ឡានទំនើប Lamborghini ដែលតារាចម្រៀង ជី ដេវីត ប៉ងជាង១០ឆ្នាំទើបមានឱកាសទិញកាលពីដើមឆ្នាំ២០២៤ ពេលនេះបានប្រកាសលក់វិញហើយក្នុងតម្លៃពិសេសបានដោយបញ្ជាក់ថាទើបតែទិញហើយទុកតាំងដោយសារតែគ្មានពេលបើកបរ។ ជាការកត់សម្គាល់តារាចម្រៀងរូបនេះនិយមប្តូរស៊េរីរថយន្តជាក់ស្តែងមុននឹងទិញ Lamborghini ពណ៌ក្រហមនេះលោកបានប្រកាសលក់ឡានផ្សេងទៀតដូចគ្នា។
គេចាំបានថាកាលពីដើមខែមករា ឆ្នាំ២០២៤ ជី ដេវីត បានប្រកាសឈប់លក់រថយន្តម៉ាក Ford ដោយបង្ហើបថាចង់ដូរស៊េរី ខណៈនៅថ្ងៃទី១០ ខែមករា តារាចម្រៀងជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាទៅទិញរថយន្តស៊េរីទំនើបចែករំលែកដំណឹងល្អជូនអ្នកគាំទ្រ បានទិញLamborghini Aventador ពណ៌ក្រហមយ៉ាងស្រស់ឆើតឆាយតែម្តង។ បើតាមការបញ្ជាក់ពី ទេព បូព្រឹក្ស នាពេលនោះបានឱ្យដឹងថា ជី ដេវីត ប៉ងប្រាថ្នារថយន្តស៊េរីទំនើបនេះជាង១០ឆ្នាំមកហើយ ហើយនៅទីបំផុតពួកគេបានសម្រេចក្តីប្រាថ្នាជាមួយគ្នា។
យ៉ាងណាមិញ រសៀលថ្ងៃទី២ ខែសីហា នៅលើគណនីបណ្តាញសង្គមរបស់ ជី ដេវីត បានប្រកាសលក់រថយន្តស៊េរីទំនើប Lamborghini Aventador ដែលខ្លួនឯងប៉ងជាង១០ឆ្នាំហើយ។ ក្នុងការប្រកាសលក់ ជី ដេវីត ថាកុំខ្មាសអៀនអាចទាក់ទងទៅបាននឹងទទួលបានតម្លៃពិសេសត្រៀមលុយហើយនិយាយគ្នា។ លើសពីនេះ ជី ដេវីត ក៏បង្ហាញថាឡាន Lamborghini Aventador នេះទើបតែទិញ ដាក់តាំងបង្ហាញព្រោះមិនមានពេលវេលាបើកបរ។ ឡានទំនើប Lamborghini ដែល ជី ដេវីត ទិញនេះធ្លាប់បានបង្ហាញនៅក្នុងបទចម្រៀង «នុ៎ះអ្នកអត់មានស្នេហា!» ផងដែរ។
ជាការកត់សម្គាល់របស់ហ្វេនៗ ជី ដេវីត គឺជាតារាមួយរូបនិយមលេងរថយន្តទំនើបៗទិញលក់ៗជាច្រើនដង ដោយពេលនេះការប្រកាសលក់រថយន្តស៊េរីទំនើបនេះ ជី ដេវីត នឹងមានគម្រោងអ្វីបន្ទាប់ទៀតនោះទេ ខណៈកន្លងមកលោកក៏ធ្លាប់លក់ឡានរបស់ខ្លួនដើម្បីយកលុយផលិត MV ដូចគ្នា៕










