Boeing គឺជាក្រុមហ៊ុនដ៏ធំក្នុងឧស្សាហកម្មអាកាសចរណ៍ប្រកាសថា កំពុងតែប្រឈមនឹងចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំង ។ កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុននេះអាចលក់យន្តហោះប្រភេទ 737 Max បានតែ១៤គ្រឿងប៉ុណ្ណោះ ហើយក្នុងចំនួននេះ មានយន្តហោះដឹកអ្នកដំណើរត្រឹមតែ៣គ្រឿង ។
ចំនួនការលក់យន្តហោះធ្លាក់ចុះយ៉ាងខ្លាំងនេះ គឺបណ្តាលមកពីហេតុការណ៍ទ្វារយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines ធ្លាក់នៅលើអាកាស កាលពីដើមឆ្នាំ២០២៣ ។ ហេតុនេះ វាបណ្តាលឱ្យអ្នកដំណើរបាត់បង់ទំនុកចិត្តលើយន្តហោះ 737 Max យ៉ាងខ្លាំង ហើយសូម្បីតែក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀតដែលចង់ទិញយន្តហោះបន្ថែម ក៏ពន្យារពេលការកុម្ម៉ង់ទិញយន្តហោះដែរ ។
បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ចំនួនការលក់យន្តហោះរបស់ក្រុមហ៊ុន Boeing បានធ្លាក់ចុះរហូតដល់៩៥% គឺធ្លាក់ចុះពីចំនួន៣០៤គ្រឿង នៅខែមិថុនា ឆ្នាំ២០២៣ មកស្មើត្រឹមតែ១៤គ្រឿងប៉ុណ្ណោះ នៅខែមិថុនា ឆ្នាំ២០២៤ ។ រីឯចំនួនការលក់យន្តហោះសរុបនៅឆមាសទី១ ឆ្នាំ២០២៤ បានធ្លាក់ចុះ៧០% បើធៀបនឹងឆ្នាំ២០២៣ ។
បើទោះជាមានសញ្ញាវិជ្ជមាននៅខែមីនា ឆ្នាំ២០២៤ ដែលក្រុមហ៊ុន Boeing បានលក់យន្តហោះរហូតដល់១១៣គ្រឿងក្តី ប៉ុន្តែការទិញភាគច្រើនជាការកុម្ម៉ង់ទិញយន្តហោះ ដែលគ្មានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration (FAA) ។ ការបញ្ជាក់សុវត្ថិភាពរបស់យន្តហោះនេះ ត្រូវបានពន្យារពេលយ៉ាងហោចណាស់រហូតដល់ឆ្នាំ២០២៥ ។
ក្រៅពីនេះ ក្រុមហ៊ុន Boeing នឹងប្រឈមមុខជាមួយផ្លូវច្បាប់ផងដែរ ដោយក្រុមហ៊ុននេះត្រូវសារភាពកំហុសករណីបុគ្គលិករបស់ខ្លួនបោកប្រាស់ថា យន្តហោះរបស់ក្រុមហ៊ុនសុទ្ធតែមានការបញ្ជាក់សុវត្ថិភាពពី Federal Aviation Administration ។ ក្រៅពីនេះ ក្រុមហ៊ុនអាចប្រឈមនឹងការចោទប្រកាន់ច្បាប់ព្រហ្មទណ្ឌបន្ថែមទៀត ដោយសារហេតុការណ៍របស់ Alaska Airlines ។
ស្ថានការណ៍នេះបង្ហាញឱ្យឃើញពីបញ្ហាប្រឈមយ៉ាងខ្លាំងរបស់ក្រុមហ៊ុន Boeing លើផ្នែកស្តារទំនុកចិត្តឡើងវិញ, ការកែលម្អស្តង់ដារសុវត្ថិភាព និងការលក់យន្តហោះឱ្យបានច្រើនដូចមុន ។ ហេតុនេះ វានឹងក្លាយជាគន្លឹះដ៏សំខាន់សម្រាប់ឱ្យក្រុមហ៊ុននេះអាចដំណើរការ និងរីកចម្រើននាថ្ងៃអនាគត ៕










