ប្រទេសឥណ្ឌា ៖ ជាទូទៅ យើងធ្លាប់តែឮថា កូនកំលោះជាអ្នកប្រគល់ថ្លៃបណ្ណាការឱ្យកូនក្រមុំ ហើយការប្រគល់តិច ឬច្រើន គឺអាស្រ័យលើការឯកភាពគ្នារវាងភាគីទាំងសងខាង ។ រីឯក្រុមគ្រួសារខ្លះក៏យោគយល់គ្នា និងមើលតាមសមត្ថភាពផងដែរ ចំណុចសំខាន់ គឺពួកគេចង់ឱ្យគូស្វាមី-ភរិយាថ្មីថ្មោងរស់នៅជាមួយគ្នាមានសេចក្តីសុខ និងសុភមង្គល ប៉ុន្តែនៅប្រទេសឥណ្ឌាខុសប្លែកពីនេះ ។
មុនពេលរៀបចំពិធីអាពាហ៍ពិពាហ៍ ខាងកូនក្រមុំឥណ្ឌា គឺជាអ្នកប្រគល់ថ្លៃបណ្ណាការទៅឱ្យខាងកូនកំលោះ ។ ក្រោយរៀបអាពាហ៍ពិពាហ៍រួច កូនក្រមុំរៀបចំអីវ៉ាន់ទៅរស់នៅផ្ទះកូនកំលោះ ហើយកូនកំលោះនឹងយកប្រាក់ថ្លៃបណ្ណាការពីកូនក្រមុំនេះទុកចំណាយផ្សេងៗក្នុងផ្ទះ ។ គ្រួសារខាងកូនកំលោះភាគច្រើនសង្ឃឹមថា ខាងស្រីនឹងប្រគល់ថ្លៃបណ្ណាការច្រើន ឬសម្លៀកបំពាក់ ឬមាសពេជ្រឱ្យពួកគេ ដើម្បីឱ្យកូនកំលោះយល់ព្រមរៀបអាពាហ៍ពិពាហ៍ ។
ការតម្រូវឱ្យកូនក្រមុំនៅឥណ្ឌាប្រគល់ថ្លៃបណ្ណាការទៅឱ្យកូនកំលោះ គឺជាការគោរពប្រពៃណីតាំងពីយូរមកហើយ និងធ្វើតាមប្រព័ន្ធឈ្មោះថា «Dowry» ឬថ្លៃបណ្ណាការជាមាសរបស់វប្បធម៌ប្រទេសមួយចំនួននៅទ្វីបអាស៊ី ។ មូលហេតុសំខាន់ដែលឥណ្ឌាគោរពប្រពៃណីនេះ គឺកើតឡើងដោយសារកូនក្រមុំត្រូវទៅរស់នៅផ្ទះខាងស្វាមី ហើយគ្រួសារខាងស្វាមីនឹងទទួលខុសត្រូវលើការចាយវាយទាំងអស់ក្នុងផ្ទះ ។
.png)
ហេតុនេះ ថ្លៃបណ្ណាការដែលកូនក្រមុំប្រគល់ឱ្យកូនកំលោះ គឺសម្រាប់ទុកឱ្យកូនកំលោះចំណាយមើលថែកូនក្រមុំជារៀងរហូត ។ បើទោះបច្ចុប្បន្ន ស្ត្រីឥណ្ឌាបានធ្វើការនៅក្រៅផ្ទះ និងទទួលបានប្រាក់ខែស្មើបុរសក្តី ប៉ុន្តែប្រពៃណីនេះនៅតែពុំផ្លាស់ប្តូរ ។ ប្រពៃណីប្រគល់ថ្លៃបណ្ណាការឱ្យកូនកំលោះបានអនុវត្តអស់ជាច្រើនសតវត្សមកហើយ និងពិបាកបោះបង់ចោល បើទោះរដ្ឋាភិបាលឥណ្ឌាបង្កើតច្បាប់ហាមស្ត្រីបង់ថ្លៃបណ្ណាការតាំងពីឆ្នាំ១៩៦១ ក្តី ប៉ុន្តែពលរដ្ឋឥណ្ឌាភាគច្រើននៅតែប្រកាន់ខ្ជាប់រហូតមក ។

ការប្រគល់ថ្លៃបណ្ណាការឱ្យកូនកំលោះ ក៏ជួបបញ្ហាជាច្រើនផងដែរក្នុងសង្គម ដូចជា ៖ អំពើហិង្សាក្នុងគ្រួសារ, ការកៀបសង្កត់ផ្លូវភេទ និងការសម្លាប់ពាក់ព័ន្ធនឹងថ្លៃបណ្ណាការ ។ ករណីជាច្រើនបានកើតឡើង គឺស្វាមី ឬគ្រួសារខាងស្វាមីបានទាមទារថ្លៃបណ្ណាការច្រើនហួសពីសមត្ថភាពកូនក្រមុំ ហើយក៏មានបញ្ហាហិរញ្ញវត្ថុ, ជម្លោះ,អំពើហិង្សា ឬបោះបង់ប្រពន្ធ ។
ការស្រាវជ្រាវបង្ហាញថា បើទោះរដ្ឋាភិបាលហាមបង្កើតច្បាប់ហាមស្ត្រីបង់ថ្លៃបណ្ណាការអស់រយៈពេលជាង៦០ឆ្នាំក្តី ប៉ុន្តែការរៀបអាពាហ៍ពិពាហ៍រហូតដល់៩០% នៅឥណ្ឌានៅតែតម្រូវឱ្យស្ត្រីបង់ថ្លៃបណ្ណាការជានិច្ច ។ ពេលរៀបអាពាហ៍ពិពាហ៍ម្តងៗ គ្រួសារខាងស្រីត្រូវខ្ចីប្រាក់យ៉ាងច្រើន ឬលក់ដីធ្លី ឬលក់ផ្ទះ ដើម្បីបានថ្លៃបណ្ណាការឱ្យខាងប្រុស ។ បើទោះខាងស្រីចំណាយប្រាក់យ៉ាងច្រើនក្តី ប៉ុន្តែគ្មានអ្វីធានាថា កូនក្រមុំនឹងរស់នៅផ្ទះខាងប្រុសមានសេចក្តីសុខទេ ។
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិឧក្រិដ្ឋកម្មបង្ហាញថា ស្ត្រីចំនួន៣៥.៤៩៣នាក់ ត្រូវបានគេសម្លាប់នៅប្រទេសឥណ្ឌា ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ឬស្មើប្រមាណ២០នាក់ក្នុង១ថ្ងៃ ដោយសារបង់ថ្លៃបណ្ណាការតិចពេក ៕










