ថ្មីៗនេះ មហាជនជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្នាដៃចាក់មួកស្លឹកខ្មែរមួយប្រភេទ ដែលត្រូវបានគេស្គាល់ថាជា«មួកដង្ខៅ» របស់លោកតាម្នាក់ ដែលរស់នៅក្នុងខេត្តបាត់ដំបង។ 
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមដោយគណនីមួយដែលមានឈ្មោះថា Ratha Chhun គឺបានបង្ហាញរូបភាពប៉ុន្មានសន្លឹកអមជាមួយនឹងខ្លឹមសារថា« អាចជួយទិញមួកគាត់បាន មួកមួយតម្លៃ ៤០.០០០ រៀល ច្រកចូលតាមផ្សារបឹងរាំង ខេត្តបាត់ដំបង មួកខ្មែរផលិតដោយដៃតាចន ពិការជើង»។
មួកខ្មែរមួយប្រភេទនេះ ដែលត្រូវបានគេស្គាល់ថាជា «មួកដង្ខៅ» កាលពីសម័យអាណានិគមបារាំង ចន្លោះឆ្នាំ១៨៦៣ដល់១៩៥៣។ ដង្ខៅ គឺជាបុរសអ្នកជំនួញមួយរូប ដែលលេចវត្តមាននៅកម្ពុជាយើងកាលពីសម័យកាលនោះ ខណៈគាត់គឺមិនត្រឹមតែជាអ្នកដែលមានឋានៈ ទ្រព្យសម្បត្តិស្កុកស្តម្ភប៉ុណ្ណោះទេ ប៉ុន្តែគាត់ក៏ជាអ្នកដែលលេងស្តាយ៍សម្លៀកបំពាក់ខ្លាំងណាស់។ ជារឿយៗ គាត់តែងតែស្លៀកសំពត់ក្បិនខ្មែរ អាវសរ ទ្រនាប់និងស្បែកជើងកាត់តាមលោកខាងលិច និងពាក់មួកមួយប្រភេទដែលមានសណ្ឋានដូចនោះ ទើបត្រូវបានគេស្គាល់ថាជា«មួកដង្ខៅៗ» រហូតមក។
យ៉ាងណាមិញ គំនិតច្នៃប្រឌិតក្រោមស្នាដៃរបស់លោកតា ដែលរស់នៅក្នុងខេត្តបាត់ដំបងរូបនេះ ពិតជាអស្ចារ្យនិងអត់សរសើរពុំបានមែន ព្រោះថាគាត់បានកែច្នៃស្លឹកត្នោត មកចាក់បានជាទម្រង់មួកខ្មែរបុរាណបានយ៉ាងប្រណិតបែបនេះ ស្ទើរតែកម្រមានអ្នកធ្វើបានណាស់។ ជាមួយគ្នានោះ សាធារណៈជនខ្មែរជាច្រើនបានចូលទៅបញ្ចេញមិតិកោតសរសើរ លើកទឹកចិត្ត និងគាំទ្រស្នាដៃលោកតាព្រោងព្រាតផងដែរ៕











