មន្ទីរពេទ្យកុមារអង្គរ គឺជាអង្គភាពមិនស្វែងរកប្រាក់ចំណេញ (អង្គការក្រៅរដ្ឋាភិបាល) ដែលបានបង្កើតឡើងដោយជាងថតរូបជនជាតិជប៉ុន លោក ខិនរ៉ូ អ៊ីស៊ុ តាំងពីឆ្នាំ ១៩៩៩ ក្នុងគោលបំណងធ្វើឲ្យកុមារកម្ពុជាទទួលបាននូវសុខុមាលភាពដ៏ល្អប្រសើរ មិនថាពួកគេមកពីស្ថានភាពគ្រួសារបែបណាក៏ដោយ ដែលមានផ្តល់សេវាពិនិត្យព្យាបាល និងថែទាំសុខភាពដល់កុមារ កម្ពុជាប្រកបដោយគុណភាព និងក្តីមេត្តាករុណា ព្រមទាំងចូលរួមពង្រឹងប្រព័ន្ធសុខាភិបាលតាមរយៈការបណ្តុះបណ្តាលវេជ្ជបណ្ឌិត គិលានុប្បដ្ឋាក និងបុគ្គលិកសុខាភិបាល រួមទាំងផ្តល់នូវការអប់រំសុខភាព ជាមួយនឹងវិធានការការពារជំងឺដង្កាត់ផ្សេងៗដល់ប្រជាពលរដ្ឋនៅតាមសហគមន៍ ក្នុងខេត្តសៀមរាប។
ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា ៤០០នាក់ មកទទួលសេវាពិនិត្យព្យាបាលនៅ មន្ទីពេទ្យកុមារអង្គរ ដែលសរុបមកដល់ពេលបច្ចុប្បន្ននេះ គឺបានទទួលកុមារកម្ពុជាប្រមាណជាង ២,៥លានករណី ហើយ។ មន្ទីរពេទ្យកុមារអង្គរ អាចដំណើរការទៅបានគឺពឹងផ្អែកទាំងស្រុងទៅលើជំនួយមូលនិធិសប្បុរសធម៌ ដោយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យកុមារអង្គរ ត្រូវការថវិកាចំនួន ៦លានដុល្លារអាមេរិក ដើម្បីទ្រទ្រង់ដល់ប្រតិបត្តិការរបស់ខ្លួន ដោយថវិកាទាំងអស់នេះគឺត្រូវតែធ្វើឡើងតាមរយៈកម្មវិធី ឬព្រឹត្តិការណ៍កៀរគរមូលនិធិ រួមទាំងសំណើរសុំមូលនិធិទាំងនៅក្នុង និងក្រៅប្រទេស។
មួយក្នុងចំណោមកម្មវិធីរៃអង្គាសគឺ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ គឺធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែសីហា ដែលរៀបចំឡើងដោយ គណៈកម្មការជិះកង់ដើម្បីកម្ពុជា និងមន្ទីរពេទ្យកុមារអង្គរ ព្រឹត្តិការណ៍នេះរៀបចំទៅបានក៏ដោយសារមានការចូលរួមពីក្រុមហ៊ុនអាជីវកម្មនានាឧបត្ថម្ភគាំទ្រ។
ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ឆ្នាំនេះ គឺជាទី១០ រៀបចំឡើងនៅ ថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤ ចាប់ផ្តើមជិះចេញដំណើរ ពីសួនហាត់ប្រាណមាត់ស្ទឹងសៀមរាបនៅម៉ោង ៥:៣០ព្រឹក ទៅបញ្ចប់នៅក្នុងបរិវេណសួនបៃតង(អតីតភូមិវប្បធម៌កម្ពុជា)ដោយមានបញ្ចូលនូវកម្មវិធីកំសាន្តសប្បាយៗជាច្រើនរួមទាំងកម្មវិធីលើកកំពស់ការថែរក្សា បរិស្ថានដើម្បីសុខភាពផងដែរ។ព្រឹត្តិការណ៍នេះគ្រោងអោយមានអ្នកចូលរួមចំនួន ១ ០០០នាក់ដែលអ្នកចូលរួមត្រូវបង់ថវិកាជាវិភាគទានចំនួន ២០ដុល្លារ ក្នុងមួយនាក់។
លោក ហ៊ុន សុជាតិ ប្រធានគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា បានលើកឡើងថា “ឆ្នាំនេះ គឺជាខួបគម្រប់ដប់ឆ្នាំ នៃការរៀបចំ ព្រឹត្តិការណ៍ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ ដើម្បីទ្រទ្រងដល់មន្ទីរពេទ្យកុមារអង្គរ។ ព្រឹត្តិការណ៍នេះអាចដំណើរការទៅបានរហូតដល់ពេលនេះ គឺដោយសារលោកអ្នកទាំងអស់។ លោកអ្នកគឺជាចំណែកមួយ ជួយដល់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរ និងជួយសង្គ្រោះដល់អាយុជីវិតកុមារនៅក្នុងមន្ទីរពេទ្យ។”
សូមមេត្តាចូលរួម និងឧបត្ថម្ភគាំទ្រនៅក្នុងព្រឹត្តិការណ៍ ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារឆ្នាំទី១០ នេះឱ្យបានច្រើនកុះករ ដើម្បីបង្ហាញពីសេចក្តីសប្បុរសចូលរួមជាចំណែកសង្គ្រោះជីវិតកុមារកម្ពុជានិងកម្សាន្តសប្បាយទាំងអស់គ្នា។
ក្រុមហ៊ុនឧបត្ថម្ភគាំទ្រទាំងអស់នឹងទទួលបាននូវឱកាស ផ្សព្វផ្សាយឡូហ្គូរបស់ខ្លួននៅលើសម្ភារៈផ្សព្វផ្សាយនៃព្រឹត្តិការណ៍ដូចជាអាវយឺតផ្ទាំងផ្សព្វផ្សាយនិងនៅលើបណ្តាញសង្គមផងដែរ។
ទំនាក់ទំនង៖
ក្រុមការងារផ្នែករៀបចំពឹ្រត្តិការណ៍របស់មន្ទីរពេទ្យកុមារអង្គរ ឬគណៈកម្មាធិការជិះកង់ សម្រាប់ព័ត៌មានបន្ថែម និងការចុះឈ្មោះចូលរួម
• គេហទំព័រ ហ្វេសប៊ុក ជិះកង់ដើម្បីកម្ពុជា https://www.facebook.com/cyclingforcambodia ឬ
• លេខទូរស័ព្ទ ០១៧ ៩១២ ៦១៨ / ០៩៨ ៧២៥ ៧៤៥
មន្ទីរពេទ្យកុមារអង្គរ
• លេខទូរស័ព្ទ៖ ០៦៣ ៩៦៣ ៤០៩
• អ៊ីម៉ែល៖ ahc@angkorhospital.org











