ពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ និងដើម្បីជាការអបអរ ផលិតកម្ម Galaxy របស់លោកឡេង ណាវ៉ាត្រា បានដឹកនាំសិល្បករ សិល្បការីប្រមាណនឹង ៣.០០០ នាក់ មករួមគ្នាច្រៀងនិងសម្តែងក្នុងចម្រៀងមួយបទ ក្រោមចំណងជើងថា «៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ»។
នៅក្នុង MV នៃចម្រៀងមួយបទនេះ ដោយមានការរួមគ្នាច្រៀងនិងសម្តែងពីកំពូលតារាល្បីៗប្រចាំផលិតកម្ម Galaxy Navatra ព្រមជាមួយនឹងសិល្បករ សិល្បការី សរុបចំនួន៣.០០០នាក់ ដោយមានការដឹកនាំផ្ទាល់ពីលោកឡេង ណាវ៉ាត្រា ជាម្ចាស់ផលិតកម្ម ដើម្បីទទួលបាន MV ចម្រៀងមួយបទ ប្រកបដោយគុណភាពនិងចារទុកជាប្រវត្តិសាស្រ្តដល់កូនខ្មែរជំនាន់ក្រោយ ចងចាំនូវគម្រោងព្រែកជីកដ៏ធំមួយក្នុងប្រវត្តិសាស្រ្តខ្មែរ គឺព្រែកជីកហ្វូណនតេជោ។
យ៉ាងណាមិញ MV នៃបទចម្រៀង«៥សីហាការដ្ឋានប្រវត្តិសាស្រ្តហ្វូណនតេជោ» គ្រោងនឹងបញ្ចេញក្នុងពេលឆាប់ៗខាងមុខនេះ ខណៈបទចម្រៀងគឺបានច្រៀងរៀបរាប់ពីសារប្រយោជន៍និងខ្លឹមសារនៃព្រែកជីកហ្វូណនតេជោ យ៉ាងពិរោះរណ្តំ ប្រកបដោយអត្ថន័យជ្រាលជ្រៅដែលកូនខ្មែរគ្រប់រូបត្រូវចងចាំទុក។ ជាមួយគ្នានោះ សិល្បករ សិល្បការី ដែលបានមករួមសម្តែងនិងច្រៀងនៅក្នុងMV នៃចម្រៀងមួយបទនេះ បានបង្ហាញនូវសេចក្តីសោមនរីករាយនិងមានមោទនភាពជាពន់ពេក ក៏ដូចជាមានគាំទ្រដល់គម្រោងព្រែកជីកនេះគ្រប់ៗគ្នាផងដែរ។
គួរបញ្ជាក់ដែរថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ ខណៈវាត្រូវបានគេស្គាល់ថាជាផ្លូវតភ្ជាប់ដ៏សំខាន់រវាងប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងនេះ គ្រោងនឹងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)៕










