ស្រុកវាលវែង ជាតំបន់ទេសចរណ៍ធម្មជាតិដ៏ល្បីបំផុតមួយនៅប្រទេសកម្ពុជា ដែលមានទេសភាពស្រស់ស្អាតគ្មានពីរ អមជាមួយព្រៃភ្នំ។
នៅទីនោះ មានរុក្ខជាតិជាច្រើនដុះចម្រុះគ្នា ដោយក្នុងនោះមានរុក្ខជាតិមួយដែលគេអាចយកមកធ្វើជាមុខម្ហូប និងជាឱសថបានថែមទៀតផងដែរ។
រុក្ខជាតិនោះ មានឈ្មោះថា ក្រវាញ ដែលត្រូវបានគេទទួលស្គាល់ថាជាម្ហូប និងជាអត្តសញ្ញាណសម្រាប់អ្នកស្រុកវាលវែងតែម្តង។
ភ្ញៀវទេសចរ ដែលបានទៅកម្សាន្តនៅស្រុកវាលវែង និងអូរសោម តែងតែនិយមហៅម្ហូប ឆាក្រវាញជាមួយសាច់គោ ដែលជាម្ហូបប្រចាំតំបន់អេកូទេសចរណ៍មួយនេះ។
ក្រវាញ ជារុក្ខជាតិដុះដោយខ្លួនឯងក្នុងព្រៃធម្មជាតិរងក្រោមម្លប់ឈើធំៗ នៅតំបន់មិនសូវក្តៅ ហើយមានដីនិងអាកាសសើម ពិសេសនៅតំបន់ជួរភ្នំក្រវាញខេត្តពោធិ៍សាត់។ច្រើនដុះនៅខេត្តពោធិ៍សាត់ និងមួយភាគទៀតនៅខេត្តបាត់ដំបង។










