ប្រជាពលរដ្ឋទូទៅ ជាពិសេសសម្រាប់អ្នកដែលរស់នៅក្នុងខេត្តកំពង់ធំផ្ទាល់ គឺអាចទៅទទួលសេវាពិនិត្យសុខភាព និងព្យាបាលជម្ងឺជាច្រើនមុខដូចជាជំងឺមាត់ធ្មេញ ពិនិត្យឈាម ថតឆ្លុះក្រពះពោះវៀន ជម្ងឺរោគស្ត្រី ជំងឺកុមារជាដើម ដោយឥតគិតថ្លៃ នៅឯមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី២៨ ខែកក្កដានេះ។
កាលពីថ្ងៃទី២៣ ខែកក្កដានេះ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស សូមគោរពជម្រាប និងជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ និងពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ធំ ឱ្យបានជ្រាបថា៖ មន្ទីរសុខាភិបាលខេត្ត បានសហការជាមួយ សមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំកម្មវិធីពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាមជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។
កម្មវិធីពិនិត្យព្យាបាលនេះធ្វើឡើងរយៈពេល ០៣ថ្ងៃ គិតចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំតាមកម្មវិធីដូចខាងក្រោម៖
-ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យ ព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។
-ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១៧:០០ល្ងាច ធ្វើការពិនិត្យព្យាបាលជំងឺជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋទូទៅ ។
-ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៨:៣០នាទីព្រឹក ដល់ម៉ោង ១២:០០ថ្ងៃត្រង់ ធ្វើការ ពិនិត្យព្យាបាលជំងឺជូនបងប្អូនដែលជាមន្ត្រីរាជការ និងកងកម្លាំងព្រមទាំងក្រុមគ្រួសារ ។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីរាជការ ពុកម៉ែបងប្អូនប្រជាពលរដ្ឋ មេត្តារួសរាន់អញ្ជើញមកទទួលសេវាពិនិត្យព្យាបាលនេះ ឱ្យបានគ្រប់ៗគ្នាកុំបីខានផងដែរ៕










