ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា យោងតាមទិន្នន័យជាផ្លូវការរបស់ប្រទេសវៀតណាមបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ៧ខែប៉ុណ្ណោះ (គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤) មានក្រុមហ៊ុនបើកថ្មីនៅវៀតណាម រហូតដល់ជាង៩៥.២០០ក្រុមហ៊ុន ។
សារព័ត៌មានស៊ីនហួរបានរាយការណ៍ពីទីក្រុងហាណូយ ប្រទេសវៀតណាមថា ការិយាល័យស្ថិតិទូទៅរបស់វៀតណាមបានរាយការណ៍ពីចំនួនក្រុមហ៊ុនទើបបង្កើតថ្មី ក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៤ កន្លងមក គឺស្មើជាង៩៥.២០០ក្រុមហ៊ុន កើនឡើង៦,៣% បើប្រៀបធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ រីឯដើមទុនរបស់ក្រុមហ៊ុនចុះបញ្ជីសរុបស្មើជាង៨៥៤លានលានដុង កើនឡើង២,៤% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។
ចំណែកចំនួនក្រុមហ៊ុនបង្កើតថ្មីផ្នែកសេវាកម្ម កើនឡើង៦,៨% និងក្រុមហ៊ុនផ្នែកឧស្សាហកម្ម និងសំណង់ កើនឡើង៤,៨% ។ រីឯក្រុមហ៊ុនផ្នែកកសិកម្ម, ព្រៃឈើ និងនេសាទ ធ្លាក់ចុះ២,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។
ទន្ទឹមនឹងនេះ មានក្រុមហ៊ុនជិត៤៤.៣០០ក្រុមហ៊ុន ដែលធ្លាប់ផ្អាកដំណើរការនាពេលកន្លងមក បានបើកដំណើរការអាជីវកម្មឡើងវិញ បើគិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ។ ប៉ុន្តែមានក្រុមហ៊ុនជាង១៧.៩០០ក្រុមហ៊ុន បានបិទដំណើរការអាជីវកម្មក្នុងរយៈពេល៧ខែ ឆ្នាំ២០២៤ ។
ប្រទេសវៀតណាមបានក្លាយជាគោលដៅសំខាន់មួយដែលក្រុមហ៊ុនបរទេសចាប់អារម្មណ៍វិនិយោគ ដោយសារវៀតណាមមានកត្តាទាក់ទាញជាច្រើន ដូចជា ៖ ថ្លៃឈ្នួលកម្លាំងពលកម្មថោក, ពលរដ្ឋគ្រប់អាយុធ្វើការច្រើន, វិធានការទាក់ទាញការវិនិយោគរបស់រដ្ឋាភិបាល, ទីតាំងល្អបើធៀបនឹងប្រទេសនានាក្នុងតំបន់អាស៊ាន និងស្ថិរភាពនយោបាយ ។
សេដ្ឋវិទូវៀតណាមលើកឡើងថា វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសមានសេដ្ឋកិច្ចបើកចំហ និងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីផ្នែកពាណិជ្ជកម្ម ហើយសេដ្ឋកិច្ចវៀតណាមនឹងកាន់តែលូតលាស់បន្ថែមទៀតនៅឆ្នាំ២០២៤ ។
ទោះយ៉ាងណា នាថ្ងៃអនាគត វៀតណាមនឹងប្រឈមជាមួយការខ្វះខាតកម្លាំងពលកម្មដូចប្រទេសនានាលើពិភពលោកដែរ ។ បើទោះជាវៀតណាមមានកម្លាំងពលកម្មច្រើនរហូតដល់៥៦លាននាក់ក្តី ប៉ុន្តែកម្លាំងពលកម្មវៀតណាមនៅតែតិចជាងចិន រហូតដល់១៤ដង ។ ហេតុនេះ វៀតណាមនឹងប្រើប្រាស់បច្ចេកវិទ្យាដើម្បីជំនួសកម្លាំងមនុស្ស (ឬ Automation) ដែលជាផ្នែកមួយសម្រាប់អភិវឌ្ឍន៍ទីផ្សារការងារ ព្រមទាំងគាំទ្រផ្នែកឧស្សាហកម្ម និងការផលិតក្នុងស្រុក ៕










