ប្រទេសថៃ ៖ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា មានហេតុការណ៍មួយកើតឡើងបណ្តាលឱ្យភ្ញាក់ផ្អើលនៅកណ្តាលទីក្រុងបាងកក គឺបុគ្គលិកសណ្ឋាគារបានឃើញជនជាតិវៀតណាមចំនួន៦នាក់ ដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារប្រណីតនៅតំបន់រ៉ាជប្រាស៊ុង ហើយក្នុងចំណោមនេះ សាកស.ព ២នាក់ មានសញ្ជាតិអាមេរិក ។ ជុំវិញហេតុការណ៍នេះ លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា វានឹងពុំប៉ះពាល់ដល់វិស័យទេសចរណ៍ទេ ដោយសារមិនមែនជាករណីប្ល.ន់ ទ្រព្យសម្បត្តិ ។.jpg)
នៅក្នុងបន្ទប់កើតហេតុ សាកសពជនជាតិវៀតណាមចំនួន៤នាក់ បានស្លាប់នៅបរិវេណតុអាហារ រីឯសាកសព២នាក់ទៀតស្លាប់ក្នុងបន្ទប់សម្រាក ។ ជំហានដំបូង សមត្ថកិច្ចថៃសន្និដ្ឋានថា មូលហេតុនៃការស្លាប់ គឺមានបុគ្គលផ្សេងទៀតលួចដាក់ថ្នាំបំពុលពួកគេក្នុងភេសជ្ជៈ ពីព្រោះគ្មានស្លាកស្នាមការវាយតប់គ្នា ឬអំពើហិង្សាក្នុងបន្ទប់ស្នាក់នៅទេ ។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណសាកសពជនជាតិវៀតណាមទាំង៦នាក់ រួមមាន ៖
១-អ្នកស្រី SHERINE CHONG អាយុ៥៦ឆ្នាំ សញ្ជាតិអាមេរិក
២-លោក HUNG DANG VAN អាយុ៥៥ឆ្នាំ សញ្ជាតិអាមេរិក
៣-អ្នកស្រី THI NGUYEN PHUONG LAN អាយុ៤៧ឆ្នាំ សញ្ជាតិវៀតណាម
៤-លោក HONG PHAM THANH អាយុ៤៩ឆ្នាំ សញ្ជាតិវៀតណាម
៥-លោក DINH TRAN PHU អាយុ៣៧ឆ្នាំ សញ្ជាតិវៀតណាម និង
៦-អ្នកស្រី THI NGUYEN PHUONG សញ្ជាតិវៀតណាម ។.jpg)
លោកឧត្តមសេនីយ៍ឯក ធិទិ ស៊ែងសាវ៉ាង ស្នងការនគរបាលប្រចាំក្រុងបាងកក និយាយថា តាមរយៈការត្រួតពិនិត្យនៅកន្លែងកើតហេតុឃើញថា គ្មានស្លាកស្នាមការវាយតប់គ្នាទេ ហើយជនជាតិវៀតណាមទាំងនេះបានស្លាប់ក្នុងបន្ទប់តែមួយ ។ ពួកគេមានគម្រោង Check out ចេញពីបន្ទប់សណ្ឋាគារ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ ព្រមទាំងបានរៀបចំអីវ៉ាន់ដាក់វ៉ាលិសរួចរាល់ហើយ ។ ជំហានបន្ទាប់ សមត្ថកិច្ចនឹងធ្វើការពិសោធន៍សាកសពឱ្យបានលម្អិត និងត្រួតពិនិត្យភស្តុតាងពាក់ព័ន្ធទាំងអស់ ។
ចំណែកលោកឧត្តមសេនីយ៍ទោ ធីរ៉ាឌេត ថាំសុធី មេបញ្ជាការផ្នែកស៊ើបអង្កេតប្រចាំក្រុងបាងកក និយាយថា សាកសពក្នុងបន្ទប់សណ្ឋាគារនៅទីក្រុងបាងកក គឺមានបុរស៣នាក់ និងស្ត្រី៣នាក់ ដែលពួកគេជាជនជាតិវៀតណាមទាំងអស់ ក្នុងនោះសាកសព២នាក់ មានសញ្ជាតិអាមេរិក ។ តាមការស៊ើបអង្កេតជំហានដំបូងឃើញថា ពួកគេអាចត្រូវគេលួចដាក់ថ្នាំបំពុលក្នុងទឹកតែ និងកាហ្វេ ។
បើតាមបុគ្គលិកផ្នែកបោសសម្អាតសណ្ឋាគារខាងលើនិយាយថា ដោយសារសង្ស័យ ខ្លួនក៏មកពិនិត្យនៅបន្ទប់កើតហេតុ ពីព្រោះជនជាតិវៀតណាមទាំងនេះដល់ពេលវេលា Check out ចេញពីបន្ទប់សណ្ឋាគារហើយ ប៉ុន្តែខ្លួនពុំឃើញពួកគេចាកចេញសោះ ។
បន្ទាប់មក នាយករដ្ឋមន្ត្រីថៃ លោក ស្រេតថា ថាវីស៊ីន ក៏បានធ្វើដំណើរមកកាន់សណ្ឋាគារកើតហេតុនៅតំបន់រ៉ាជប្រាស៊ុង ព្រមជាមួយមន្ត្រីរដ្ឋាភិបាលមួយចំនួនទៀត ហើយលោកថ្លែងថា បើពិនិត្យនៅទីតាំងកើតហេតុនេះ គឺគ្មានអំពើប្លន់ទ្រព្យសម្បត្តិ ឬអំពើហិង្សាកើតឡើងទេ ។ ការសន្និដ្ឋានជំហានដំបូង គឺអាស្រ័យលើការពិនិត្យសាកសពទាំងអស់ ព្រមទាំងពិនិត្យភស្តុតាងផ្សេងៗដើម្បីសន្និដ្ឋានថា តើពួកគេបានបរិភោគអ្វីដែរឬទេ? ទោះយ៉ាងណា យើងសូមបញ្ជាក់ថា ហេតុការណ៍នេះពុំពាក់ព័ន្ធនឹងអំពើប្លន់ធ្វើបាបរាងកាយទេ ។
លោកនាយករដ្ឋមន្ត្រីថៃបន្តថា បើតាមសន្និដ្ឋានរបស់សមត្ថកិច្ចថា គឺអាចមានជនជាតិវៀតណាមម្នាក់ទៀតពាក់ព័ន្ធនឹងហេតុការណ៍នេះ ហើយសមត្ថកិច្ចពុំទាន់រកឃើញនៅឡើយ ។ ដូច្នេះ វានឹងពុំប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃទេ ហើយមុននេះ លោកក៏បានជជែកជាមួយមន្ត្រីទូតវៀតណាមរួចហើយ និងបានជម្រាបព័ត៌មាននេះទៅមន្ត្រីទូតវៀតណាម ។
ក្រោយមក សមត្ថកិច្ចក៏បានរកឃើញភស្តុតាងបន្ថែមទៀត និងបង្ហាញម្ហូបអាហារនៅលើតុក្នុងបន្ទប់សណ្ឋាគារដែលជនជាតិវៀតណាមទាំងនេះកុម្ម៉ង់មកបរិភោគ ប៉ុន្តែពួកគេពុំទាន់បានបរិភោគអាហារនៅឡើយទេ មុនពេលស្លាប់ ៕










