មហាជនខ្មែរជាច្រើនហាក់ផ្ទុះ.ប្រតិក.ម្មទៅលើកម្មវិធី Miss Universe Thailand ឆ្នាំ២០២៤ ដែលបានរៀបចំឈុតតំណាងជាតិឲ្យបេក្ខភាពបវរកញ្ញារបស់ខ្លួន ប៉ុន្តែបែរជាមានសណ្ឋានស្រដៀងគ្នា ស្ទើរតែដូចបេះបិទទៅនិងឈុតប្រពៃណីខ្មែរពីបុរាណមក។
កម្មវិធីប្រកួតសម្រស់ Miss Universe Thailand ឆ្នាំ២០២៤ ដែលរាត្រីគ្រងម្កុដបានឈានមកដល់នាថ្ងៃទី១៤ ខែកក្កដានេះ និងបានរងឃើញម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលតំណាងប្រទេសថៃ ដែលនឹងទៅចូលរួមប្រកួតនៅលើឆាកអន្តរជាតិ គឺបានទៅលើបេក្ខនារី អ៊ូប៉ល ស៊ូឆាតា ឈូងស្រ៊ី។
យ៉ាងណាមិញ មុនឈានចូលទៅដល់វគ្គផ្តាច់ព្រាត់នៃកម្មវិធីប្រកួតនេះ ក៏មានប្រកួតប្រជែងពីមួយវគ្គទៅមួយវគ្គ ក្នុងចំណោមបវរកញ្ញាទាំងអស់តំណាងខេត្តក្រុងនានានៃប្រទេសថៃ។ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទៅលើការប្រកួតវគ្គឈុតតំណាងជាតិថៃកាលពីរាត្រីថ្ងៃទី១២ ខែកក្កដា។
បេក្ខភាពបវរកញ្ញាថៃគ្រប់ៗរូប ត្រូវតម្រូវឲ្យគ្រងឈុតតំណាងប្រចាំខេត្តក្រុងរៀងៗខ្លួន។ ទោះជាយ៉ាងណា ក្នុងចំណោមឈុតតំណាងជាតិទាំងនោះគឺ មាន៣ ឈុត ហាក់ស្រដៀងនឹងឈុតប្រពៃណីពីបុរាណកាលរបស់ខ្មែរខ្លាំងពេក ទើបបណ្តាលឲ្យមហាជនខ្មែរផ្ទុះប្រតិកម្មព្រោងព្រាត។
មួយឈុតក្នុងចំណោមនោះ គឺឈុតអប្សរា ដែលបេក្ខភាពបវរកញ្ញាថៃបានគ្រង បើយោងតាមមតិពីមហាជនថា វាហាក់មានទម្រង់ស្ទើរតែដូចគ្នាបេះបិទនិងឈុតអប្សរារាប់ពាន់ឆ្នាំរបស់ខ្មែរ ជាពិសេសគឺទៅលើទម្រង់ម្កុដ ម៉ូដគ្រឿងអលង្ការ និងសម្លៀកបំពាក់។
ឈុតមួយទៀតដែលបេក្ខភាពបវរកញ្ញាថៃបានគ្រង គឺត្រូវបានគេស្គាល់ថាជា ឈុតព្រះនាងលីវយី ឬព្រះនាងសោម៉ា នាសម័យអាណាចក្រនគរភ្នំរបស់ខ្មែរអំឡុងសតវត្សទី១។ ខណៈបើយោងតាមកំណត់ត្រាប្រទេសថៃបានឲ្យដឹងថា ដើមកំណើតនៃព្រះរាជាណាចក្រថៃ គឺអាណាចក្រសុខោទ័យ នៅអំឡុងសតវត្សទី១៣ សោះ។
រីឯឈុតមួយទៀតនិងទទួលរងនូវមតិវាយប្រហារខ្លាំងបំផុតក្នុងចំណោមជនជាតិខ្មែរនោះគឺ ឈុតផ្ការំដួល ខណៈមតិមួយបានលើកឡើងថា អរគុណដែលជួយគាំទ្រប្រទេសកម្ពុជា ក្នុងការស្លៀកឈុតផ្ការំដួល ដែលជាផ្កាតំណាងជាតិខ្មែរផងដែរ៕










