សហរដ្ឋអាមេរិក៖ កាលពីពេលថ្មីៗនេះ អតីតប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវបានគេប៉ុនប៉ងធ្វើឃា.ត ប៉ុន្តែមិនបានសម្រេចនោះទេ។ មិនយូរប៉ុន្មានភាគហ៊ុនរបស់ Trump Media ក៏បានកើនឡើងច្រើនជាង ៣០% ក្នុងមួយវគ្គ ដែលជួយឱ្យអតីតប្រធានាធិបតីរូបនេះ ត្រឡប់ទៅក្រុមអ្នកមានបំផុត ៥០០ នៅលើពិភពលោកជាមួយនឹងទ្រព្យសម្បត្តិសុទ្ធ ៦.៦ ពាន់លានដុល្លារ។
យោងតាម Forbes ការបិទវគ្គជួញដូរនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៤ ភាគហ៊ុនរបស់ក្រុមហ៊ុន Trump Media & Technology Group ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump បានកើនឡើងរហូតដល់ ៣២% ដែលនេះជាវគ្គកើនឡើងខ្លាំងទីបីសម្រាប់ភាគហ៊ុននេះក្នុងឆ្នាំនេះ។ ដូច្នេះបច្ចុប្បន្នលោក Trump កាន់កាប់ភាគហ៊ុន ៦៥% នៃភាគហ៊ុនរបស់ Trump Media ដែលស្មើនឹង ១១៤.៧ លានភាគហ៊ុន។
តម្លៃនៃភាគហ៊ុនទាំងនេះគឺបានកើនឡើងពី ៣.៥ ពាន់លានដុល្លារកាលពីសប្តាហ៍មុនដល់ ៤.៦ ពាន់លានដុល្លារនាពេលបច្ចុប្បន្ន។ ហេតុនេះទ្រព្យសម្បត្តិរបស់អតីតប្រធានាធិបតីអាមេរិកគឺមានចំនួន ៦.៦ ពាន់លានដុល្លារអាមេរិក ដែលជួយឱ្យគាត់ត្រឡប់ទៅជាកំពូលអ្នកមានបំផុតទាំង ៥០០ នៅលើពិភពលោក។ ការកើនឡើងនៃតម្លៃភាគហ៊ុនរបស់ Trump Media កាលពីម្សិលមិញបានបង្ហាញថាអ្នកវិនិយោគមានទំនុកចិត្តកាន់តែខ្លាំងឡើងថា Trump នឹងឈ្នះការបោះឆ្នោតខែវិច្ឆិកាខាងមុខនេះ។
វិនិយោគិនបច្ចុប្បន្នព្យាករណ៍ថា ការប៉ុនប៉ងធ្វើឃាតដែលបរាជ័យ នៅថ្ងៃទី ១៣ ខែកក្កដានឹងផ្តល់ឱ្យ Trump នូវឱកាសកាន់តែខ្ពស់ក្នុងការឈ្នះការបោះឆ្នោត។ អ្នកជំនាញនិយាយថា កណ្តាប់ដៃរបស់លោក Trump បន្ទាប់ពីការប៉ុនប៉ងធ្វើឃាតដែលបរាជ័យរបស់លោកត្រូវបានចាត់ទុកថាជាកាយវិការបង្ហាញពីភាពក្លាហាន និងសមត្ថភាពរបស់លោកក្នុងការគ្រប់គ្រងស្ថានការណ៍ក្នុងគ្រាលំបាក។
គួរបញ្ជាក់ដែរថា Trump Media ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២១ និងដំណើរការបណ្តាញសង្គម Truth Social ដែលបង្កើតឡើងដោយ Trump ។ នៅចុងខែមីនា ក្រុមហ៊ុន Trump Media ត្រូវបានចុះបញ្ជីនៅ Nasdaq (សហរដ្ឋអាមេរិក) តាមរយៈការរួមបញ្ចូលគ្នាជាមួយ SPAC (ក្រុមហ៊ុនគោលបំណងពិសេស) ដែលហៅថា Digital World Acquisition Corp. Trump Media បច្ចុប្បន្នមានមូលធននីយកម្មចំនួន ៧.៧ ពាន់លានដុល្លារអាមេរិក៕










