កំពត គឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា ដែលមានចម្ងាយ ១៤៨ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ហើយក៏ជាខេត្តមួយដែលមានសក្តានុពលខ្ពស់ខាងវិស័យទេសចរណ៍ វប្បធម៌ប្រវត្តិសាស្ត្រផងដែរ ដោយទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនជារៀងរាល់ឆ្នាំ។ លើសពីនេះបើនិយាយពីទេសភាពក្នុងខេត្តកំពតវិញគឺថាសឹងតែគ្រប់តំបន់ទាំងអស់សុទ្ធតែស្រស់ស្អាតខ្លាំង ត្រជាក់ភ្នែក ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយរំសាយអស់ទុក្ខកង្វល់ ល្អបំផុតសម្រាប់ការជួបជុំគ្រួសារ មិត្តភក្តិ ឬមនុស្សពិសេស។ ដូច្នេះបើអ្នកស្គាល់កន្លែងទេសចរណ៍ធម្មជាតិទាំងនេះហើយធានាថាសប្បាយកប់ហ្មង!

១.ទឹកធ្លាក់ឱម៉ាល់៖ ទឹកធ្លាក់ឱម៉ាល់គឺជារមណីយដ្ឋានធម្មជាតិមួយដែលមានភ្ញៀវទេសចរណ៍តិចតួចណាស់បានស្គាល់ពីទីកន្លែងនេះ។ ទឹកធ្លាក់ឱម៉ាល់មានទីតាំងស្ថិតនៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត ដោយធ្វើដំណើរពីក្រុងកំពតទៅរមណីយដ្ឋានទឹកឈូ លុះហួសវត្តស្នំប្រាំពីរបន្តិច មានផ្លូវបត់ឆ្វេងទៅត្រង់ ហើយយើងត្រូវធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទប្រហែល ៧ គីឡូម៉ែត្រ និងត្រូវដើរថ្មើរជើងតាមជើងភ្នំប្រហែល ៤ គីឡូម៉ែត្រទៀតទើបទៅដល់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDc3bV_rqdN7g34a0qQPLK7DVshfXM00TlzCEiN9aYCUhc9b_dmgODy3ZXCiKbKRJTX-iMmLZOGHRfGG0KqKRy0rMdjdOfrvZUx_ZunKFhR5Lz4KWH73F9okpmjKlQZkslpSu4Vh3QGw5L_uyEdOI24BUGwkap-3lVOt0icYH9l39bNVlj4Efm7VVPvzY/s1280/photo_2024-07-15_10-27-51.jpg

នៅតាមផ្លូវយើងអាចទស្សនានូវព្រៃឈើដ៏ខៀវស្រងាត់នារដូវវស្សា ស្រូបយកខ្យល់អាកាសបរិសុទ្ធ អាចទស្សនាចំការដំណាំហូបផ្លែជាច្រើននៅតាមដងផ្លូវ ជាពិសេសចំការទុរេនដែលជាដំណាំហូបផ្លែតំណាងឱ្យខេត្តកំពត។ ពេលទៅដល់ទីនោះយើងនឹងឃើញទឹកធ្លាក់ដ៏ស្រស់ស្អាតបំផុតមួយកំពុងលាក់ខ្លួនក្នុងជ្រលងភ្នំនៃជួរភ្នំបូកគោ អមដោយទឹកត្រជាក់ដូចទឹកកក ព្រមទាំងមានដើមឈើជុំវិញដ៏ខៀវស្រងាត់ សំលេងសត្វបក្យាបក្សីយំឮអឺងកងពេញព្រៃ និងខ្យល់អាកាសធម្មជាតិ ត្រជាក់ជាប់ចិត្តដិតអារម្មណ៍។ អ្នកដែលបានទៅដល់ទីនោះហើយគឺច្បាស់ជាមិនចង់ត្រលប់មកផ្ទះវិញនោះទេ។

២.រមណីយដ្ឋានទំនប់ប្រទាក់ក្រឡា៖ ទីតាំងទំនប់ប្រទាក់ក្រឡាស្ថិតក្នុងទឹកដី ភូមិបុស្សញ៉ិញ ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត ដោយបែកចេញពីផ្លូវជាតិលេខ៣៣ ចុះតាមផ្លូវអភិវឌ្ឃន៍ត្រង់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ។ មុននឹងមកដល់មណ្ឌលកម្សាន្តទំនប់ប្រទាក់ក្រឡា ភ្ញៀវទាំងអស់ក៏អាចគយគន់រាល់សកម្មភាព ជីវភាពរស់នៅរបស់ប្រជាកសិករជាមួយស្រែស្រូវ ចម្ការដំណាំដែលមានពណ៌ខៀវស្រស់បំព្រង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJmRFmBZMCmkPc6-OSt3oCOXUXrMrajpaab7djR_5nk4qXUMlv3A8oS2q4zxFlpHzmjGaBRkSOcRURkvHYJhnb_RtG2emUds0ur2D9gs9bCNcC9inDesc4UD-NtrEwHwZawWJKFNJo8M704uGzfRUjTblwGHhDNzrnmrcLHo3pagKMujF9OtfA_8j-nQM/s1280/photo_2024-07-15_10-28-45.jpg

ដោយសារតែកន្លែងនោះស្ថិតក្នុងទីតាំងដែលហ៊ុមព័ទ្ធដោយជួរភ្នំ ទើបទំនប់ប្រទាក់ក្រឡាបានប្រែក្លាយជាទីកន្លែងដែលអំណោយផលដ៏ល្អសម្រាប់ផ្នែកមួយនៃវិស័យទេសចរណ៍។ នៅពេលទៅដល់រមណីយដ្ឋានភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំ, គយគន់ថ្ងៃលិច, ជិះទូក, បោះជំរុំ ឬបោះតង់, ស្ទូចត្រី, ស្វែងយល់ពីប្រវត្តិសាស្ត្រ, ដើរលេងថ្មើរជើង, ទស្សនាចំការទុរេន, គយគន់ថ្ងៃរះ, មានកញ្ជុះលើទឹកអាចហែលទឹក ឬលេងទឹកក៏បាន, ជិះទាទឹក, ជិះកង់អាកាស, ញុំអាហារជួបជុំគ្រួសារ ឬមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់, រួមទាំងមានកន្លែងពិកនិចជាច្រើនទៀត។

៣.ភ្នំកំពង់ត្រាច៖ គឺជារមណីយដ្ឋានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និងជាកន្លែងដែលគួរឱ្យចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរ។ ភ្នំនេះគឺមានល្អាងតូចធំជាច្រើន ក៏ដូចជាមានសិលាចរិក និងជាកន្លែងសក្ការៈគោរពបូជាវត្ថុផ្សេងៗទៅតាមជំនឿនៃទំនៀមទំលាប់របស់ប្រជាជនខ្មែរ។ ភ្នំកំពង់ត្រាចស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុងឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨ គីឡូម៉ែត្រប៉ែកខាងកើតនៃខេត្តកំពត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPsSiGGd-tNujGZnSYJ24mUAYm0RqJAZZ81yoNdpNOcKpLBHzMthz9xusxVwNNSA_Zn3b6mvV38k5gwRPoCqtwt1FF03vTuQ7J6qnYlLk7HBz1pMe5pH62pwA3nYDtRv_chuRam3tp8NkhvXkISLSiCDQn1o0iijqgRprOgRTbvI-couMgI6irbWv-I9Q/s1280/photo_2024-07-15_10-29-16.jpg

៤.រមណីយដ្ឋានដូងទេរ៖ រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត គឺជាគោលដៅទេសចរណ៍សម្រាប់ការសម្រាកលំហែរកាយនាចុងសប្ដាហ៍។ នៅទីនោះមានដូងទេរយ៉ាងស្រស់ស្អាតលយចូលទៅទឹកបឹងបង្អួតសម្រស់យ៉ាងស្រស់ត្រកាល។ ភ្ញៀវទេសចរអាចទស្សនាទេសភាពឆ្នេរមាត់ព្រែកដ៏ស្រស់ស្អាត សម្រាកលំហែកាយ ហែលទឹកកម្សាន្ត ទទួលទានអាហារឆ្ងាញ់ៗ មិនតែប៉ុណ្ណោះ ភ្ញៀវទេសចរអាចរកជិះក្ដាររំអិលកោងខ្ពស់ ជិះទូកកាយ៉ាក់ក៏មានដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAWUeIV0VeG2iXIwmJ1AL617WPcCCx8HI78orueELNB9XsBDRSh2Vk8rx5ZahC20XO1UXdMw_b2J7_DL_uC9NayrARarVIKvhAG2BLX_-2gUr6wRO7mMHiewhoY3SVsWrFZQ4lwDyoqiSDN6nYmtHpvO1iApBBY4qTNY4iuo0TQpTwM2AJwNhW8BaKOMY/s1000/photo_2024-07-15_10-29-54.jpg

៥. រមណីយដ្ឋានឋានសួគ៌ភ្នំបូកគោ៖ ភ្នំបូកគោល្បីឈ្មោះដោយសារតែអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ភ្នំបូកគោគឺជាទីកម្សាន្តធម្មជាតិដ៏សម្បូរបែបបំផុតមិនថាធម្មជាតិ អាកាសធាតុ ដំណើរកម្សាន្តរុករក ឬសម្រាកលម្ហែនោះទេ សុទ្ធសឹងតែអាចធ្វើឱ្យភ្ញៀវទេសចរមានអារម្មណ៍រីករាយស្រស់ថ្លា និងអនុស្សាវរីយ៍បំភ្លេចមិនបាន។ ភ្នំនេះស្ថិតនៅក្នុងខេត្តកំពត មានចម្ងាយ ៣២ គីឡូម៉ែត្រ គិតចាប់ពីផ្លូវជាតិលេខ ៣ ដល់កំពូលភ្នំបូកគោហើយមានកំពស់ ១,១០១ ម៉ែត្រ និងមានផ្ទៃដីសរុប ១៤ ០០០ហិចតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc9HSUWZ-VBkQDkXaPRvISHTkxbagpxAOGqm8knDr-VhaofYwx2Kr69YAWWuzDyygcYoT3F6ktNvcthvyvFA14sAncLNt4VQE_WAPUlOXDwe9D_zl0RjJKkdI0LVg6E-9vW_pGJia9pJyLD6N293Pc7MlMq9VIweS312BAycQBbY6zfl8HvvXWpWQdQAo/s1280/photo_2024-07-15_10-30-59.jpg

រមណីយដ្ឋានដែលមានកម្ពស់កប់ពពកមួយនេះ មានកន្លែងសម្រាប់កម្សាន្ត និងលំហែកាយជាច្រើន ដូចជាទឹកជ្រោះពពកវិល, ថ្មមុខយក្ស ឬអ្នកថែរក្សាព្រៃ, បឹងលើភ្នំ, វត្តសំពៅប្រាំ, ព្រះវិហារកាតូលិកចាស់, ឡឺបូកគោផាលេស ដែលជាសណ្ឋាគារចាស់, ដំណាក់ស្លាខ្មៅ, ដំណាក់ព្រះបាទមុនីវង្ស ឬដំណាក់ស្តេច, វាលស្រែ ៥០០ និងកន្លែងសមាធិជាដើម៕