ថ្មីៗនេះ វិទ្យាស្ថានស្ថិតិនៃក្រសួងផែនការ បានបង្ហាញពីប្រាក់ចំណូលសម្រាប់ពលរដ្ឋម្នាក់ៗ (GDP Per Capita) នៅរាជធានីខេត្តទាំង ២៥ ដោយក្នុងនោះខេត្តព្រះសីហនុ ជាខេត្តដែលមានពលរដ្ឋរកប្រាក់ចំណូលច្រើនជាងគេពោលគឺ៤៦០២ដុល្លារ ខណៈឧត្តរមានជ័យនៅទាបជាងគេត្រឹមតែ១០០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ។
បើធៀបទៅ ពលរដ្ឋដែលរស់នៅខេត្តឧត្តរមានជ័យ រកចំណូលបានត្រឹមតែ៨៣ដុល្លារក្នុងមួយខែប៉ុណ្ណោះ ដែលមើលទៅចំណូលនេះហាក់មិនសមប្រកប នៅក្នុងការចាយប្រចាំថ្ងៃនោះទេ។
សេដ្ឋកិច្ចខេត្តនេះ ៩៣ភាគរយពឹងផ្អែកលើកសិកម្ម ហើយ៧ភាគរយទៀតពឹងលើការនេសាទនិងជំនួញ ដោយសារតែខេត្តនេះមានព្រំប្រទល់ជាប់នឹងប្រទេសថៃ ពាណិជ្ជកម្មអន្តរជាតិមានសកម្មភាពគួរកត់សំគាល់ ដែលបានក្លាយជាវិស័យសំខាន់សំរាប់ទ្រទ្រង់សេដ្ឋកិច្ចខេត្ត។
ខេត្ដនេះមានច្រកទ្វារព្រំដែនអន្ដរជាតិ ចំនួន ០៣ គឺច្រកទ្វារព្រំដែនអន្ដរជាតិអូរស្មាច់ ស្ថិតនៅក្រុងសំរោង ច្រកទ្វារព្រំដែនអន្ដរជាតិជាំ ស្ថិតនៅស្រុកអន្លង់វែង និងច្រកទ្វារព្រំដែនអន្ដរជាតិជប់គគីរ ស្ថិតនៅស្រុកបន្ទាយអំពិល។

ខេត្តឧត្ដរមានជ័យ ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យក្នុងប្រទេសកម្ពុជា ដែលមានប្រជាជនសរុបមានប្រមាណ១៦មុឺននាក់ លាតសន្ធឹងលើផ្ទៃដីសរុបចំនួន ៦១ ៥៨ គីឡូម៉ែត្រការ៉េ ហើយមានដង់ស៊ីតេប្រជាជន ២៦,១៧នាក់ ក្នុងមួយគីឡូម៉ែត្រការ៉េ នេះបើយោងតាមស្ថិតិកាលពីឆ្នាំ២០០៧៕










