ប្រទេសវៀតណាម ៖ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ការិយាល័យគយវៀតណាមប្រកាសថា នៅឆមាសទី១ ឆ្នាំ២០២៤ ប្រទេសវៀតណាមបាននាំចេញបន្លែ និងផ្លែឈើទៅប្រទេសចិន, ថៃ និងកូរ៉េខាងត្បូង កើនឡើងរហូតដល់២៨% ស្មើទឹកប្រាក់៣ពាន់៤រយលានដុល្លារអាមេរិក ក្នុងនោះមានដូចជា ៖ ផ្លែទុរេន, ស្រកានាគ, ចេក និងមៀន ។
យោងតាមទិន្នន័យខាងលើ ប្រទេសវៀតណាមរំពឹងថា ការនាំចេញបន្លែ និងផ្លែឈើសរុបនៅឆ្នាំ២០២៤ នឹងស្មើទឹកប្រាក់៧ពាន់៥រយលានដុល្លារអាមេរិក ។ មន្ត្រីគយវៀតណាមនិយាយថា បើទោះជាការនាំចេញបន្លែ និងផ្លែឈើទៅកាន់ទីផ្សារសំខាន់ៗកើនឡើងចាប់ពី១០% ទៅ៥០% ក្តី ប៉ុន្តែការនាំចេញទៅប្រទេសហូឡង់ នឹងធ្លាក់ចុះ ។
ប្រទេសធំៗដែលបានទិញបន្លែ និងផ្លែឈើវៀតណាមច្រើនជាងគេ រួមមាន ៖ ចិន, ថៃ និងកូរ៉េខាងត្បូង ។ ប្រទេសទាំងនេះបាននាំចូលទិន្នផលកសិកម្មវៀតណាមយ៉ាងច្រើន ចាប់ពី៣០% ទៅ៦០% នៅខែមករា ឆ្នាំ២០២៤ ហើយប្រទេសថៃ និងកូរ៉េខាងត្បូង បាននាំចូលទិន្នផលកសិកម្មវៀតណាម ស្មើទឹកប្រាក់៧៤លាន៥សែនដុល្លារអាមេរិក និង១៣៦លានដុល្លារអាមេរិក តាមលំដាប់ ។
ចំណែកប្រទេសចិនបាននាំចូលទិន្នផលកសិកម្មវៀតណាម កើនឡើង៣៣% នៅខែមករា ឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ឬកើនឡើងចំនួន១ពាន់៧រយលានដុល្លារអាមេរិក ។
លោក Dang Phuc Nguyen លេខាធិការសមាគមបន្លែ និងផ្លែឈើវៀតណាមបាននិយាយសង្កត់ធ្ងន់លើគុណសម្បត្តិយុទ្ធសាស្ត្ររបស់វៀតណាម គឺដោយសារវៀតណាមមានទីតាំងភូមិសាស្ត្រអំណោយផល និងមានទំនាក់ទំនងផ្នែកម្ហូបអាហារជាមួយចិន ទើបធ្វើឱ្យការនាំចេញទិន្នផលកសិកម្មវៀតណាមកើនឡើងជាបន្តបន្ទាប់ ។ លោករំពឹងថា នៅឆ្នាំ២០២៤ ទាំងមូល ការនាំចេញបន្លែ និងផ្លែឈើវៀតណាម នឹងកើនឡើងស្មើទឹកប្រាក់៧ពាន់៥រយលានដុល្លារអាមេរិក កើនឡើង៣៥% បើធៀបនឹងឆ្នាំ២០២៣ ។
ចំណែកការនាំចេញបន្លែ និងផ្លែឈើវៀតណាមនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់៥.៦៩០លានដុល្លារអាមេរិក និងខ្ពស់ជាងឆ្នាំ២០២២ ប្រមាណ៧០% ។ រីឯចិន គឺជាទីផ្សារធំបំផុតដែលបានទិញទិន្នផលកសិកម្មវៀតណាមនៅឆ្នាំ២០២៣ ស្មើទឹកប្រាក់ជាង៣ពាន់៧រយលានដុល្លារអាមេរិក កើនឡើង១៤៩% បើធៀបនឹងឆ្នាំ២០២២ ៕










