កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខជាក្រុមអស់រយៈពេល ៧ ឆ្នាំ 2NE1 ស្រាប់តែប្រកាសត្រឡប់មកវិញជាក្រុមម្តងទៀតនៅឆ្នាំនេះ ថែមទាំងកំពុងរៀបចំការប្រគំតន្ត្រីជុំគ្នាជាលើកដំបូងនាពេលខាងមុខ ក្រោមការគ្រប់គ្រងរបស់ផលិតកម្ម YG Entertainment ធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។
បើយោងតាម Koreaboo ដែលបានចុះផ្សាយកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ ថាក្រុមចម្រៀង K-pop ជំនាន់ទីពីរនេះនឹងរៀបចំការប្រគំតន្ត្រី Global Tour នៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង រួមទាំងទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុននៅចុងឆ្នាំនេះ ព្រមទាំងរៀបចំការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅឆ្នាំ ២០២៥ ខាងមុខនេះផងដែរ។
ដំណឹងនៃការប្រកាសរបស់ផលិតកម្ម YG បានធ្វើឱ្យ Blackjack ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ដែលនេះគឺជាការវិលត្រលប់មកវិញជាផ្លូវការរបស់ 2NE1 ដែលគ្រប់គ្នាតែងតែទន្ទឹមរងចាំអស់ជាច្រើនឆ្នាំមកហើយ។ បើយោងតាមលោក Yang HyunSuk ម្ចាស់ផលិតកម្ម YG បាននិយាយថា សម្រាប់ការប្រគំតន្ត្រីរបស់ 2NE1 នឹងរៀបចំឡើងនៅខែតុលាខាងមុខនេះនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ហើយនៅខែវិច្ឆិកា និងខែធ្នូ នៃឆ្នាំ២០២៤ នេះ 2NE1 នឹងប្រគំតន្ត្រីនៅទីក្រុងតូក្យូ និងអូសាកាប្រទេសជប៉ុន។ លោក Yang HyunSuk បានបន្តទៀតថា ពួកគេនឹងធ្វើ Concert ទេសចរណ៍ពិភពលោកនៅទីតាំងផ្សេងៗទៀតដែលអាចនឹងប្រកាសជាបន្តបន្ទាប់រហូតដល់ឆ្នាំ ២០២៥។
គួរបញ្ជាក់ដែរថា 2NE1 បានបង្ហាញខ្លួនដំបូងក្នុងឆ្នាំ ២០០៩ គឺជាក្រុមចម្រៀងនារី K-pop ដ៏មានឥទ្ធិពលបំផុតក្នុងផលិតកម្ម YG Entertainment។ ក្រុមនេះត្រូវបានគេទទួលស្គាល់ថា ជាក្រុមនារីដ៏ជោគជ័យបំផុតនៅក្នុងឧស្សាហកម្មតន្ត្រីកូរ៉េខាងត្បូង ហើយក៏បានក្លាយជាតារានាំមុខគេផងដែរ។ 2NE1 មានភាពល្បីល្បាញលើពិភពលោកសម្រាប់ស្នាដៃជាបន្តបន្ទាប់ដូចជា Go Away, Fire Lonely, I Am The Best, I Love You, Come Back Home ។ ក្នុងឆ្នាំ ២០១៥ ទស្សនាវដ្តី Billboard បានដាក់ចំណាត់ថ្នាក់ 2NE1 ជាក្រុមចម្រៀងនារី Kpop លេខមួយប្រចាំទសវត្សរ៍។
ប៉ុន្តែនៅឆ្នាំ ២០១៦ ដោយសារមានរឿងផ្ទៃក្នុងជាមួយផលិតកម្ម ពួកគេទាំងបួនក៏បានបំបែកគ្នា ហើយក៏បានចាកចេញពីផលិតកម្ម YG។ ទោះជាយ៉ាងណា បន្ទាប់ពីចាកចេញអស់រយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្រុមនេះក៏មានបំណងរួបរួមគ្នាវិញក្រោមទ្រនំចាស់ ដោយថ្មីៗនេះផលិតកម្ម YG ក៏បានប្រកាសថាសមាជិកក្រុម 2NE1 នឹងវិលត្រលប់មកកាន់ផលិតកម្ម YG Entertainment សារជាថ្មីម្តងទៀត ដែលដំណឹងនេះពិតជាធ្វើឱ្យអ្នកគាំទ្រ K-pop ភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង៕










