នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការថ្លែងការណ៍ពិសេសរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានអះអាងថា ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្ដេច មិនបានចុះកិច្ចព្រមព្រៀងណាមួយ ដែលបញ្ចូល ឬលក់ដែនដីកម្ពុជា ទៅក្នុងដែនដីរបស់ប្រទេសវៀតណាមនោះទេ។
សម្ដេចតេជោ សង្កត់ធ្ងន់ថា៖” នឹងមិនអនុញ្ញាតឱ្យអ្នកដែលចោទប្រកាន់សម្តេចនិងសម្តេចធិបតីថាបានលក់ខេត្ត៤ទៅឱ្យប្រទេសវៀតណាមនោះឡើយ ហើយក៏គ្មានការបន្ធូរបន្ធយទោសឱ្យដែរព្រោះទង្វើដែលអ្នកទាំងនោះបានធ្វើជារឿងដែលមិនអាចលើកលែងឱ្យបាន។ ខណៈ មកដល់ពេលនេះ មនុស្សចំនួន៣នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងព័ត៌មានមួលបង្កាច់រឿងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម”។
គួរបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV (កម្ពុជា-ឡាវ-វៀតណាម) បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដោយសម្តេចតេជោ ហ៊ុន សែន បានផ្តួចផ្តើមឡើង។
CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នា៕










