ថ្មីៗនេះ សាប៊ូស្ពៃក្រញ៉ាញ់ ក្រោមស្នាដៃស្រ្តីខ្មែរមួយរូប ហាក់ទទួលបាននូវចំណាប់អារម្មណ៍និងការកោតសរសើរព្រោងព្រាតក្នុងចំណោមមហាជនគ្រប់ៗរូប ដោយស្រ្តីរូបនេះមានគំនិតច្នៃប្រឌិតខ្ពស់ ប្រកបដោយដ៏មុះមុតក្នុងការជួយសម្រួលដល់កសិករខ្មែរ ដែលកំពុងតែរងនូវការលំបាកលើដំណាំមួយមុខនេះ។
កាលពីថ្ងៃទី១៤ ខែកក្កដា យោងតាមការបង្ហោះនៅលើបណ្តាញសង្គម ដោយគេហទំព័រផ្លូវការរបស់អ្នកនាងនុត សម្ផស្ស ស្ថាបនិករោងចក្រសាប៊ូអូកា បានគូសបញ្ជាក់ថា« ថ្ងៃនេះ នាងខ្ញុំរំភើបចិត្តឥតឧបមាដែលមានប្អូនៗនិស្សិតដែលគាំទ្រកសិផល និងផលិតផលខ្មែរបានស្ម័គ្រមកជួយផលិតសាប៊ូចេញពីស្ពៃក្រញាញ់ខ្មែរចំនួន ១០០នាក់។ សកម្មភាពនេះបញ្ជាក់អោយឃើញថា យុវជនជាទំពាំងរបស់ខ្មែរយើងពិតជាស្មារតីស្រឡាញ់ គាំទ្រ កសិផល និងផលិតផលជាតិណាស់ ទើបលះបង់ពេលវេលាដ៏មានតម្លៃមកចូលរួមជាមួយយើងខ្ញុំ»។
គួរបញ្ជាក់ថា ការកែច្នៃស្ពៃក្រញ៉ាញ់របស់ក្រុមហ៊ុននេះ បានធ្វើឲ្យផលិតផលថែរក្សាស្បែក របស់កូនខ្មែរជាច្រើនទម្រង់បានលេចឡើងមក ព្រមជាមួយនឹងតម្លៃសមរម្យ ដែលមានដូចជា ម៉ាសមុខ ហ្វូមលាងមុខ សាប៊ូលាងមុខ សាប៊ូដុសខ្លួនជាដើម។
សាប៊ូស្ពៃក្រញាញ់ផ្តល់នូវអត្ថប្រយោជន៍ជាច្រើនក្នុងការថែរក្សាស្បែក រួមទាំងការផ្តល់សំណើម ការពារប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងជំរុញដល់ការផលិតកូឡាជែន ហើយប្រើជាប្រចាំក្នុងការថែរក្សាស្បែក សារធាតុចិញ្ចឹមរបស់ស្ពៃក្រញាញ់ធ្វើអោយស្បែកភ្លឺថ្លា តឹងណែន ពន្យារភាពចាស់របស់ស្បែក»៕










