ប្រទេសឡាវ ៖ កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានបរទេសរាយការណ៍ថា ផែនការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សរបស់ប្រទេសឡាវ កំពុងតែធ្វើឱ្យសេដ្ឋកិច្ចឡាវធ្លាក់ចុះយ៉ាងខ្លាំង ។ លើសពីនេះ ឡាវប្រឈមមុខនឹងបញ្ហាការជំពាក់បំណុលបរទេសកាន់តែច្រើន ខណៈទុនបម្រុងអន្តរជាតិរបស់ឡាវជិតអស់ ។
ប្រទេសឡាវកំពុងជួបវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ហើយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះបានខ្ចីបំណុលបរទេសយ៉ាងច្រើនមហាសាល ក្នុងនោះបំណុលភាគច្រើន គឺឡាវខ្ចីពីចិន តាមរយៈគម្រោងផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធ ។ រដ្ឋាភិបាលឡាវបានសាងសង់ទំនប់វារីអគ្គិសនីប្រមាណ៨០កន្លែង នៅតាមដងទន្លេមេគង្គ និងដៃទន្លេ ប៉ុន្តែឡាវពុំទាន់ទទួលបានប្រាក់ចំណូលពីទំនប់វារីអគ្គិសនីទាំងនេះឡើយ ។ ផ្ទុយទៅវិញ បំណុលរបស់ឡាវកាន់តែកើនឡើងខ្ពស់ទៅៗ ។.jpg)
បំណុលសរុបដែលរដ្ឋាភិបាលឡាវខ្ចីទាំងក្នុងប្រទេស និងក្រៅប្រទេស បានកើនឡើងរហូតដល់១៣ពាន់៨រយលានដុល្លារអាមេរិក ឬស្មើនឹង១០៨% នៃផលិតផលក្នុងស្រុកសរុប (GDP) កាលពីឆ្នាំ២០២៣ ។ លើសពីនេះ ប្រាក់បំណុលពាក់កណ្តាលដែលឡាវជំពាក់បរទេស គឺជាការជំពាក់បំណុលចិន ប៉ុន្តែចំណុចលម្អិតពីការខ្ចីបំណុលនេះគ្មានភាពច្បាស់លាស់ ។.jpg)
តើប្រទេសឡាវអាចនឹងបាត់បង់អ្វីៗនាពេលឆាប់ៗនេះឬយ៉ាងណា?
ឡាវ គឺជាសាធារណរដ្ឋសង្គមនិយម និងមានគណបក្សតែមួយគត់ គឺចាប់ពីគណបក្សប្រជាជនបដិវត្តន៍ឡាវ ឡើងកាន់អំណាចកាលពីអំឡុងពេលបញ្ចប់សង្គ្រាមវៀតណាម នៅឆ្នាំ១៩៧៥ ។ ប្រទេសនេះមានពលរដ្ឋសរុបប្រមាណ៨លាននាក់ ដែលពលរដ្ឋភាគច្រើនប្រកបមុខរបរកសិកម្ម ជាពិសេស ធ្វើស្រែ ។
សេដ្ឋកិច្ចឡាវបានលូតលាស់នៅឆ្នាំ២០១០ ដោយសារឡាវខ្ចីប្រាក់ពីបរទេសដើម្បីគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ប៉ុន្តែស្ថានការណ៍កាន់តែអាក្រក់ខ្លាំងឡើង នៅពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ។ វាធ្វើឱ្យប្រាក់គីបរបស់ឡាវធ្លាក់ចុះយ៉ាងខ្លាំង និងបណ្តាលឱ្យឡាវមានអតិផរណាយ៉ាងខ្លាំង ។
អ្នកជំនាញខ្លះនិយាយថា ឡាវបានខ្ចីប្រាក់យ៉ាងច្រើនពីបរទេស ខណៈហេដ្ឋារចនាសម្ព័ន្ធថ្មី រួមទាំងគម្រោងដឹកជញ្ជូន ដូចជា ៖ ផ្លូវជាតិ និងផ្លូវដែកវិនិយោគជាមួយចិន ព្រមទាំងគម្រោងថាមពលវារីអគ្គិសនី គឺជាបញ្ហាសំខាន់ ដែលធ្វើឱ្យឡាវជំពាក់បំណុលជុំទិស ។
ហេតុនេះ រដ្ឋាភិបាលឡាវបានយកប្រាក់ទៅសងបំណុលបរទេស ហើយពុំបានយកប្រាក់ទៅឧបត្ថម្ភក្នុងផ្នែកផ្សេងៗ ដូចជា ៖ ការសិក្សារបស់សិស្ស, សុខាភិបាល, សេវាសង្គម និងទំនិញសាធារណៈឡើយ ខណៈសេដ្ឋកិច្ចឡាវទទួលបានប្រាក់ចំណូលទាប ។ វាបណ្តាលឱ្យពលរដ្ឋឡាវជាច្រើនគ្រួសារកាន់តែមានជីវភាពក្រីក្រខ្លាំងឡើង ។
ពលរដ្ឋឡាវខ្វះខាតលុយកាក់ និងគ្មានលទ្ធភាពទិញម្ហូបអាហារមានគុណភាពល្អមកបរិភោគទេ ហើយពួកគេក៏ខ្វះខាតប្រាក់សម្រាប់បញ្ជូនកូនទៅរៀន និងព្យាបាលសុខភាពផងដែរ ។ ដូច្នេះ យុវជនឡាវជាច្រើននាក់បានសម្រេចចិត្តបោះបង់ចោលការសិក្សា ហើយពួកគេសម្រុកទៅធ្វើការនៅប្រទេសថៃ ឬទៅឆ្ងាយជាងនេះ ដើម្បីទទួលបានប្រាក់ខែខ្ពស់ជាងឡាវ ។
អ្នកជំនាញបរទេសសន្និដ្ឋានថា មូលហេតុដែលធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសឡាវកាន់តែធ្លាក់ចុះដុនដាបទៅៗ ដោយសាររដ្ឋាភិបាលឡាវជំពាក់បំណុលបរទេសដោះពុំរួច ហើយឡាវពឹងផ្អែកលើប្រទេសជិតខាងខ្លាំងពេក ជាពិសេស ឡាវពឹងផ្អែកលើវៀតណាម ៕










