កញ្ញា សុខ សារ៉ាវីតា និង នាង សម្បត្តិ ត្រូវបានអ្នកគាំទ្រលើកឡើងថាពួកគេមានទំនាក់ទំនងស្នេហាបន្ទាប់ពីការប្រលងចម្រៀងចប់ក្រោយពីឃើញអ្នកទាំងពីរមានភាពសិ្នទ្ធស្នាលគ្នាជាពិសេសប្រៀបដូចជាគូស្នេហ៍។ ពាក្យចចាមអារ៉ាមនិងមានការផ្គូរផ្គងពីសំណាកហ្វេនៗនេះដែរ សុខ សារ៉ាវីតា ចេញមកបញ្ជាក់តែម្តងថាសម្ព័ន្ធភាពអ្នកទាំងពីរអ្នកគាំទ្រគិតបែបណាគឺបែបនោះតែអ្នកទាំងពីរគ្រាន់តែជាដៃគូធម្មតាទេ។ 
កញ្ញា សុខ សារ៉ាវីតា គឺជាអតីតកូនក្រុមលេចធ្លោនិងជាជើងខ្លាំងម្នាក់របស់អ្នកនាង ឱក សុគន្ធកញ្ញា អំឡុងពេលប្រកួតកម្មវិធីលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី៣។ សារ៉ាវីតា មានទាំងសម្រស់ មានទាំងសមត្ថភាពចាប់តាំងពីបង្ហាញខ្លួនក្នុងការប្រកួតមកគឺធ្វើឱ្យមហាជនចាប់អារម្មណ៍តែម្តង។ ដ្បិតថានាងមិនបានគ្រងជាម្ចាស់ជ័យលាភីប៉ុន្តែការប្រកួតនេះធ្វើឱ្យទស្សនិកជនស្គាល់ សារ៉ាវីតា កាន់តែច្រើន។ បន្ទាប់ពីចប់ការប្រកួតអ្នកចម្រៀងរូបនេះលេចមុខតាមកម្មវិធីប្រគំតន្រ្តីជាហូរហែ តាមកម្មវិធីទូរទស្សន៍ រួមជាមួយកិច្ចសម្ភាសន៍នានា។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ សុខ សារ៉ាវីតា បានចូលរួមក្នុងកម្មវិធី «Let’s Chat Don’t Cheat» ដោយបានទម្លាយប្រាប់ទស្សនិកជនថានាងកើតនៅក្នុងគ្រួសារសិល្បៈមានឪពុកជាតន្រ្តីករ មានម្តាយជាអ្នកចម្រៀង ចំណែកឯបងប្រុសទាំង៥នាក់គឺជាអ្នកសិល្បៈចំណែកនាងគឺជាកូនពៅហើយក៏ដើរលើវិថីសិល្បៈដូចគ្នា។
អតីតកូនក្រុមរបស់អ្នកនាង ឱក សុគន្ធកញ្ញា រូបនេះបានទម្លាយថារូបនាងចូលប្រឡូកសិល្បៈតាំងពីអាយុ៦ឆ្នាំហើយនិងឆ្លងកាត់ការប្រកួតប្រជែងលើវិស័យចម្រៀង៣ដងពីក្មេងម្តង និងធំឡើងចំនួនពីរដងទាំងកម្មវិធីប្រកួតចុងក្រោយនេះដែលមានការលើកទឹកចិត្តពីក្រុមគ្រួសារ។ មិនត្រឹមតែស្រស់ស្អាត ច្រៀងពីរោះ សុខ សារ៉ារីតា ក៏ចេះនិពន្ធបទចម្រៀងផងដែរដោយទើបបង្ហាញស្នាដៃរបស់ខ្លួនទៅលើបទចម្រៀង «ព្រមចុះចាញ់»។ 
ទន្ទឹមនឹងភាពលេចធ្លោលើផ្នែកចម្រៀង សុខ សារ៉ារីតា ក៏បានធ្វើឱ្យអ្នកគាំទ្រចាប់អារម្មណ៍ទៅលើរឿងផ្ទាល់ខ្លួនបន្ទាប់ពីនាង និង នាង សម្បត្តិ ដែលជាអតីតបេក្ខភាព កម្មវិធីជាមួយគ្នា បង្ហាញកាយវិការស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍រហូតត្រូវបានអ្នកគាំទ្រ Ship អ្នកទាំងពីរនិងបានលើកឡើងទៀតថា The Voice ជួបស្នហ៍។
សម្ព័ន្ធភាពអ្នកទាំងពីរ ត្រូវបានលាតត្រដាងពេលចូលរួមនៅក្នុងកម្មវិធីខាងលើ ដោយ សុខ សារ៉ារីតា បាននិយាយថា ទំនាក់ទំនងអ្នកទាំងពីរគឺអាស្រ័យលើទស្សនិកជនអ្នកគាំទ្រជាអ្នកគិត មើលឃើញបែបណាគិតបែបនោះ ខណៈចុងក្រោយ សារ៉ារីតា ថាអ្នកទាំងពីរត្រឹមតែជាដៃគូដៃកង់ធម្មតាទេ៕










