ក្នុងពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០នៃសមាគមកាយឫទ្ធិនារីកម្ពុជា ចំនួនជាង៣០០០នាក់កាលពីកន្លងមកនេះក្នុងនោះក៏មានតារាចម្រៀងដ៏ល្បីឈ្មោះ ពេជ្រ សូលីកា ជាសមាជិកថ្មីផងដែរ។ ជាមួយគ្នានេះតារាចម្រៀង ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងនិងបានបេ្តជ្ញាចិត្តចូលរួមបម្រើសង្គមជាតិ។
នៅថ្ងៃទី២១ មិថុនា ពេជ្រ សូលីកា ម្ចាស់បទ «ផ្កាឈូកកំសត់» បានបង្ហោះរូបប៉ុន្មានសន្លឹកក្នុងឯកសណ្ឋានកាយឫទ្ធិនារីកម្ពុជា។ ភ្ជាប់មកជាមួយនេះ ពេជ្រ សូលីកា បានបញ្ចេញអារម្មណ៍ក្នុងនាមជាសមាជិកថ្មីថា «នាងខ្ញុំពិតជាមានសេចក្ដីរីករាយជាខ្លាំង ដែលបានក្លាយខ្លួនជាសមាជិកថ្មី នៃសមាគមកាយឫទិ្ធនារីកម្ពុជា ក្រោមការដឹកនាំរបស់ស្រ្តីទីមួយគឺ លោក ជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលឱ្យនាងខ្ញុំមានឱកាសចូលខ្លួនបម្រើសង្គមជាតិបានខ្លះ»។
គួរបញ្ជាក់ថា ពិធីសច្ចាបញ្ចូលសមាជិកា-សមាជិកថ្មីលើកទី៣០ នៃសមាគមកាយឫទ្ធិនារីកម្ពុជា បានប្រារព្ធនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ មានចំនួន៣៤២៧នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវទី១នៃកម្ពុជា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងភរិយាថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ការចូលជាសមាជិកនៃសមាគមកាយឫទ្ធិនារីកម្ពុជា គឺជាការចូលរួមផ្តុំកម្លាំងស្ម័គ្រចិត្ត ផ្ដល់នូវចំណេះដឹង បទពិសោធជីវិត ការងារ និងលទ្ធភាពធ្វើការរួមគ្នាដើម្បីជាប្រយោជន៍សម្រាប់សង្គម។
ការចូលរួមរបស់តារាចម្រៀង ពេជ្រ សូលីកា នេះដែរឆ្លុះបញ្ចាំងឱ្យអ្នកគាំទ្រឃើញថាទោះបីជាបច្ចុប្បន្នរូបនាងមមាញឹកជាមួយការងារសិល្បៈ ត្រូវមើលថែគ្រួសារក្តីប៉ុន្តែ ពេជ្រ សូលីកា មានបំណងចង់ចូលរួមបម្រើប្រទេសជាតិដូចគ្នា។
ដ្បិតបច្ចុប្បន្ន ពេជ្រ សូលីកា លែងមានផលិតកម្មជាខ្នងបង្អែកលែងលេចមុខនៅលើផលិតកម្មរស្មីហង្សមាសក្តី ប៉ុន្តែឃើញថាតារាចម្រៀងរូបនេះមានការងារសិល្បៈជាហូរហែ រួមជាមួយការផ្សព្វផ្សាយផលិតផលផ្សេងៗ។ ចុងក្រោយនេះ ពេជ្រ សូលីកា មានបទចម្រៀងផ្ទុះលើទីផ្សារមានចំណងជើងថា «ផ្កាឈូកកំសត់»បកស្រាយជាមួយប្អូនស្រីមានការស្តាប់ជាង២លានដងនៅលើឆាណែលយូធូបរបស់នាងផ្ទាល់ត្រឹមរយៈពេលជាង២ខែ៕










