នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានដាក់ឱ្យប្រើប្រាស់ស្ថានីយបូមទឹកស្វាយប៉ាក ដើម្បីកាត់បន្ថយការជន់លិចនៅភាគខាងជើងរាជធានីភ្នំពេញ។
ការដាក់ឱ្យដំណើរការម៉ូទ័រខ្នាតធំថ្មីបន្ថែមចំនួន២គ្រឿង ដែលមានអង្កត់ផ្ចិតទំហំ១ម៉ែត្រ នៅស្ថានីយបូមទឹកស្វាយប៉ាក ក៏ព្រោះតែជាងមួយសប្តាហ៍នេះ មានករណីព្យុះភ្លៀង បោកបក់តំបន់ជាច្រើននៅរាជធានីភ្នំពេញ បណ្តាលឱ្យមានការលិចលង់ជាខ្លាំង។
គួរបញ្ជាក់ផងដែរថា ការសាងសង់ស្ថានីយបូមទឹកថ្មីស្វាយប៉ាក សម្រេចបាន៩៦% និងសាងសង់ស្ថានីយបូមទឹកបន្ថែម សម្រេចបាន២៥% ដែលគម្រោងទាំង២នេះនឹងមានសមត្ថភាពបូមទឹកបន្ថែមសរុប នឹងកើនដល់៣៥ម៉ែត្រគូបក្នុង១វិនាទី ដែលនឹងកាត់បន្ថយទឹកលិចនៅតំបន់ភូមិសាស្ត្រខាងជើងរាជធានីភ្នំពេញ៕










