ផ្លែឈើដែលមានទំហំធំជាញឹកញាប់តែងតែទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីមហាជន មិនថាជាផ្លែអ្វីនោះទេ ឱ្យតែមានទំហំធំខុសធម្មតា ឬមានទម្ងន់ធ្ងន់ គ្រប់គ្នាតែងតែភ្ញាក់ផ្អើលជានិច្ច។ ជាក់ស្តែងដូចជាផ្លែចេកនេះអ៊ីចឹងគឺមានទម្ងន់រហូតដល់ ៦ គីឡូក្រាម ដោយផ្លែចេកមួយអាចហូបបានរហូតដល់ទៅ ៤ នាក់ឯណោះ។ បើក្រឡេកមើលទំហំរបស់វាវិញ មនុស្សជាច្រើនប្រហែលជាគិតថា ជាផ្លែចេកជ័រ ឬកាត់តហើយ ទោះជាយ៉ាងណានេះគឺជាផ្លែចេកពិតប្រាកដ ១០០% ដោយសារវាមានពូជចេកទាំងមូលដែលបង្កើតផលធំៗបែបនេះ។
ពូជចេកធំៗបែបនេះត្រូវបានគេហៅថា Musa Ingens អាចដាំដុះបានតែនៅលើទឹកដីនៃប្រទេស Papua New Guinea ប៉ុណ្ណោះ ដោយសារប្រទេសនេះមានទីតាំងនៅជិតខ្សែអេក្វាទ័រនៅអាស៊ីអាគ្នេយ៍។ ទោះបីជាមានកន្លែងជាច្រើនបានព្យាយាមបង្កាត់ពូជចេកប្រភេទនេះក៏ដោយ ប៉ុន្តែផ្លែមិនអាចលូតលាស់ធំបាននោះទេ ព្រោះមានតែប្រទេសកោះប៉ាស៊ីហ្វិកមួយនេះប៉ុណ្ណោះដែលមានលក្ខខណ្ឌគ្រប់គ្រាន់សម្រាប់ចេក Musa Ingens ដើម្បីលូតលាស់ និងអភិវឌ្ឍបានល្អ។ 
មិនត្រឹមតែមានផ្លែធំប៉ុណ្ណោះទេ សូម្បីដើមចេកក៏មានទំហំធំ និងខ្ពស់ខ្លាំងផងដែរ ត្រូវបានគេប៉ាន់ស្មានថា ដើមចេកគឺមានកម្ពស់ប្រហែល ២០ ម៉ែត្រទៅ ២៥ ម៉ែត្រស្មើនឹងអគារ ៦ ជាន់។ លើសពីនេះអង្កត់ផ្ចិតនៃដើមមែកធាងក៏ធំណាស់ដែរ សូម្បីតែដៃរបស់មនុស្សពេញវ័យក៏មិនអាចអោបវាបានដែរ។ នៅពេលដាំដុះផ្លែចេកយក្សនៅប៉ាពួញូហ្គីណេ ពូជចេកនេះបង្កើតផលធំណាស់ មានទម្ងន់ប្រហែល ១.៥ – ២ គីឡូក្រាម ហើយពេលខ្លះអាចលូតលាស់រហូតដល់ ៦ គីឡូក្រាម។ 
ទោះជាយ៉ាងណាបន្ថែមពីលើទំហំដ៏ល្អឥតខ្ចោះរបស់វា ពណ៌ និងរសជាតិនៃចេកនេះគឺមិនសូវឆ្ងាញ់នោះទេ ហើយវាក៏មានគ្រាប់ច្រើនដែរ ពិបាកញ៉ាំណាស់ បើធៀបនឹងចេកតូចៗធម្មតាដែលយើងតែងតែញ៉ាំរាល់ថ្ងៃ។ ទោះបីជាយ៉ាងនេះក្តី ដោយសារតែភាពប្លែក និងកម្ររបស់វា មនុស្សនៅគ្រប់ទីកន្លែងតែងតែចង់សាកល្បងរសជាតិនៃចេកយក្សនេះ។ គួរបញ្ជាក់ដែរថា ពូជចេក Musa Ingens គឺជាពូជចេកធម្មជាតិ មិនមានការកែច្នៃ ឬមិនមានការបង្កាត់ពូជអ្វីឡើយ។ 
បច្ចុប្បន្នចេក Musa Ingens នៅតែត្រូវបានគេស្វែងរកគ្រប់ទីកន្លែង ដោយសារតែភាព “កម្រ និងពិបាករក” របស់វាបានធ្វើឱ្យវាក្លាយជាចេកដែលមានការចាប់អារម្មណ៍ខ្លាំងពីមហាជន។ ហើយប្រហែលជាមានតែនៅប្រទេស Papua New Guinea តែប៉ុណ្ណោះដែលមនុស្សអាចស្វែងរកវាបាន ព្រោះមានតែប្រទេសមួយនេះទេដែលពូជចេក Musa Ingens លូតលាស់ល្អ ក្រៅពីនេះទោះបីជាប្រទេសផ្សេងបានព្យាយាមបង្កាត់ពូជវាច្រើនយ៉ាងណាក៏ដោយ ក៏វាពិតជាលំបាកណាស់ក្នុងការទទួលបានផ្លែឈើធំៗ ហើយគ្រាប់ពូជក៏ពិបាករកផងដែរ៕










