Home ព័ត៌មានអន្តរជាតិ មានរឿងអ្វីទៀតហើយ! ពលរដ្ឋឥណ្ឌូណេស៊ីចាប់ក្រពើយក្ស១ក្បាលវះពោះ

មានរឿងអ្វីទៀតហើយ! ពលរដ្ឋឥណ្ឌូណេស៊ីចាប់ក្រពើយក្ស១ក្បាលវះពោះ

96
0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា គ្រួសារ និងអ្នកស្រុកបានជួយគ្នាតាមរកបុរសចំណាស់ម្នាក់បាត់ខ្លួនពុំឃើញត្រឡប់មកផ្ទះ រហូតឃើញក្រពើយក្ស១ក្បាលពាំរាងកាយមនុស្ស និងចាប់ក្រពើវះពោះ ។ ហេតុការណ៍ដ៏រន្ធ.ត់ នេះបានកើតឡើងក្នុងទីក្រុងរីយ៉ៅ ស្ថិតនៅប្រជុំកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។

បុរសចំណាយដែលក្លាយជាចំណីក្រពើ ឈ្មោះ យ៉ាស់មីន អាយុ៦៨ឆ្នាំ បានប្រាប់គ្រួសារថា ចេញទៅរកត្រីក្នុងទន្លេ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា កន្លងមក ។ ប៉ុន្តែរហូតមកដល់យប់ថ្ងៃដដែល លោក យ៉ាស់មីន ពុំបានត្រឡប់មកផ្ទះវិញទេ ដែលធ្វើឱ្យគ្រួសារបារម្ភយ៉ាងខ្លាំងថា លោកមុខជាមានគ្រោះថ្នាក់មិនខាន ។ ហេតុនេះ សាច់ញាតិក៏បានទាក់ទងទៅអាជ្ញាធរមូលដ្ឋាន និងនាំគ្នាតាមរកលោក យ៉ាស់មីន ដល់កន្លែងរកត្រី ។

កូនប្រុសរបស់លោក យ៉ាស់មីន បានប្រទះឃើញសម្លៀកបំពាក់ឪពុកនៅបរិវេណមាត់ទឹក ប៉ុន្តែពុំឃើញឪពុកនៅទីនេះទេ ។ អ្នកស្រុកក៏ជួយគ្នាតាមរកបន្តទៀត រហូតដល់ព្រឹកថ្ងៃទី២០ ខែកញ្ញា ទើបអ្នកស្រុកម្នាក់ឮសូរសំឡេងក្នុងទឹក ដែលស្ថិតនៅឆ្ងាយពីបរិវេណទុកសម្លៀកបំពាក់ និងសម្ភារៈរកត្រីរបស់លោក យ៉ាស់មីន ប្រមាណ២០០ម៉ែត្រ ។

វាធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះសំឡេងក្នុងទឹកនេះ គឺជាសំឡេងរបស់ក្រពើយក្ស១ក្បាល ដែលក្នុងមាត់របស់វាកំពុងទំពារសាច់មនុស្ស ។ ដូច្នេះ អ្នកស្រុកក៏ប្រើប្រាស់អគ្គិសនីឆក់ក្រពើ១នេះរហូតដល់ងាប់ និងលើកខ្លួនវាឡើងលើគោកវះពោះ ហើយពួកគេក៏បានឃើញសាកសពលោក យ៉ាស់មីន ក្នុងនោះ ។

សមត្ថកិច្ចនិយាយថា រាងកាយសាកសពបានដាច់ជាកំណាត់ៗពីគ្នា ហើយគ្រួសារសាកសពមិនត្រូវការឱ្យសមត្ថកិច្ចស៊ើបអង្កេតបន្តទេ ដោយសារពួកគេបានឃើញភស្តុតាងជាក់ស្តែងរួចហើយ ។ កន្លងមក ក៏ធ្លាប់មានហេតុការណ៍ក្រពើស៊ីអ្នករកត្រីនៅតំបន់នេះដែរ គឺយុវជន អេនឌិកា អាយុ២១ឆ្នាំ បានមករើសខ្យងនៅទន្លេ កាលពីថ្ងៃទី១៥ ខែកញ្ញា ហើយត្រូវបានក្រពើចាប់អូសទម្លាក់ទឹក ។ រហូតដល់ថ្ងៃទី១៩ ខែកញ្ញា ទើបអ្នកស្រុករកឃើញសាកសពយុវជននៅមាត់ទឹក ។

តំបន់ប្រជុំកោះនៅប្រទេសឥណ្ឌូណេស៊ី មានក្រពើរស់នៅស្មើជាង១៤ពូជ ហើយក្រពើភាគច្រើនមានទំហំធំ និងកាចសាហាវខ្លាំង ។ អ្នកអភិរក្សសត្វជឿថា តំបន់រស់នៅរបស់ក្រពើកាន់តែខិតជិតលំនៅឋានមនុស្ស ហើយមនុស្សបាននេសាទច្រើនពេក ទើបធ្វើឱ្យអស់ចំណីក្រពើ ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីមានតំបន់ឆ្នេរសមុទ្រតិចជាងមុន ដោយសារការធ្វើកសិដ្ឋាន ខណៈអ្នកស្រុកនៅតែងូតទឹក និងរកត្រីក្នុងទន្លេ ដែលកត្តាទាំងនេះធ្វើឱ្យពួកគេងាយនឹងក្លាយជាចំណីក្រពើ ៕