តារាចម្រៀង វណ្ណថាន នរិទ្ធ យូហៃ Ruthko និង M Fatt នឹងមានវត្តក្នុងកម្មវិធី AXEAN Festival 2024 ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៨-២៩ ខែកញ្ញា ឆ្នាំ២០២៤ នៅបាលី ប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីសិល្បករកម្ពុជាក្នុងនោះក៏មានសិល្បករផ្សេងជាច្រើនទៀតមកពីប្រទេសនានា។
តាមការប្រកាសកាលពីល្ងាចថ្ងៃទី៦ សីហា ពី AXEAN Festival បានបញ្ជាក់ពីកាលបរិច្ឆេតនៃកម្មវិធីក្នុងឆ្នាំ២០២៤ ក៏ដូចជាបញ្ជីឈ្មោះសិល្បករដែលមានវត្តមានក្នុងព្រឹត្តិការណ៍នេះខណៈមានការដាក់លក់សំបុត្រចូលរួម។ ក្នុងបញ្ជីដែលបានប្រកាសសិល្បករកម្ពុជា៥រូបនឹងមានវត្តមានក្នុងកម្មវិធីនេះនៅលើទឹកដីប្រទេសឥណ្ឌូនេស៊ីដែលក្នុងនោះមានសិល្បករផលិតកម្មបារមី៣រូបរួមមាន វណ្ណថាន ម្ចាស់បទកំលោះស្រុកខ្មែរ និងពូកែលេងឧបករណ៍បុរាណសម័យ២៨ប្រភេទ។ នរិទ្ធ និងយូហៃ ម្ចាស់ពាន The rapper cambodiaរដូវកាលទី១ ដែលបានសហការគ្នាក្នុងបទ «មួយណា» និងបទ «TOXIC »។
ក្រៅពីតារាចម្រៀង៣រូបខាងលើក្នុងនោះក៏មានតារារ៉េប Ruthko នៃផលិតកម្ម Klapyahandz – ក្លាបយ៉ាហ៊ែន ម្ចាស់បទ សុរា និង M Fatt សិល្បករឯករាជ្យនិងជាម្ចាស់បទ «First Love» ក៏មានវត្តមានផងដែរ។
មហោស្រពតន្រ្តីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ២៩ កញ្ញា ខាងមុខនៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី។ សិល្បករផ្សេងទៀតដែលនឹងចូលរួមមកពីប្រទេសផ្សេងៗដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី ថៃ និងវៀតណាម និងមានក្នុងការរួមបញ្ចូលនូវសកម្មភាពពីប្រទេសបារាំង អូស្ត្រាលី ជប៉ុន ចិន និងតៃវ៉ាន់ ផងដែរ។ កាលពីចុងខែតុលា ឆ្នាំ២០២៣ ដែលរៀបចំនៅសិង្ហបុរី សិល្បករកម្ពុជាចូលរួមមហោស្រពនេះមានដូចជា Nick ,San និង Kwan ។
គួរបញ្ជាក់ផងដែរថាមហោស្រព AXEAN គឺជាមហោស្រពតន្ត្រីក្នុងស្រុកដំបូងគេនៅអាស៊ីអាគ្នេយ៍ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលនាំតន្ត្រីអាស៊ីអាគ្នេយ៍ទៅកាន់ឆាកពិភពលោក។មហោស្រពខាងលើនេះជាការបង្កើតថ្មី ដែលពីមុនត្រូវបានគេស្គាល់ថាជាកម្មវិធីមហោស្រព ASEAN Music Showcase Festival ដែល វណ្ណដា បានចូលរួមកាលពីឆ្នាំ២០២២៕










