លោក Brad Pitt អតីតស្វាមី Angelina Jolie មានគូស្នេហ៍ថ្មីដែលមានអាយុតិចជាងលោករហូតដល់ជិត ៣០ ឆ្នាំ។ ដ្បិតថាគូស្នេហ៍ថ្មីរបស់ Brad Pitt នៅវ័យក្មេងប៉ុន្តែនាងគឺជាអ្នករចនាគ្រឿងអលង្ការដ៏ជំនាញមានបទពិសោធន៍ម្នាក់ និងចេះភាសាបរទេសចំនួន៥ភាសាឯណោះ។
យោងតាមសារព័ត៌មាន People បានឱ្យដឹងថា Brad Pitt និង Ines de Ramon បានទាក់ទងគ្នាតាំងពីឆ្នាំ២០២២ ដោយស្គាល់គ្នាតាមរយៈមិត្តភក្តិទៅវិញទៅមក។ ចាប់តាំងពីស្រលាញ់គ្នាមក គូស្នេហ៍មួយគូនេះបានរក្សាទំនាក់ទំនងរបស់ពួកគេជាលក្ខណៈឯកជនពីសាធារណៈជន ហើយកម្រចូលរួមកម្មវិធីជាមួយគ្នាណាស់។ មហោស្រពភាពយន្តទីក្រុង Venice ឆ្នាំ ២០២៤ គឺជាលើកទីមួយហើយដែលពួកគេបណ្តើរគ្នាដើរលើកម្រាលព្រំក្រហម។ បច្ចុប្បន្នមិនមានព័ត៌មានអំពីអាយុពិតប្រាកដរបស់ Ramon ទេ។ ប្រភពខ្លះនិយាយថានាងមានអាយុ ៣២ ឆ្នាំក្នុងឆ្នាំនេះ ហើយអ្នកខ្លះទៀតនិយាយថាគូស្នេហ៍របស់ Brad Pitt មានអាយុ ៣៤ ឆ្នាំ។

Ramon មិនចែករំលែកច្រើនអំពីជីវិតផ្ទាល់ខ្លួនរបស់នាងដោយកំណត់របៀបឯកជនសម្រាប់ គណនី Instagram របស់នាង។ Vogue បានអត្ថាធិប្បាយ ថា នាងដឹងពីរបៀបគ្រប់គ្រងជីវិតផ្ទាល់ខ្លួនរបស់នាងឱ្យឆ្ងាយពីការយកចិត្តទុកដាក់របស់ប្រព័ន្ធផ្សព្វផ្សាយដោយផ្តោតលើអាជីពនិងទំនាក់ទំនងរបស់នាងប៉ុណ្ណោះ។ យោងតាម LinkedIn បានឱ្យដឹងថា Ramon បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យហ្សឺណែវ ប្រទេសស្វីសក្នុងឆ្នាំ ២០១៣។ បន្ទាប់ពីបញ្ចប់ការសិក្សា នាងបានធ្វើការនៅក្នុងផ្នែកគ្រឿងអលង្ការនៃក្រុមហ៊ុនដេញថ្លៃ Christie’s និងផ្នែកលក់រាយរបស់ក្រុមហ៊ុន រហូតមកដល់ពេលនេះ Ramon មានបទពិសោធន៍ជាង ១០ ឆ្នាំនៅក្នុងអាជីវកម្មគ្រឿងអលង្ការ។
.png)
បច្ចុប្បន្ននាងគឺជាអនុប្រធានក្រុមហ៊ុន Anita Ko ដែលមានមូលដ្ឋាននៅទីក្រុង Los Angeles ។ មនុស្សល្បី ៗ ជាច្រើនដូចជាអតីតស្ត្រីទីមួយរបស់សហរដ្ឋអាម៉េរិក Michelle Obama តារាចម្រៀង Taylor Swift និងតារាសម្តែង Johnny Depp បានពាក់ម៉ូតម៉ាកនេះ។ ក្រៅពីឧស្សាហកម្មគ្រឿងអលង្ការ Ramon ជាគ្រូបង្វឹកផ្នែកសុខភាព ដែលមានអាជ្ញាប័ណ្ណពីវិទ្យាស្ថានសម្រាប់អាហារូបត្ថម្ភសមាហរណកម្មក្នុងឆ្នាំ ២០១៩។
នៅលើ LinkedIn គូស្នេហ៍ថ្មីរបស់ Brad Pitt បានលាតត្រដាងថា នាងចេះភាសាចំនួន ៥ រួមទាំងភាសាអង់គ្លេស បារាំង អេស្ប៉ាញ អាឡឺម៉ង់ និងអ៊ីតាលី។ ក្នុងនោះនាងអាចប្រើបីភាសាដំបូងបានយ៉ាងស្ទាត់ជំនាញ។
ថ្មីៗនេះ មានប្រភពជាច្រើនបានបញ្ជាក់ថា ទំនាក់ទំនងរបស់ Ramon និង Brad Pitt កាន់តែមានភាពស្និទ្ធស្នាលទ្វេដង។ តារាប្រុសរូបនេះត្រូវបានគេនិយាយថាត្រៀមខ្លួនមានកូនបើមិត្តស្រីរបស់ខ្លួនចង់បាន។ អ្នកទាំងពីរបានរស់នៅជាមួយគ្នាតាំងពីខែកុម្ភៈ មកម្ល៉េះ។
មុននឹងបាក់ចិត្តស្រលាញ់ Brad Pitt ជាបុរសដែលមានវ័យលើសខ្លួនដល់ទៅជិត៣០ឆ្នាំ Ramon ក៏ធ្លាប់រៀបការម្តងរួចមកហើយជាមួយតារាសម្តែង Paul Weasley ដោយបានរៀបការនៅឆ្នាំ ២០១៩ ប៉ុន្តែបានលែងលះគ្នាបន្ទាប់ពីរៀបការបាន ៣ឆ្នាំខណៈតាមប្រភពព័ត៌មានពួកគេបានបញ្ចប់ដំណើរការលែងលះគ្នាកាលពីខែកុម្ភៈ ឆ្នាំ២០២៤នេះ៕










