កូរ៉េខាងត្បូង៖ ភូមិបុរាណ Bukchon Hanok គឺជាកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់ទីក្រុងសេអ៊ូល ដែលទាក់ទាញអ្នកទស្សនារាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណា ថ្មីៗនេះអាជ្ញាធរមូលដ្ឋានក្នុងភូមិនេះស្រាប់តែសម្រេចដាក់បម្រាមគោចរភ្លាមៗ ដោយស្វាគមន៍ភ្ញៀវទេសចរមានកំណត់។
យោងតាម CNN មូលហេតុដែលអាជ្ញាធរមូលដ្ឋានភូមិ Bukchon Hanok ដាក់បម្រាមគឺដោយសារបញ្ហាទេសចរណ៍ហួសប្រមាណបានរីករាលដាលពាសពេញទីក្រុង ទើបអាជ្ញាធរកូរ៉េខាងត្បូងបានប្រកាសការគ្រប់គ្រងយ៉ាងតឹងរ៉ឹងដើម្បីការពារភូមិប្រពៃណីប្រវត្តិសាស្ត្រនៅកណ្តាលទីក្រុងសេអ៊ូលឱ្យឆ្ងាយពីហ្វូងភ្ញៀវទេសចរ។ ដូច្នេះភូមិនេះត្រូវបានកំណត់ថាជា “តំបន់គ្រប់គ្រងពិសេស” ដំបូងបង្អស់របស់ប្រទេសក្រោមច្បាប់ផ្សព្វផ្សាយទេសចរណ៍របស់ប្រទេសកូរ៉េខាងត្បូង។ 
អាស្រ័យហេតុនេះ បម្រាមគោចរនឹងត្រូវអនុវត្តតែលើអ្នកទេសចរប៉ុណ្ណោះ ដោយស្វាគមន៍អ្នកទេសចរមានកំណត់ មានន័យថា ប្រសិនបើភ្ញៀវទេសចរចង់មកទីនេះ ភ្ញៀវត្រូវគោរពពេលវេលាចេញចូលតាមច្បាប់ ដោយបើកឱ្យភ្ញៀវចូលចាប់ពីម៉ោង ១០ ព្រឹកដល់ ៥ ល្ងាចប៉ុណ្ណោះ។ ហើយរថយន្តក្រុងទេសចរណ៍ក៏ត្រូវបានដាក់កម្រិតនៅក្នុងតំបន់មួយចំនួនផងដែរ ដើម្បីកាត់បន្ថយចរាចរណ៍ និងបង្វែរ Bukchon ទៅជាកន្លែងដើរ។ តំបន់ដែលមានកូដពណ៌ចំនួនបី គឺក្រហម ទឹកក្រូច និងលឿង ក៏នឹងត្រូវបានកំណត់ផងដែរ ដើម្បីអនុញ្ញាតឱ្យអាជ្ញាធរមូលដ្ឋានគ្រប់គ្រង ងាយស្រួលតាមដានហ្វូងមនុស្សនៅក្នុងតំបន់ដែលមានប្រជាជនច្រើនបំផុត។ 
ក្រុមមន្ត្រីបាននិយាយថា អ្នកបំពានក៏នឹងត្រូវពិន័យផងដែរ។ វិធានការរឹតត្បិតទេសចរណ៍ទាំងនេះនឹងត្រូវបានអនុវត្តនៅដើមខែតុលាឆ្នាំនេះ។ យោងតាមទិន្នន័យរបស់រដ្ឋាភិបាលកូរ៉េ ភ្ញៀវទេសចរក្នុងស្រុក និងបរទេសប្រមាណ ៦.៦ លាននាក់បានទៅទស្សនា Bukchon ក្នុងឆ្នាំ ២០២៣។ អស់រយៈពេលជាច្រើនឆ្នាំ ភ្ញៀវទេសចរតែងមកទីនេះច្រើនលើសលប់ និងបង្កបញ្ហាជាមួយប្រជាជនក្នុងតំបន់។ ការត្អូញត្អែរអំពីសំលេងរំខាន ការទុកដាក់សំរាម និងបញ្ហាឯកជនភាពនៅក្នុងសង្កាត់ក៏បានកើនឡើង ដែលនេះបណ្តាលឱ្យអាជ្ញាធរចាប់ផ្តើមចេញបម្រាមហាមឃាត់ភ្ញៀវទេសចរតែម្តង។
នៅក្នុងសង្កាត់ Jongno ក្នុងទីប្រជុំជនទីក្រុងសេអ៊ូល Bukchon នៅជិតកន្លែងសម្គាល់វប្បធម៌ផ្សេងទៀតដូចជាប្រាសាទបុព្វបុរសរាជវង្ស Jongmyo និងវិមានដ៏ធំ Gyeongbokgung និង Changdeokgung ។ តំបន់នេះធ្លាប់ជាកន្លែងសម្រាប់មន្ត្រីជាន់ខ្ពស់ និងពួកអភិជនក្នុងសម័យស្តេច Joseon ដែលគ្រប់គ្រងប្រទេសកូរ៉េពីទសវត្សរ៍ឆ្នាំ ១៣០០ ដល់ឆ្នាំ ១៩១០។ សព្វថ្ងៃនេះ តំបន់នេះមានប្រជាជនរស់នៅប្រហែល ៦,០០០ នាក់ ក៏ដូចជាអាជីវកម្ម ផ្ទះសំណាក់ ហាងសិប្បកម្ម និងហាងកាហ្វេ រួមទាំងទីតាំងថតរូបលេចធ្លោមួយចំនួន៕










