ាងច្រើននៅក្នុងប្រទេសទាំងពីរ។ ក.អ.ក និង ស.អ.ថ មានការព្រួយបារម្ភអំពីការបន្តផ្សព្វផ្សាយមួយចំនួនដែលអាចនឹងឈានដល់ជម្លោះកាន់តែធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL8HRz5Fk6vyVG7Hi01-1cdtlHbYEyOgoZuhec6Sci7y9P7fXhyOTwu5pDAg9zwnwTfd4VOBcY6EdNDPK5QLjb2Fh-sv4JaCyvCuDTYwLlC5hDjFgqtbre1DILIS6YRy5T2s8fS53flALrYu7cGalqJjtbnzxWDP7j4EOfjt5hxSEIYXsFuRZw2FGPvDpU/s2048/image_2024-10-11_14-19-54.png

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយ ថ្នាក់ដឹកនាំនៃ ក.អ.ក និង ស.អ.ថ បានបើកកិច្ចប្រជុំបន្ទាន់មួយតាម អនឡាញ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដើម្បីផ្លាស់ប្តូរព័ត៌មានអំពីហេតុការណ៍ខាងលើ និងស្នើនូវសំណូមពរមួយចំនួនដូចខាងក្រោម៖
១. សំណូមពរឱ្យក្រុមហ៊ុនឯកជនទាំងពីរដោះស្រាយវិវាទរបស់ខ្លួនឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកុំឱ្យ
ស្ថានការណ៍កាន់តែរីកធំ។
២. សូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសទាំងពីរគួរមានការប្រុងប្រយ័ត្ន ហើយមិនគួរប្រើជម្លោះរវាងក្រុម
ហ៊ុនឯកជនទាំងពីរ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬក្រុមហ៊ុនផ្សព្វផ្សាយរបស់ខ្លួនឡើយ។
៣. ក.អ.ក និង ស.អ.ថ ក៏សូមអំពាវនាវដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងប្រទេសទាំងពីរ មុនពេលចែករំលែកព័ត៌មានទាក់ទងនឹងជម្លោះខាងលើមេត្តាពិចារណាអំពីផលវិបាកដែលអាចកើតមានដោយសារតែការចែកចាយព័ត៌មាននោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOJVEZyNnGDY2KTjVhVWA5JPz-Jfas0YJmxwQ1zZGq6K1Le5Y2U12vD5iYNuqXwdbOczWbDMjVwg7LSmeFE2pB9w_5hbXnquZxglf_GJNaYgBGHlqVM3-BWVBPbGc_oxbx_eAqlNxtldaMchsQvXpD8lW6Ht-Lak6wucFPEzB0TR-kVAmcYLbpURPumX3I/s2048/image_2024-10-11_14-16-29.png

ក្នុងនោះដែរ ក្លិបអ្នកកាសែតកម្ពុជានិងសមាគមអ្នកកាសែតថៃ សង្ឃឹមថា វិវាទដែលកំពុងកើតមានរវាងក្រុមហ៊ុនឯកជនទាំងពីរនឹងត្រូវបានដោះស្រាយឱ្យបានលឿនតាមដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយហានិភ័យនៃស្ថានភាពដែលមិននឹកស្មានដល់ដែលអាចជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងប្រជាពលរដ្ឋ និងប្រទេសយើងទាំងពីរ៕