លោក Summer ដែលជាពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 ដែលត្រូវបានអ្នកមួយចំនួនមិនពេញចិត្តដោយសារតែនិយាយភាសាអង់គ្លេសច្រើនក្នុងកម្មវិធីបានទម្លាយប្រាប់ទស្សនិកជនថាកត្តាដែលធ្វើបែបនេះគឺលោកតាំងចិត្តចង់ឱ្យកម្មវិធីដូចទៅនឹង Miss Grand International យកឱកាសនេះដើម្បីឱ្យកម្មវិធីមានការចាប់អារម្មណ៍ច្រើន។ ពិធីកររូបនេះក៏បានលើកឡើងទៀតថាការតាំងចិត្តរបស់លោកធ្វើឱ្យ ប៊ី សុធារី មានការចាប់អារម្មណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក ហើយលោកនឹងទទួលរាល់មតិរិះគន់ដើម្បីស្ថាបនាឆ្នាំក្រោយលោកនឹងនិយាយភាសាជាតិឱ្យបានច្រើន។

ទទួលបានសំណួរយ៉ាងច្រើនគ្រប់បណ្តាញសង្គមចំពោះមតិយោបល់ពីបញ្ហាកម្មវិធីជាតិសោះហេតុអ្វីនិយាយភាសាអង់គ្លេសច្រើន Summer ពិធីករនៅក្នុងកម្មវិធី Miss Grand Cambodia 2024 បានឆ្លើយតបចំពោះសំណួរនេះដែលមានរយៈពេល៥នាទីនៅលើបណ្តាញសង្គមទិកតុកដោយគ្មានបំណងចង់ឈ្នះចាញ់ឡើយសុំតែសុខ។ លោកដឹងថាកម្មវិធីនៅប្រទេសមួយចំនួនជិតយើងគេនិយាយភាសាជាតិច្រើនជាងភាសាអង់គ្លេស លើកឡើងតែ Miss Grand International និយាយភាសាអង់គ្លេសហើយមានពិធីករតែម្នាក់នៅថ្ងៃផ្តាច់ព្រ័ត្រ។ មូលហេតុឆ្នាំនេះគឺលោកតាំងចិត្តចង់ធ្វើឱ្យកម្មវិធី Miss Grand Cambodia ដូចទៅនឹង Miss Grand international តែម្តងដែលថ្ងៃផ្តាច់ព្រ័ត្រពិធីករនិយាយភាសាបរទេស។
.png)
Summer ថា លោកមានឱកាសមានវាសនា ធ្វើជាពិធីករ Miss Grand Cambodia ទេលោកគ្មានឱកាសទៅធ្វើជាពិធីករ Miss Grand International គេមានពិធីករគេហើយទើបលោកប្រើឱកាសនេះធ្វើដូចទៅនឹងការប្រកួតឆាកអន្តរជាតិឱ្យកម្មវិធីយើងល្បីម្តងដល់ឆាកអន្តរជាតិឱ្យបេក្ខនារីមានគេចាប់អារម្មណ៍ច្រើន និងទាក់ទាញចំណាប់អារម្មណ៍។ ឆ្នាំមុនល្បីត្រឹមតែក្នុងស្រុកទេមិនបានល្បីដល់ក្រៅស្រុកឡើយ។ ចុងក្រោយលោកបានឃើញ Miss Grand International ស៊ែរទន្ទឹមនឹងកម្មវិធីកំពុង Live ហើយស្ថាប័នធំនេះបានកាត់ត្រង់ចំណុចដែលប្រកាសលទ្ធផលដែលលោកនិយាយជាភាសាអង់គ្លេសយកទៅបង្ហោះលើបណ្តាញសង្គមរបស់គេដែលធ្វើឱ្យ ប៊ី សុធារី មានគេចាប់អារម្មណ៍កាន់តែច្រើនពីប្រទេសផ្សេងៗដែលធ្វើឱ្យលោកមានមោទនភាពយ៉ាងខ្លាំង។
ពិធីកររូបនេះទម្លាយទៀតថា បើកន្លែងប្រកាសលទ្ធផលបន្ថែមភាសាខ្មែរលោកក៏អាចបន្ថែមបានប៉ុន្តែលែងដូចឆាក International ដូចជាការប្រកួតក្នុងស្រុកនិងដូចឆ្នាំមុន។ លោកនិយាយភាសាខ្មែរកន្លែងដែលសំខាន់ៗដូចជាការបើកក្បាលកម្មវិធី គោរពទង់ជាតិ គោរពគណៈអធិបតី និងអ្នកឧបត្ថម្ភ។ 
Summer បន្ថែមទៀតថា ឆ្នាំក្រោយលោកនឹងបន្ថែមភាសាខ្មែរសម្រាប់ទស្សនិកជនដើម្បីឱ្យស្តាប់យល់សម្រាប់អ្នកគាំទ្រវិស័យបវរកញ្ញា។ លោកនៅតែទទួលមតិរិះគន់ដើម្បីស្ថាបនា ដើម្បីកែលម្អនៅឆ្នាំក្រោយព្រោះលោកមិនមានមោទនភាពគ្រាន់តែនិយាយភាសាអង់គ្លេសមួយប្រាវនៅលើឆាកលោកនៅតែព្យាយាមកែលម្អជានិច្ច៕










