ជាទូទៅនាថ្ងៃចុងសប្តាហ៍ យើងគ្រប់គ្នាតែងតែមានគម្រោងដើរលេង ដើម្បីកាត់បន្ថយស្ត្រេស រំសាយទុក្ខកង្វល់ពីការបំពេញការងារ និងការសិក្សាជាដើម។ ប៉ុន្តែមិនដឹងថាត្រូវទៅកន្លែងណានោះទេ ព្រោះមានអ្នកខ្លះមិនចង់ដើរលេងឆ្ងាយ ពោលគឺចង់ដើរលេងនៅជិតៗក្រុង។ ដូច្នេះខេត្តតាកែវគឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ព្រោះខេត្តនេះនៅជិតរាជធានីភ្នំពេញខ្លាំងមែនទែន មិនតែប៉ុណ្ណោះខេត្តនេះក៏សម្បូរទៅដោយរមណីយដ្ឋានល្បីៗជាច្រើនកន្លែងផងដែររួមមាន៖
១.វត្តពុទ្ធគីរី៖ ជិតដល់រដូវភ្ជុំបិណ្ឌហើយតោះមកដើរលេងផង មកធ្វើបុណ្យផងដើម្បីកុំឱ្យខាត បានទាំងសប្បាយរីករាយ បានទាំងបុណ្យមកផ្ទះវិញ។ វត្តពុទ្ធគិរី ស្ថិតនៅភូមិត្រពាំងស្ការ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ ជារមណីយដ្ឋានទេសចរវប្បធម៌ដ៏ពេញនិយមខ្លាំងបំផុតមួយ ដែលភ្ញៀវទេសចរមិនគួររំលងឡើយ។ វត្តនេះបានកសាងព្រះពុទ្ធបដិមារាប់ម៉ឺនអង្គឯណោះដែលបានធ្វើឱ្យអ្នកទស្សនាប្លែកភ្នែក ត្រជាក់ចិត្តដោយសារឃើញមានព្រះពុទ្ធបដិមាដែលប្រតិស្ថានឡើងពីលើភ្នំជាជួរចុះមកក្រោមដោយមើលទៅគួរជាទីជ្រះថ្លាបំផុត។
២.រមណីយដ្ឋានកំពូលពេជ្រ ឬអន្លង់ភ្ញៀវ៖ កំពូលពេជ្រ ឬអន្លង់ភ្ញៀវស្ថិតនៅផ្លូវ ៥១ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្តតាកែវ មានចម្ងាយត្រឹមតែ ១១០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ គឺជារមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃមួយកន្លែងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិឱ្យមកទស្សនាកម្សាន្ដយ៉ាងច្រើនកុះករពីមួយឆ្នាំទៅមួយឆ្នាំ។ នៅទីនោះគឺមានទេសភាពស្រស់ស្អាតខ្លាំងមែនទែន បូករួមនឹងខ្យល់អាកាសធម្មជាតិ អមដោយរុក្ខជាតិពណ៌បៃតងយ៉ាងស្រស់បំព្រង បើលោកអ្នកបានទៅម្តងហើយ ធានាថាសប្បាយចង់ទៅម្តងទៀត។
៣.ភ្នំតាម៉ៅ៖ ភ្នំតាម៉ៅ មានទីតាំងស្ថិតនៅភូមិត្រពាំងសាប ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ គឺជារមណីយដ្ឋានចម្រុះមានព្រៃភ្នំធម្មជាតិដ៏សម្បូរបែប និងជាសួនសត្វដ៏ធំបំផុតមួយនៅក្នុងប្រទេសកម្ពុជា។ តំបន់សួនសត្វភ្នំតាម៉ៅជាជម្រករបស់សត្វរាប់រយពាន់ក្បាលដែលមានសត្វគ្រប់ប្រភេទ ហើយសុទ្ធតែជាសត្វកម្រទៀតផង។ ដូច្នេះភ្ញៀវទេសចរអាចមកលំហែកម្សាន្តទស្សនាបាននូវទិដ្ឋភាពធម្មជាតិ ព្រៃភ្នំ យ៉ាងស្រស់បំព្រង បូកនឹងការទស្សនាសត្វប្លែកជាច្រើនផងដែរ។
៤.ទន្លេបាទី៖ បើបានទៅភ្នំតាម៉ៅហើយ ឆ្លៀតចូលអង្គុយលេងនៅទន្លេបាទីផង ដោយសារកន្លែងទាំងពីរនេះគឺនៅជិតគ្នា។ រមណីយដ្ឋានទន្លេបាទី ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានចម្ងាយប្រមាណ ៤០ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ ដែលជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន ហើយនៅតំបន់នោះក៏មានប្រាសាទមួយផងដែរ។ ដូច្នេះភ្ញៀវទេសចរអាចលេងទឹក ឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក និងទទួលទានអាហារបែបស្រុកស្រែយ៉ាងសប្បាយរីករាយ។
៥.រមណីយដ្ឋានទឹកជ្រោះផ្អោក៖ តិចអត់ដឹងនៅតាកែវយើងក៏មានទឹកជ្រោះដែរ គឺរមណីយដ្ឋានទឹកជ្រោះផ្អោកនេះឯង ដែលស្ថិតនៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ។ ជារមណីយដ្ឋានធម្មជាតិ និងជាទឹកដីដ៏ពិសេសមួយដែលសម្បូរទៅដោយត្បូងមានតម្លៃជាច្រើន។ ក្រៅពីភ្ញៀវទេសចរមកលេងកម្សាន្តទឹកធ្លាក់ នៃទឹកជ្រោះផ្អោកមានប្រវែង ១ ០០០ម៉ែត្រ និងទទឹង ២ម៉ែត្រ ដែលហូរធ្លាក់ពីលើភ្នំមកនោះ គឺភ្ញៀវអាចរកទិញត្បូងមានតម្លៃជាច្រើន។ នៅមុនទឹកជ្រោះផ្អោកក្លាយជារមណីយដ្ឋានពេញនិយម គឺកាលពីជាង ១០ ឆ្នាំមុន នៅទីនេះគឺជាទីតាំងសំខាន់ដែលមានប្រជាជនជាច្រើនមកជីករកត្បូងមានតម្លៃ។
៦.ភ្នំជីសូរ៖ ប្រាសាទភ្នំជីសូរ មានទីតាំងស្ថិតនៅភូមិស្លា ឃុំរៀង ស្រុកសំរោង ខេត្តតាកែវ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត។ នៅលើកំពូលភ្នំមានប្រាសាទអរិយធម៌បេតិកភណ្ឌជាតិខ្មែរ គួបផ្សំនឹងទស្សនីយភាពធម្មជាតិ និងសមិទ្ធផលសង្គមផ្សេងៗទៀតក្នុងនោះមានជាអាទិ៍ គឺវត្តភ្នំជីសូរ។ ក្រៅពីប្រាសាទភ្នំជីសូរក៏មានប្រាសាទល្បីៗជាច្រើនក្នុងខេត្តតាកែវផងដែរដូចជា ប្រាសាទភ្នំបាយ៉ង់កោ និងប្រាសាទភ្នំដា៕










