សូមជម្រាបថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ សារព័ត៌មាន The Australian បានចេញផ្សាយខុសការពិតថា អ្នកឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធជាមួយបណ្ដាញឧក្រិដ្ឋកម្មផ្សេងៗដូចជា ការជួញដូរមនុស្ស ការឆបោកតាមអ៉ិនធើណែត និងការនាំចូលគ្រឿងញៀន។
ក្រោយពីការចេញផ្សាយ អ្នកឧកញ៉ា ហ៊ុន តូ តាមរយៈលោកមេធាវី Adam Lopez ប្រចាំនៅប្រទេសអូស្រ្តាលី បានដាក់ពាក្យបណ្តឹងប្តឹងសារព័ត៌មាន The Australian ដើម្បីផ្តល់យុត្តិធម៌ និងភាពស្អាតស្អំ។
ក្រោយការស្រាវជ្រាវ និងប្តឹងផ្តល់ជាមួយសារព័ត៌មាន The Australian អស់រយៈពេលជិត២ឆ្នាំ នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ តុលាការសហព័ន្ធអូស្ត្រាលី បានចេញសេចក្តីសម្រេចដោយផ្តល់យុត្តិធម៌ ឱ្យអ្នកឧកញ៉ា ហ៊ុន តូ។
បើតាមលិខិតរបស់លោកមេធាវី Thomson Geer បានបញ្ជាក់ថា៖”សារព័ត៌មាន The Australian មិនមានចេតនាថា លោក ហ៊ុន តូ មានពិរុទ្ធលើបទឧក្រិដ្ឋណាមួយ ឬថាមានភស្តុតាងដែលថាគាត់បានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងបញ្ហានៃអត្ថបទទាំងនេះទេ។ យើងទទួលយកការធានារបស់លោក ហ៊ុន តូ ដែលថា គាត់មិនជាប់ពាក់ព័ន្ធ”៕










