ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម ព្រមទាំងអង្គការសត្វព្រៃ និងរុក្ខជាតិ បានប្រកាសរកឃើញសម្បុកក្រពើភ្នំចំនួន៥ នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។
សម្បុកក្រពើភ្នំចំនួន៥នេះ មានពងសរុប ១០៦គ្រាប់ នៅឧទ្យានជាតិជួរភ្នំក្រវាញ។ ក្នុងចំណោមពងក្រពើភ្នំដែលទើបរកឃើញជាង ១០០គ្រាប់នេះ គឺមាន៦០គ្រាប់បានញាស់ចេញពីសម្បុកដោយជោគជ័យក្នុងចន្លោះថ្ងៃទី២៧ដល់ថ្ងៃទី៣០មិថុនា ឆ្នាំ២០២៤។
ការរកឃើញសម្បុកក្រពើភ្នំនេះជាជោគជ័យថ្មីរបស់ខ្លួនចេញពីការខិតខំជ្រើសរើសពូជក្រពើភ្នំសុទ្ធមកបង្កាត់ដាក់ចូលក្នុងជម្រកធម្មជាតិវិញ ក្នុងដែនអភិរក្សបរិស្ថាន។
ក្រពើភ្នំ បានដើរតួនាទីសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ី ខណៈការរកឃើញសម្បុកពងកូនលើកនេះជាការឆ្លុះបញ្ចាំងឱ្យឃើញថាឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិមានសុវត្ថិភាព និងសមស្របសម្រាប់ការរស់នៅរបស់ប្រភេទសត្វដ៏កម្រនេះ។
សត្វក្រពើភ្នំមានចំនួនប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាត្រូវបានគេចាត់ទុកថាមានវត្តមានសត្វក្រពើភ្នំច្រើនជាងគេប្រមាណជាង ៣០០ក្បាល៕










