បរទេស៖ ចំនួនជើងហោះហើរទៅកាន់ទីក្រុងប៉ារីសប្រទេសបារាំងមានការថយចុះខ្លាំងរហូតដល់ ៦០% ឯណោះ ដោយសារតម្លៃសំបុត្រខ្ពស់ពេក ធ្វើឱ្យអ្នកទេសចរអស់អារម្មណ៍ក្នុងការចូលរួមព្រឹត្តិការណ៍អូឡាំពិក។
នេះបើយោងតាមការចុះផ្សាយរបស់ CNBC បានឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកព្រឹត្តិការណ៍អូឡាំពិកមក ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិហាក់មិនសូវចាប់អារម្មណ៍ចូលរួមព្រឹត្តិការណ៍អូឡាំពិកក្នុងទីក្រុងប៉ារីសប្រទេសបារាំងនោះទេ ដោយសារតម្លៃសំបុត្រខ្ពស់ ហើយអ្នករៀបចំកម្មវិធីភាគច្រើនផ្តោតតែលើចំនួនមនុស្សដែលមានសំបុត្រចូលរួមប៉ុណ្ណោះ ដោយមិនអើពើនឹងចំនួនអ្នកទស្សនាផ្សេងទៀតឡើយ។
បើយោងតាមអ្នករៀបចំកម្មវិធីបាននិយាយថា កីឡាអូឡាំពិកគឺសម្រាប់អត្តពលិក និងអ្នកចូលរួមដែលពាក់ព័ន្ធប៉ុណ្ណោះ មិនមែនសម្រាប់ភ្ញៀវទេសចរនោះទេ ដែលនេះផ្ទុយពីការគិតរបស់អ្នកជំនាញ ខណៈកាលពីមុនពួកគេធ្លាប់បានព្យាករណ៍ថា រដ្ឋធានីរបស់ប្រទេសបារាំង ប្រាកដជាមានការរីកចំរើនផ្នែកទេសចរណ៍ ទោះជាយ៉ាងណានៅពេលបើកព្រឹត្តិការណ៍ជាផ្លូវការស្រាប់តែមិនសូវមានភ្ញៀវទេសចរទៅវិញ។ ប្រធានអ្នកវិភាគនៃក្រុមហ៊ុនស្រាវជ្រាវអាកាសចរណ៍ OAG John Grant បាននិយាយថា “វាជាកំហុសមួយសម្រាប់ទីក្រុងម្ចាស់ផ្ទះអូឡាំពិក ដែលមិនស្វាគមន៍ភ្ញៀវទេសចរឱ្យមកចូលរួមព្រឹត្តិការណ៍ដ៏ធំនេះ”។
ទោះជាយ៉ាងណាលោក Grant បានបន្តថា មិនត្រឹមតែទីក្រុងប៉ារីសប៉ុណ្ណោះទេ កន្លងទៅទីក្រុងផ្សេងទៀតដូចជាទីក្រុងឡុងដ៍ Athens និង Atlanta នៅពេលពួកគេធ្វើជាម្ចាស់ផ្ទះ សុទ្ធតែបានឃើញការថយចុះនៃចំនួនភ្ញៀវទេសចរក្នុងអំឡុងព្រឹត្តិការណ៍អូឡាំពិក។ ហេតុនេះព្រឹត្តិការណ៍អូឡាំពិកមិនដែលសម្រេចនូវអ្វីដែលប្រទេសម្ចាស់ផ្ទះរំពឹងទុកនោះទេ។ កាលពីថ្ងៃទី ២៥ ខែកក្កដា ក្រុមហ៊ុន Air France បានប្រកាសថា ប្រាក់ចំណូលរបស់ពួកគេបានធ្លាក់ចុះពី ១៦០ ទៅ ១៨០ លានដុល្លារក្នុងត្រីមាសទី ៣ ដោយសារតែតម្រូវការអ្នកដំណើរមិនល្អទៅកាន់ទីក្រុងប៉ារីសនៅរដូវក្តៅនេះ។

ក្រុមហ៊ុនអាកាសចរណ៍ Air France បានបន្ថែមថា ចរាចរណ៍ទៅ និងមកពីទីក្រុងប៉ារីសកំពុងធ្លាក់ចុះបើប្រៀបធៀបទៅនឹងទីក្រុងធំៗផ្សេងទៀតនៅអឺរ៉ុប ដែលបង្ហាញពី “ភ្ញៀវទេសចរកំពុងជៀសឆ្ងាយពីទីក្រុងប៉ារីស”។ ជាមួយគ្នានេះក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ក៏កំពុងព្យាករណ៍ថានឹងខាតបង់រហូតដល់ ១០០ លានដុល្លារអាមេរិកផងដែរ ដោយសារតែការថយចុះចំនួនអ្នកដំណើរទៅកាន់ប្រទេសបារាំងក្នុងអំឡុងពេលកីឡាអូឡាំពិក។ ទន្ទឹមនឹងនេះសណ្ឋាគារជាច្រើនក៏កំពុងមានអារម្មណ៍ថាមានការធ្លាក់ចុះចំនួនភ្ញៀវដែរ ដោយសារបន្ទប់ទំនេរច្រើនមិនសូវមានអ្នកកក់។ ដូច្នេះបើយោងតាមការព្យាករណ៍ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិគឺបានថយចុះរហូតដល់ ៦០% ក្នុងរដូវក្តៅនេះ៕










