យុវតីជូរី ល្អហួស បានបង្កឲ្យមហាជនខ្មែរមានការកោតសរសើរយ៉ាងខ្លាំងចំពោះទឹកចិត្តស្រលាញ់សម្បត្តិបេតិកភណ្ឌជាតិ ស្របពេលដែលបានពន្យាពេលការងារធំៗចំនួន ២ ដើម្បីបានសម្តែងរបាំអប្សរានៅចំពីមុខប្រាសាទអង្គរវត្ត។
ល្អហួស កាលពីកន្លងទៅនេះ បើតាមការគូសបញ្ជាក់បានឲ្យដឹងថា នាងបានចុះកុងត្រាសម្តែងក្នុងខ្សែភាពយន្តខ្នាតធំមួយ ជាមួយផលិតកម្មភាពយន្តរបស់ប្រទេសឥណ្ឌូណេស៊ី ដែលគ្រោងនឹងចេញដំណើរនិងស្នាក់នៅទីនោះរយៈពេល ២០ថ្ងៃ។
យ៉ាងណាមិញ ថ្មីៗនេះ ល្អហួសបានលេចវត្តមាននៅចំពីមុខប្រាសាទអង្គរវត្ត ក្នុងឈុតសម្លៀកបំពាក់អប្សរា និងបានធ្វើការរបាំបុរាណនេះបានយ៉ាងស្រស់ស្អាត ដើម្បីផលិតបានជាវីដេអូចងក្រងទុកសម្រាប់កូនខ្មែរគ្រប់ៗរូប។ ស្របពេលជាមួយគ្នានោះ មនុស្សម្នាជាច្រើន ព្រមទាំងភ្ញៀវទេសចរអន្តរជាតិ បានចោមរោមមើលនាងរាំរបាំអប្សរា ហើយក៏បានធ្វើការដាក់បង្ហោះជាបន្តបន្ទាប់ក៏ទទួលបាននូវការកោតសរសើរព្រោងព្រាត។
យ៉ាងណាមិញ យោងតាមការបង្ហោះរបស់លោក អ៊ិន វិចិត្រ នាយកប្រតិបត្តិក្រុមហ៊ុន Mediaload បានគូសបញ្ជាក់ថា«ល្អហួស គាត់រវល់ណាស់ តែគាត់ផ្តល់អាទិភាពទៅការរាំរបាំអប្សរានៅមុខអង្គរវត្ត។ ផលិតកម្មខ្ញុំ និងគាត់សុខចិត្តពន្យាពេលថតកុនដល់ទៅ ២ រឿង មួយនៅសៀមរាប មួយទៀតនៅទីក្រុង Jakarta។ ក្រុមការងារជិត ៦០ នាក់ ចំណាយខ្ទង់ម៉ឺនដុល្លារ ដើម្បីថតការសម្តែងរបាំអប្សរាដោយល្អហួស ដើម្បីទុកជាឯកសារ សម្រាប់កូនខ្មែរជំនាន់ក្រោយ»។
ជាមួយគ្នានេះ បើក្រឡេកទៅកាន់ក្មេងស្រីដ៏គួរឲ្យស្រលាញ់ល្អហួសរូបនេះវិញ ក៏បានបង្ហាញនូវសេចក្តីសោមនរីករាយជាពន់ពេក បន្ទាប់ពីបានថតការសម្តែងរបាំអប្សរានេះរួច ដោយនាងបានបង្ហោះសារមួយឃ្លាថា«វីដេអូឯកសាររបាំអប្សរា ជិត ២០ នាទី និងមកដល់ក្នុងពេលឆាប់ៗនេះរយះពេលថតត្រឹមតែមួយថ្ងៃ តែមានតម្លៃពេញមួយជីវិត សម្រាប់កូនចៅជំនាន់ក្រោយៗ»។
គួរបញ្ជាក់ដែរថា ល្អហួស ក្នុងវ័យ១៦ឆ្នាំ ជាបវរកញ្ញាវ័យក្មេងកម្ពុជា បានគ្រងម្កុដពីកម្មវិធីប្រកួតលំដាប់ថ្នាក់អន្តរជាតិ Miss Preteen 2024។ បច្ចុប្បន្ន ល្អហួសកំពុងទទួលបាននូវភាពលេចធ្លោយ៉ាងខ្លាំងទាំងក្នុងនិងក្រៅប្រទេស ដែលមិនត្រឹមតែមានរូបសម្រស់ស្អាតប៉ុណ្ណោះទេ តែនាងគឺជាក្មេងស្រីម្នាក់ ដែលពោរពេញដោយទេពកោសល្យខ្ពស់ ចេះទាំងច្រៀង រាំ សម្តែង (ទាំងបុរាណនិងសម័យ) ព្រមទាំងជាម្ចាស់ផលិតផលមួយរូបផងដែរ៕










