Samsung ត្រូវបានគេនិយាយថាអាចនឹងទិញយកអាជីវកម្មដ៏សំខាន់មួយរបស់ Nokia ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ដើម្បីពង្រឹងជំហររបស់ខ្លួន។
នេះបើយោងតាមការចុះផ្សាយរបស់ sammobile បានឱ្យដឹងថា បច្ចុប្បន្ន Nokia កំពុងជួបការលំបាកខ្លាំងក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនធំៗដូចជា Ericsson និង Huawei ដោយ Nokia កំពុងពិចារណាលក់អាជីវកម្មបណ្តាញទូរស័ព្ទចល័តរបស់ខ្លួនទៅឱ្យ Samsung ក្នុងតម្លៃ ១០ ពាន់លានដុល្លារ ខណៈក្រុមហ៊ុន Samsung ចង់ទិញយកផ្នែកអាជីវកម្មនេះដើម្បីពង្រឹងជំហររបស់ខ្លួន។ ហើយប្រសិនបើជោគជ័យនោះ Samsung នឹងក្លាយជាអ្នកផ្គត់ផ្គង់ Radio Access Network (RAN) ធំជាងគេទីពីររបស់ពិភពលោកជាមួយនឹងចំណែកទីផ្សារ ២៥.៦% ។
តាមពិតទៅ Samsung ក៏មានផ្នែកផ្ទាល់ខ្លួនគឺ Radio Access Network (RAN) ដែរ ប៉ុន្តែវាមានទំហំតូចណាស់ជាមួយនឹងចំណែកទីផ្សារប្រហែល ៦.១% កាលពីឆ្នាំមុន។ ប្រសិនបើក្រុមហ៊ុនទិញយកអាជីវកម្មបណ្តាញទូរស័ព្ទចល័តរបស់ Nokia បាន ចំណែកទីផ្សារ RAN របស់ Samsung នឹងកើនឡើងពី ៦.១% កាលពីឆ្នាំមុនទៅ ២៤.៦% នោះនឹងធ្វើឱ្យ Samsung ក្លាយជាអ្នកផ្គត់ផ្គង់ RAN ធំជាងគេទីពីររបស់ពិភពលោក។ គួរបញ្ជាក់ដែរថា Samsung បានបង្កើតស្ថានីយ៍មូលដ្ឋាន 4G និង 5G រួចហើយដូចជា បន្ទះឈីប ឧបករណ៍ វិទ្យុ និងឧបករណ៍ស្នូល ដោយវាបានផ្គត់ផ្គង់ឧបករណ៍ដល់ក្រុមហ៊ុនបណ្តាញទូរស័ព្ទចល័តទូទាំងពិភពលោក។
ទោះជាយ៉ាងណា Nokia មិនទាន់ធ្វើការសម្រេចចិត្តនៅឡើយទេអំពីអាជីវកម្មឧបករណ៍ទូរគមនាគមន៍របស់ខ្លួន ដោយក្រុមហ៊ុនកំពុងគិតពិចារណាអំពីការលក់ផ្នែកខ្លះ ឬទាំងអស់ទៅឱ្យ Samsung តែម្តង ឬការរួមបញ្ចូលគ្នាជាមួយគូប្រជែងណាមួយរបស់ខ្លួន។ ក្រុមហ៊ុន Nokia ត្រូវបង្ខំចិត្តពិចារណាលើជម្រើសទាំងនេះ នៅពេលដែលក្រុមហ៊ុនកំពុងជួបការលំបាកក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei ។ ប្រាក់ចំណេញប្រតិបត្តិការនៅក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២៤ បានធ្លាក់ចុះ ៣២% ដោយសារតែតម្រូវការខ្សោយសម្រាប់ឧបករណ៍ទូរគមនាគមន៍ 5G៕










