បរទេស៖ ថ្មីៗនេះយោងតាម CNBC បានឱ្យដឹងថា ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់បច្ចុប្បន្នបានកំពុងអភិវឌ្ឍគំរូរថយន្តអគ្គិសនីថ្មីដំបូងគេនៃខ្សែ M Performance ជាមួយនឹងថាមពលដ៏អស្ចារ្យបំផុតមិនធ្លាប់មាន ដែលរំពឹងថានឹងចេញលក់នៅឆ្នាំ ២០២៦ ឬ ២០២៧។
យោងតាមសារព័ត៌មាននេះ ក្រុមហ៊ុន BMW កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍរថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់ដំបូងគេនៅក្នុងត្រកូល M Performance ។ រថយន្តអគ្គិសនីនេះនឹងត្រូវបានបំពាក់ដោយប្រព័ន្ធម៉ូទ័រអគ្គិសនីពីរ (quad-motor) ជាមួយនឹងម៉ូទ័រមួយដែលមានទីតាំងនៅកង់នីមួយៗ។
សមត្ថភាពសរុបនៃប្រព័ន្ធម៉ាស៊ីននេះគឺមានរហូតដល់ ១,០០០ kW ដែលស្មើនឹង ១,៣៤១ សេះ។ រថយន្តនេះប្រើវេទិកាតួរថយន្តចុងក្រោយបំផុតរបស់ BMW គឺ Neue Klasse។ នាយកប្រតិបត្តិក្រុមហ៊ុន BMW M Division លោក Frank van Meel បានបញ្ជាក់ដោយទំនុកចិត្តថា ម៉ូដែលរថយន្តអគ្គិសនីថ្មីរបស់ខ្លួននឹងវ៉ាដាច់គូប្រជែងទាំងអស់នៅក្នុងផ្នែករថយន្តអគ្គិសនីដែលមានសមត្ថភាពខ្ពស់។
BMW បង្កើតម៉ូទ័រអេឡិចត្រិចដោយខ្លួនឯង ហើយជឿជាក់ថានេះនឹងក្លាយជាស្តង់ដារថ្មីសម្រាប់ឧស្សាហកម្មរថយន្តអគ្គិសនី។ ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មានបំណងធ្វើឱ្យរថយន្តអគ្គិសនីនេះក្លាយជារថយន្តដែលមានល្បឿនលឿនបំផុតក្នុងលោកដែលមានសមត្ថភាពបង្កើនល្បឿនពី ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោងក្នុងរយៈពេលតិចជាង ៣ វិនាទីប៉ុណ្ណោះ។
លោក van Meel ក៏បានបង្ហើបដែរថា រថយន្តអគ្គិសនីនេះនឹងប្រើប្រភេទថ្មខុសពីម៉ូដែលផ្សេងទៀតដោយប្រើវេទិកា Neue Klasse។ ប្រព័ន្ធថ្មនេះត្រូវបានបំពាក់ដោយប្រព័ន្ធត្រជាក់ដ៏ល្អប្រសើរជាងមុន និងគាំទ្រការសាកថ្ម DC លឿនបំផុត។ លើសពីនេះ BMW ក៏កំពុងពិចារណាក្នុងការអភិវឌ្ឍកំណែម៉ូទ័រអេឡិចត្រិចពីរជាមួយនឹងដ្រាយកង់ខាងក្រោយ ដោយកំណែនេះនឹងប្រើផ្នែករឹង និងកម្មវិធីស្រដៀងគ្នា ប៉ុន្តែមានថាមពលតិចជាងកំណែ quad-motor៕










