ស្តេ្រសគិតអីមិនចេញ តានតឹងក្នុងចិត្ត អាចសាកល្បងវិធីទាំងនេះបាន ធានាថាអ្នកនឹងសប្បាយចិត្តឡើងវិញ លែងស្មុគស្មាញដូចមុនទៀតហើយ។ ប៉ុន្តែមុននឹងយើងទៅរកវិធីសាស្ត្រ យើងត្រូវដឹងពីសញ្ញាដែលបង្ហាញថា អ្នកជាមនុស្សមានអារម្មណ៍មិនល្អឬមានភាពតានតឹង«Stress»ក្នុងចិត្តជាមុនសិន ដែលសញ្ញាទាំងនោះបង្ហាញតាមរយៈការប្រើពាក្យសម្តីខ្លាំងៗ ឬមិនចង់និយាយជាមួយនរណាម្នាក់ ហើយតែងតែស្តីបន្ទោសខ្លួនឯង និងគិតពីរឿងនេះ រឿងនោះឥតឈប់ឈរ ឬក៏បង្ហាញទឹកមុខស្រងូតស្រងាត់ជាដើម។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីកាត់បន្ថយភាពតានតឹង និងភាពមួម៉ៅក្តៅក្រហាយយ៉ាងមានប្រសិទ្ធភាព៖.png)
១.ងូតទឹកក្តៅឧណ្ឌៗ៖ កំដៅជួយបន្ធូរសាច់ដុំ ក៏ដូចជាជួយកាត់បន្ថយភាពតានតឹងដែលជួបប្រទះពេញមួយថ្ងៃ វាក៏ជួយឱ្យអារម្មណ៍ស្រស់ថ្លា គិតអ្វីៗដែលវិជ្ជមាន និងធ្វើឱ្យខួរក្បាលរបស់យើងដំណើរការបានល្អជាងមុន។
២.ការសម្រាក ឬគេង៖ ការគេងប្រៀបដូចជាការឱ្យខួរក្បាលអ្នកសម្រាក អាចជួយបន្ធូរភាពតានតឹងយ៉ាងមានប្រសិទ្ធភាពបំផុត ធ្វើឱ្យខួរក្បាលស្រឡះ គិតអ្វីមួយឆាប់ចេញ ហេតុនេះចូរអ្នកព្យាយាមរកពេលសម្រាកឱ្យបានគ្រប់គ្រាន់ ឬគេងក្នុងពេលថ្ងៃរយៈពេល ២០ នាទី។
៣.រក្សាផ្ទះ ឬតុធ្វើការឱ្យមានសណ្តាប់ធ្នាប់ល្អជានិច្ច៖ ការស្រាវជ្រាវបង្ហាញថា មនុស្សដែលចូលចិត្តរៀបចំផ្ទះនិងតុឱ្យមានរបៀបរៀបរយ ច្រើនតែជាមនុស្សចិត្តធ្ងន់ មិនឆាប់ខឹងផ្តេសផ្តាស់ និងមិនងាយមានភាពច្របូកច្របល់ឡើយ។ ជាការពិតណាស់ កាលណាដែលយើងឃើញរបស់របរជុំវិញខ្លួនយើងមានសណ្តាប់ធ្នាប់ល្អ អារម្មណ៍របស់យើងក៏សប្បាយរីករាយ និងស្រស់ស្រាយផងដែរ ហេតុនេះអ្នកគួរមានទម្លាប់បែបនេះជាប្រចាំ ដើម្បីការពារជំងឺថប់បារម្ភ។
៤.ផឹកតែបៃតង៖ តែបៃតងសម្បូរទៅដោយសារធាតុចិញ្ចឹមដែលមានប្រយោជន៍ខ្លាំងណាស់សម្រាប់សុខភាព ដោយសារវាមានផ្ទុកអាស៊ីតអាមីណូ Theanine ដែលត្រូវបានគេរាយការណ៍ថាធ្វើឱ្យអារម្មណ៍ប្រសើរឡើង និងកាត់បន្ថយភាពតានតឹងយ៉ាងឆាប់រហ័សបំផុត។
៥.ដើរលេង ឬរត់ហាត់ប្រាណ៖ ការចេញទៅដើរលេង ឬរត់ វាជាសកម្មភាពធ្វើលំហាត់ប្រាណដ៏សាមញ្ញមួយ អាចជួយឱ្យអារម្មណ៍របស់អ្នកធូរស្បើយឡើងវិញ ក៏ដូចជាលែងស្មុគស្មាញដូចមុនទៀតហើយ៕










