ភូមិគ្រឹះដង្ខៅ ហ៊រ មានទីតាំងនៅភូមិ ស្លាបតាឱន ឃុំគគី ស្រុកកៀនស្វាយ ខេត្តកណ្ដាល មានចម្ងាយ ២០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ តាមបណ្ដោយផ្លូវជាតិលេខ ១។
ភូមិគ្រឹះនេះបានសាងសង់នៅក្នុងសម័យអាណានិគមបារាំង មានអាយុកាលប្រមាណ ១០០ឆ្នាំ ត្រូវបានកាន់កាប់ចំនួន ៤តំណគ្រួសារហើយ ដោយអ្នកគ្រប់គ្រងផ្ទះនេះចុងក្រោយ ជាទារយាទជំនាន់ក្រោយនៃម្ចាស់ផ្ទះដើម ដែលមានឈ្មោះថា កុងហ៊រ យាយហួយ។
នៅក្នុងរបបប៉ុលពត ភូមិគ្រឹះនេះត្រូវបានប្រើប្រាស់ជារោងបាយ។ ក្រោយពី កុងហ៊រ យាយហួយ ត្រូវបានស្លាប់ក្នុងរបបខ្មែរក្រហម។ ក្រោយមកផ្ទះនេះត្រូវបានថែរក្សា ដោយអតីតឈ្នួលបម្រើក្នុងផ្ទះនេះ តាំងពីជំនាន់យាយរហូតដល់ចៅ។
បច្ចុប្បន្ននេះ ត្បិតតែភូមិគ្រឹះនេះមានលក្ខណៈចាស់ទ្រុឌទ្រោម តែវាជាកន្លែងទេសចរណ៍ដ៏ទាក់ទាញមួយ និងជាកន្លែងស្រាវជ្រាវសំណង់ស្ថាបត្យកម្ម សម្រាប់សិស្សនិស្សិតផងដែរ។
គួរបញ្ជាក់ថា ដង្ខៅ ហ៊រ គឺជាមនុស្សមានស័ក្កយស និងឥទ្ធិពលមួយរូប នាសម័យអាណានិគមបារាំង៕
រូបភាព៖ ដំណើររុករក Explore
		
	









