ប្រទេសចិន ៖ កាលពីខែមិថុនា ឆ្នាំ២០២៤ ប្រព័ន្ធផ្សព្វផ្សាយបរទេសបានចុះផ្សាយពីការរកឃើញផ្នូរអធិរាជចិនកាលពី៥០ឆ្នាំមុន និងចាត់ទុកថា គឺជាការរកឃើញដ៏អស្ចារ្យបំផុតមួយលើពិភពលោក និងជាការរកឃើញដោយចៃដន្យ ។ នៅទីនេះ មានទាហាន និងស្រីស្នំធ្វើពីដីឥដ្ឋនៅហែរហម ព្រមទាំងមានទ្រព្យសម្បត្តិយ៉ាងច្រើនធ្វើពីមាសពណ៌លឿង ។.jpg)
កាលពីឆ្នាំ១៩៧៤ មានក្រុមកសិកររស់នៅជើងភ្នំលីសាន ស្ថិតក្នុងភូមិស៊ីយ៉ាង ស្រុកលីនតុង ខេត្តសានស៊ី បានជីកអណ្តូងទឹកដើម្បីយកទឹកមកស្រោចដំណាំ ។ ប៉ុន្តែពេលពួកគេជីកដីបានជម្រៅប្រមាណ៤ម៉ែត្រ ស្រាប់តែប្រទះឃើញកំទេចកំទីរបស់ទាហានដីឥដ្ឋ ព្រមទាំងដងធ្នូ និងព្រួញធ្នូ ធ្វើមកពីមាសពណ៌លឿង ។ បន្ទាប់មក រដ្ឋាភិបាលចិនបានមកត្រួតពិនិត្យបរិវេណនេះ រួចហើយក៏ចាប់ផ្តើមជីកដីជាទ្រង់ទ្រាយធំ ចាប់ពីឆ្នាំ១៩៧៦ រហូតមក ។
អ្នកបុរាណវិទ្យាសន្និដ្ឋានថា នេះជាផ្នូររបស់អធិរាជចិន ព្រះនាម ជីនស៊ី (Emperor Qin Shi Huang – First Emperor of China) ក្នុងសម័យរាជវង្សឈីន ដែលមានអាយុកាលជាង២.២០០ឆ្នាំ ។ ផ្នូររបស់អធិរាជចិន ត្រូវបានកសាងឡើងក្នុងអំឡុងឆ្នាំ២៤៦ ដល់ឆ្នាំ២០៨ មុនគ្រឹស្តសករាជ ហើយផ្នូរនេះលាតសន្ធឹងនៅក្រោមដីយ៉ាងធំទូលាយ និងចំណាយពេលសាងសង់រហូតដល់៣៨ឆ្នាំ ។
ចំណែកផ្នែកខាងក្នុងផ្នូរ គឺជាកន្លែងបញ្ចុះសាកសពរបស់អធិរាជចិន, ព្រមទាំងមានទ្រព្យសម្បត្តិផ្សេងៗ, មានទាហាន, ស្រីស្នំ និងរទេះសេះយ៉ាងច្រើនធ្វើពីដីឥដ្ឋនៅហែរហមសាកសពស្តេច ដើម្បីតាមបម្រើស្តេចពេលសោយទីវង្គតទៅកាន់លោកខាងមុខ ។
អ្វីដែលធ្វើឱ្យមនុស្សទូទាំងពិភពលោក ភ្ញាក់ផ្អើលខ្លាំងបំផុតនោះ គឺពួកទាហានដីឥដ្ឋជាង១ម៉ឺននាក់នេះ មានទំហំធំៗប៉ុនមនុស្ស ហើយចំណុចពិសេសមួយទៀត គឺទាហាននីមួយៗមានរូបរាង និងមុខមាត់ខុសៗគ្នាទាំងអស់ ។ ក្រៅពីនេះ ក៏មានវត្ថុបុរាណ, អាវុធ, រទេះសេះ និងសេះចម្បាំង រហូតដល់ជាង៧.៤០០គ្រឿង និងមានអាវុធធ្វើពីមាសពណ៌លឿងពាសពេញ ។.jpg)
គួរបញ្ជាក់ថា អធិរាជចិន ព្រះនាម ជីនស៊ី បានបញ្ជាឱ្យអ្នកក្រោមបង្គាប់កសាងផ្នូរនៅក្រោមដីនេះ កាលពីព្រះអង្គឡើងគ្រងរាជ ពេលមានព្រះជន្មត្រឹមតែ១៣វស្សា ។ ប៉ុន្តែពេលព្រះអង្គសោយទីវង្គត ការសាងសង់ផ្នូរនេះពុំទាន់រួចរាល់ទេ ហើយផ្នូរនេះបានសាងសង់រួចរាល់នៅសម័យបុត្រាព្រះអង្គឡើងគ្រងរាជ ។ រីឯពួកទាហានដីឥដ្ឋជាច្រើន រួមទាំងរទេះសេះ និងសេះចម្បាំង គឺដើម្បីទៅតាមបម្រើព្រះអង្គនៅលោកខាងមុខ ។
នេះអាចនិយាយបានថា វាពិតជាផ្នូរអធិរាជចិនយ៉ាងធំមហាសាល ដែលមានក្រុមទាហានដីឥដ្ឋតាមហែរហមបម្រើព្រះអង្គ និងសាកសមជាផ្នូររបស់អធិរាជចិនមានអំណាច ។ ម្យ៉ាងទៀត ការរកឃើញផ្នូរអធិរាជចិន គឺដូចជាការប្រកាសឱ្យពិភពលោក ដឹងថា អរិយធម៌ជនជាតិចិនពិតជាធំធេង និងអស្ចារ្យខ្លាំងប៉ុនណា ។
អង្គការយូណេស្កូបានចុះបញ្ជីផ្នូរអធិរាជចិន ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ១៩៨៧ និងជាតំបន់ទេសចរណ៍លំដាប់ទី១ របស់ទីក្រុងស៊ីអាន ផងដែរ ។ ក្រៅពីនេះ គេចាត់ទុកថា ជាកន្លែងអច្ឆរិយៈលំដាប់ទី៨ របស់ពិភពលោក ៕.jpg)










