ទីបំផុតជម្លោះក្តៅគគុកឈានដល់ប្រព័ន្ធផ្លូវច្បាប់និងតាំងចិត្តតតាំងដល់ទីបំផុតរវាងតារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករបានឈានដល់ផ្លូវបញ្ចប់។ ការជានារវាងសិល្បការិនីទាំងពីរដួងនេះគឺក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ប្រធានសមាគមសិល្បករខ្មែរ។
ទស្សនិកជនជ្រាបមកហើយថាអ្នកនាង ម៉េង កែវពេជ្ជតា និងជំទាវ ចន ច័ន្ទលក្ខិណា មានជម្លោះរៃរុំាជាច្រើនឆ្នាំមកហើយទាំងផ្លែផ្កាពាក្យសម្តីនៅលើបណ្តាញសង្គមនិងចុងក្រោយជំទាវ ចន ច័ន្ទលក្ខិណា អតីតប្រធានសមាគមសិល្បករ សម្រេចចិត្តប្តឹងតារាចម្រៀង ម៉េង កែវពេជ្ជតាពីបទ «បរិហាកេរ្តិ៍ជាសាធារណ: ជេរប្រមាថជាសាធារណ: សម្លុតកុំឱ្យដាក់ពាក្យបណ្តឹង និងញុះញង់ឱ្យមានការរើសអើង»។ ជម្លោះអ្នកទាំងពីរដែលយកបណ្តាញសង្គមជាត្រីមុខ បង្ហោះសំណេរ ការ Live ឆ្លងឆ្លើយគ្នាទៅវិញទៅមកបានធ្វើឱ្យបណ្តាញសង្គមវឹកវរមិនតិចនោះទេកាលពីកន្លងមកនេះខណៈមហាជនប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិរិះគន់ដូចគ្នាព្រោះតែជាតារាល្បីឈ្មោះបែរជាបង្ហាញទង្វើបែបនេះទៅវិញក្នុងនាមជាមនុស្សរបស់មហាជន។
ទោះយ៉ាងណាជម្លោះដែលឈានដល់ប្រព័ន្ធតុលាការ ហើយសាមីខ្លួនមានការតាំងចិត្តខ្ពស់តតាំងគ្នាឱ្យដល់ទីបំផុតស្លាប់រស់ម្ខាងៗពេលនេះអាចផ្សះផ្សាក្រៅប្រព័ន្ធតុលាការបានហើយក្រោមការសម្របសម្រួលរបស់លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន។
តាមការឱ្យដឹងពីផេកសមាគមសិល្បករខ្មែរ នាយប់ថ្ងៃទី២២ កក្កដា បានជម្រាបជូនសាធារណជនថាជម្លោះអ្នកទាំងពីរត្រូវបានផ្សះផ្សាជានាគ្នា១០០ភាគរយហើយភាគីទាំងពីរក៏បានព្រមព្រៀងគ្នា ចចារបញ្ចប់ជម្លោះដ៏តានតឹងទាំងប៉ុន្មាន និងងាកមកចាប់ដៃគ្នា ធ្វើការងារជាប្រយោជន៍ដើម្បីជាតិមាតុភូមិ ពិសេសការងារក្នុងវិស័យសិល្បៈដ៏ល្អផូរផង់របស់កម្ពុជា។ យោងទៅតាមកិច្ចព្រមព្រៀងបញ្ចប់រឿង ដែលធ្វើឡើងដោយលោកជំទាវមេធាវី ឈីវ ភិរម្យ ភរិយារបស់ឯកឧត្តម លី ច័ន្ទតុលា (ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្ន) បានបញ្ជាក់ថា ចាប់ពីថ្ងៃនេះតទៅ ភាគីទាំងពីរយល់ព្រមបញ្ចប់ជម្លោះដោយផ្ទាល់ ឬប្រយោលណាមួយ ទាំងនៅលើបណ្តាញសង្គម ឬតាមមធ្យោបាយផ្សេងៗទៀត៕










