ក្រុមហ៊ុន BYD និងក្រុមហ៊ុន Sun Wah Properties Cambodia ហាក់សម្តែងការពេញចិត្ត ក្នុងការបង្កើតរោងចក្រតម្លើងរថយន្តនៅកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយជាតិស្តី “ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០”។
បើតាមសម្តេចធិបតី បានមានប្រសាសន៍កាលពីពេលកន្លងទៅថា BYD នឹងក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីដំបូងគេដែលនឹងមានរោងចក្រផលិត និងតម្លើងនៅកម្ពុជា។ ដោយឡែកក្រុមហ៊ុន Sun Wah Properties Cambodiaវិញ ក៏កំពុងសិក្សាសាងសង់រោងចក្រការផ្គុំ និងដំឡើងរថយន្តអគ្គិសនីផងដែរ។
នៅក្នុងគោលនយោបាយជាតិស្តី “ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី ២០២៤-២០៣០” រដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៣០ សម្រេចបាននូវការចុះបញ្ជី រថយន្តអគ្គិសនីសុទ្ធសរុបមានចំនួន ៣០ ០០០គ្រឿង ដោយក្នុងនោះរថយន្តទេសចរណ៍អគ្គិសនីសុទ្ធ (private cars) មានចំនួន២៥ ០០០គ្រឿង និងរថយន្តអគ្គិសនីសុទ្ធបម្រើក្នុងសកម្មភាពអាជីវកម្ម(commercial cars) មានចំនួន៥ ០០០គ្រឿង ទោចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន៧២០ ០០០គ្រឿង និងត្រីចក្រយានយន្តអគ្គិសនីសុទ្ធសរុប មានចំនួន២០ ០០០គ្រឿង៕










