ក្រសួងព័ត៌មាន បាននិងកំពុងរៀបចំសណ្តាប់ធ្នាប់ក្នុងវិស័យសារព័ត៌មាន គុណភាពព័ត៌មាន និងសុវត្ថិភាពព័ត៌មាន ដើម្បីទប់ស្កាត់និងប្រឆាំងព័ត៌មានក្លែងក្លាយ, ការអនុវត្តនិងគោរពក្រម សីលធម៌វិជ្ជាជីវៈ ឱ្យបានត្រឹមត្រូវក្នុងចំណោមអ្នកសារព័ត៌មាន។
ក្រសួងព័ត៌មាន ស្នើដល់អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និង MMO សូមយកស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការចែកចាយ ព័ត៌មានដោយសុចរិត ពិតប្រាកដ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមាននៅក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន។
នៅក្នុងនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យឯកឧត្ដម នេត្រ ភក្រ្ដា រដ្ឋមន្ត្រីក្រសួងព័ត៌មានដកអាជ្ញាប័ណ្ណ និងដាក់ក្នុងបញ្ជីខ្មៅ ចំពោះអ្នកព័ត៌មានណាដែលផ្សាយព័ត៌មានមិនពិត តាមគៀបគេស៊ី និងបំពុលសង្គមដើម្បីកុំធ្វើឱ្យអ្នកព័ត៌មានបួនដប់នាក់នេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកព័ត៌មានវិជ្ជាជីវៈ។
សម្ដេចធិបតី សង្កត់ធ្ងន់ថា៖” រាជរដ្ឋាភិបាលគ្មានការបិទសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនោះទេ ប៉ុន្ដែត្រូវគោរពសិទ្ធិអ្នកដ៏ទៃ ដោយត្រូវផ្សាយមានពិត ដើម្បីផ្តល់ប្រយោជន៍ដល់សង្គមជាតិ”៕










