ប្រទេសចិន ៖ រូបភាពព្រះអាទិត្យចំនួន៧ តម្រៀបគ្នានៅលើផ្ទៃមេឃក្នុងទីក្រុង Chengdu ប្រទេសចិន បានក្លាយជាប្រធានបទមួយធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនជជែកគ្នាថា តើវាជាព្រះអាទិត្យពិតប្រាកដ ឬក៏អត់? ប៉ុន្តែអ្នកជំនាញបានបកស្រាយថា វាគ្រាន់តែជារូបភាពបំភាន់ភ្នែកប៉ុណ្ណោះ ។
សារព័ត៌មានចិនជាច្រើនរាយការណ៍ថា រូបភាពនេះបានថតចេញពីបង្អួចរបស់អគារមន្ទីរពេទ្យ West China ។ រីឯសាក្សីដែលបានឃើញព្រះអាទិត្យចំនួន៧ នៅលើមេឃ និយាយថា ព្រះអាទិត្យបានបង្ហាញរូបរាងប្រមាណ១នាទីប៉ុណ្ណោះ បន្ទាប់មក វាក៏បាត់ស្រមោលទៅវិញ ។ ក្រៅពីនេះ មានពលរដ្ឋចិនជាច្រើននាក់ទៀត ក៏បានឃើញព្រះអាទិត្យដូចគ្នាដែរនៅចំណុចផ្សេងៗ ហើយពួកគេមានអារម្មណ៍ថា មានសំណាងខ្លាំងណាស់ ពីព្រោះមិនធ្លាប់ឃើញព្រះអាទិត្យច្រើនបែបនេះ ។
សារព័ត៌មានចិនរាយការណ៍ថា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ព្រះអាទិត្យចំនួន៧ បានបង្ហាញរូបរាងឡើងក្នុងពេលជាមួយគ្នានៅទីក្រុង Chengdu ហើយអ្នកគ្រូពេទ្យម្នាក់ធ្វើការនៅមន្ទីរពេទ្យក្នុងទីក្រុង Chengdu ក៏បានថតរូបភាពនេះបង្ហោះក្នុងបណ្តាញសង្គម ។ ហេតុការណ៍នេះធ្វើឱ្យពលរដ្ឋចិនភ្ញាក់ផ្អើលគ្រប់ៗគ្នា និងឆ្ងល់ថា ហេតុអ្វីទើបមានព្រះអាទិត្យរហូតដល់៧ បែបនេះ?
អ្នកគ្រូពេទ្យនិយាយថា ៖ «ខ្ញុំបានឃើញព្រះអាទិត្យ៧ តម្រៀបលើគ្នានៅលើមេឃ ហើយដោយសារវាចម្លែកខ្លាំងពេក ទើបខ្ញុំថតរូបភាពយកមកចែកចាយក្នុងបណ្តាញសង្គម» ។ រីឯអ្នកប្រើប្រាស់បណ្តាញសង្គមឃើញរូបភាពព្រះអាទិត្យនេះនិយាយថា នាងមានសំណាងខ្លាំងណាស់ ដែលបានឃើញបាតុភូតធម្មជាតិបែបនេះ ខណៈអ្នកខ្លះទៀតជឿថា នេះជាសញ្ញាបង្ហាញថា ទេវតាកំពុងតែយាងចុះមកផែនដី ។
ប៉ុន្តែអ្នកជំនាញនិយាយថា បាតុភូតនេះហៅថា «Sun Dog» កើតឡើងដោយសារពន្លឺនៅស្រទាប់បរិយាកាស ហើយចំណុចដែលមានព្រះអាទិត្យ៧ គឺមានសំណើមត្រជាក់ខ្លាំងដូចទឹកកកអណ្តែតលើបរិយាកាស ។ ហេតុនេះ ពេលព្រះអាទិត្យបញ្ចេញពន្លឺឆ្លងកាត់តាមសំណើមត្រជាក់ វាធ្វើឱ្យពន្លឺងាក២២អង្សារ ឬ៤៦អង្សារ ហើយសំណើមនេះក៏តម្រៀបគ្នាក្លាយជាព្រះអាទិត្យជាច្រើនបំភាន់ភ្នែក ៕










