ប្រទេសជប៉ុន ៖ ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំឡើង បានរៀបរាប់ពីការលំបាកដូចៗគ្នាថា ពួកគេពិបាកស្វែងរកការងារធ្វើណាស់ ហើយពុំអាចប្រកួតប្រជែងជាមួយក្រុមយុវជនបានទេ ។ លើសពីនេះ បើទោះរកការងារធ្វើបាន ប៉ុន្តែទទួលបានប្រាក់ខែតិចតួច ថែមទាំងទទួលប្រាក់ Bonus តិចជាងបុគ្គលិកអាយុចាប់ពី២០ឆ្នាំ ទៅ៣០ឆ្នាំ ។
បច្ចុប្បន្ន ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំឡើង បានក្លាយជាក្រុមមនុស្សដែលសង្គម ឬក្រុមហ៊ុននានាបោះបង់ចោល ឬពុំទទួលឱ្យចូលធ្វើការ បើទោះជាពួកគេមានបទពិសោធន៍ធ្វើការ និងសមត្ថភាពពេញខ្លួនក៏ដោយ ។
ពេលប្រទេសជប៉ុនសម្បូរឱកាសធ្វើការ និងរកប្រាក់ចំណូល ខណៈសេដ្ឋកិច្ចជប៉ុនបានងើបឡើងវិញពីសង្គមមានតម្លៃប្រាក់ធ្លាក់ចុះអូសបន្លាយអស់ជាង៣០ឆ្នាំ ហើយក្រុមហ៊ុននានាបានដំឡើងប្រាក់ខែឱ្យបុគ្គលិក ដើម្បីអូសទាញកម្លាំងពលកម្មមកធ្វើការ ប៉ុន្តែពលរដ្ឋជប៉ុនដែលមានអាយុ៤០ឆ្នាំឡើងបែរជាបាត់បង់ឱកាសធ្វើការ និងត្រូវក្រុមហ៊ុននានាមើលរំលង ។
ពលរដ្ឋជប៉ុនមានអាយុចាប់ពី៤០ឆ្នាំ ទៅ៥០ឆ្នាំ ត្រូវបានគេដាក់ឈ្មោះថា «ក្រុមបាត់បង់ឱកាស» ឬ «Lost Generation» ។ កាលពីមុន ពលរដ្ឋមានវ័យចំណាស់ទាំងនេះរៀនសូត្របានខ្ពង់ខ្ពស់ រហូតដល់បញ្ចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ប៉ុន្តែពួកគេពុំអាចរកការងារធ្វើបាន ដោយសារជប៉ុនមានវិបត្តិសេដ្ឋកិច្ចអូសបន្លាយ ចាប់ពីឆ្នាំ១៩៩០ ដល់ឆ្នាំ២០០០ ។ ហេតុនេះ ធ្វើឱ្យការងាររបស់ពួកគេមិនស្ថិតស្ថេរ នាពេលនោះ ។
បច្ចុប្បន្ន ពលរដ្ឋវ័យចំណាស់ទាំងនេះក្លាយជាក្រុមបាត់បង់ឱកាសធ្វើការ និងពុំអាចរកការងារមានតួនាទីខ្ពស់ ។ រីឯប្រាក់ខែវិញក៏តិចតួច បើប្រៀបធៀបជាមួយប្រាក់ខែរបស់ក្រុមយុវជន ។ គេហទំព័រ Nikkei Asia រាយការណ៍ថា ក្រុមបាត់បង់ឱកាសទាំងនេះប្រឈមជាមួយបញ្ហាការឡើងតួនាទីការងារ និងការឡើងប្រាក់ខែ បើធៀបនឹងយុវជនសម័យថ្មី ដែលវាឆ្លុះបញ្ចាំងពីបញ្ហារចនាសម្ព័ន្ធក្នុងទីផ្សារការងារជប៉ុន ។
បើទោះជាប្រាក់ឈ្នួលសរុបក្នុងទីផ្សារការងារនៅជប៉ុនល្អប្រសើរក្តី ប៉ុន្តែទិន្នន័យបង្ហាញថា ពលរដ្ឋអាយុចាប់ពី៤០ឆ្នាំ ទៅ៥០ឆ្នាំ បែរជាទទួលឱកាសការងារតិចជាងអ្នកអាយុតិចជាង ។ ហេតុនេះ វាបង្ហាញពីវិសមភាពការងារនៅប្រទេសជប៉ុនយ៉ាងខ្លាំង ។
បុរសម្នាក់អាយុ៤០ឆ្នាំ ធ្វើការផ្នែកបោះពុម្ពនៅទីក្រុងតូក្យូ និយាយថា កាលពីអាយុ៣០ឆ្នាំ លោកពុំអាចរកការងារពេញម៉ោងធ្វើបានទេ ហើយលោកត្រូវប្រឈមនឹងការខ្វះខាតប្រាក់សម្រាប់ចាយវាយប្រចាំថ្ងៃ ។
រីឯបុគ្គលិកម្នាក់ទៀតមានអាយុ៤០ឆ្នាំដែរ និយាយថា ពេលចាប់ផ្តើមធ្វើការដំបូង គឺទទួលបានប្រាក់ Bonus តិចណាស់ ហើយប្រាក់ខែក៏ឡើងតិចតួច ។ កាលពីខ្លួនអាយុ២០ឆ្នាំ ទទួលបានប្រាក់ខែក្នុង១ឆ្នាំ ស្មើប្រមាណ១លានយ៉េន គឺតិចជាងពួកយុវជនសម័យនេះ ។
ចំណែកប្រធានសេដ្ឋវិទូមកពីវិទ្យាស្ថានស្រាវជ្រាវ Dai-ichi Life បកស្រាយថា នាយកក្រុមហ៊ុននានាគិតថា បុគ្គលិកអាយុច្រើននឹងផ្លាស់ប្តូរការងារតិចជាងក្រុមយុវជន ទើបក្រុមហ៊ុនពុំចាំបាច់ផ្តល់ប្រាក់ផ្នែកសុខុមាលភាព ៕










